សម្តេច ស ខេង​ ៖ ​ជា​មធ្យម​ក្នុង​១​ថ្ងៃ​មនុស្ស​៦​នាក់​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​បាន​ថ្លែងថា មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើនឡើង​ច្រើនជាង អ្នកស្លាប់​ដោយ​សង្គ្រាម និង​ដោយ​ជម្ងឺអេដស៍ នៅ​កម្ពុជា​បច្ចុប្បន្ន​។​
​ការលើកឡើង​យ៉ាង​ដូច្នេះ របស់​សម្តេច​ក្រឡាហោម ក្នុង​ពិធី​ប្រារព្វ​ទិវា​អន្តរជាតិ​រំលឹក ដល់​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍​ផ្លូវគោក​លើក​ទី​១១ និង​ដោយមាន​ការចូលរួម ពី​លោក ច័ន្ទ សុផល អភិបាលខេត្ត លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រតិភូ​អមដំណើរ អគ្គលេខាធិការដ្ឋាន​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ប្រជាពលរដ្ឋ និង​សិស្ស​ប្រមាណ ១,២០០​នាក់ នៅ​ក្នង​បរិវេណ​អ នុ​វិទ្យាល័យ​មោង​ឬ​ស្សី​។
​សម្តេច​ក្រឡាហោម ស ខេង ថ្លែងថា មនុស្ស​ស្លាប់​រាល់ថ្ងៃ បើ​គិត​ជា​មធ្យម​១​ថ្ងៃ​៦​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង ហើយ​មាន​ចំនួន​ច្រើនជាង អ្នកស្លាប់​ដោយ​សង្គ្រាម និង​ដោយ​ជម្ងឺអេដស៍ ទៅទៀត ពីព្រោះ​ការស្លាប់​មនុស្ស​ដោយសារ​សង្គ្រាម និង​ស្លាប់​ដោយ​ជម្ងឺអេដស៍ គឺ​មិនមែន​ស្លាប់​រាល់ថ្ងៃ​នោះទេ​។ ម្យ៉ាងវិញទៀត អ្នក​ផ្ទុកមេរោគ និង​កើត​ជំងឺអេដស៍ គឺមាន​ថ្នាំ​ពន្យារ​បាន ឯការ​ធ្វើសង្គ្រាម​វិញ​នោះ​ក៏មាន​ថ្ងៃ​សម្រាក ផ្អាក​ការបាញ់​គ្នា និង​មិនបាន​ស្លាប់​រាល់ថ្ងៃ​នោះទេ ដោយឡែក​ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺមាន​រាល់ថ្ងៃ និង​មានការ​កើនឡើង​រហូត​។​
​សម្តេច​ក្រឡាហោម បាន​លើកឡើងថា កត្តា​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​រាល់ថ្ងៃ គឺ​ទី​១- កត្តា​មនុស្ស​បើកបរ​រថយន្ត​មិន​ពាក់​ខ្សែក្រវាត់ បើ​កជែងគ្នា​ក្នុង​ល្បឿន​លឿន និង​អ្នកបើកបរ​ម៉ូតូ​មិន​ព្រម​ពាក់មួក​សុ​វត្តិភាព​ជាប្រចាំ មិន​គោរព​ច្បាប់​ចរាចរណ៍​, ទី​២-​កត្តា​ផ្លូវត្រង់​បើក​ស្រួល​ល្បឿន​ហួសកំណត់ ផ្លូវបត់​កែង​ក៏​បើក​លឿន ខ្វះ​ការប្រុងប្រយ័ត្ន មិន​មានការ​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​ទេ​, ទី​៣-​កត្តា​យានយន្ត រថយន្ត​ខ្លះ​ចាស់ កែឆ្នៃ​ខុស​បច្ចេកទេស ដឹក​លើស​ចំណុះ ហើ​ក​បើក​លឿន​ជែង​គ្នា គ្មាន​ការប្រុងប្រយ័ត្ន និង​ឋិត​ក្រោម​ជាតិ​ស្រវឹង​ថែមទៀត​ផង​។​
​សម្តេច ស ខេង បាន​បន្តថា ចាប់ពីពេលនេះ ទៅ​មន្ត្រីនគរបាល​ចរាចរ​ណ៍ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ឲ្យ​ខាងតែបាន ដើម្បី​កាត់បន្ថយ​អាត្រា មនុស្ស​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​នៅ​កម្រិត​ទាប​បំផុត​។ ចំណែក​អ្នកធំ ឬ កូនចៅ​អ្នកមានអំណាច​ប៉ុណ្ណា​ក៏ដោយ ក៏ត្រូវ​គោរព​ច្បាប់ ក្រោម​សមត្ថកិច្ច​នគរ​បាលច​រាច​រណ៍ នៅតាម​ដងផ្លូវ គឺត្រូវធ្វើ​ឲ្យ​ស្មើភាព​គ្នា​ដូចជា ប្រជាពលរដ្ឋ​ទូទៅ​អញ្ចឹង​ដែរ​។ បើ​ប្រៀបធៀប​ម្យ៉ាងទៀត ទៅនឹង​អ្នកប្រើប្រាស់ គ្រឿងញៀន ថ្វី​ត្បិត​ជា​អំពើ​ខុស​ក៏ពិតមែន តែ​វា​មិន​បណ្តាល​ឲ្យ​អ្នកញៀន​ថ្នាំ​ទាំងនោះ ស្លាប់​រាល់ថ្ងៃ​នោះទេ ការស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ អាច​កាត់បន្ថយ​បាន​ទាល់​តែង​យើងទាំងអស់​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​១០០% ។​
​ក្នុងឱកាស​នោះ សម្តេច​បានផ្តល់​មួក​សុ​វត្តិភាព ជូន​អ្នកចូលរួម​ទាំង ១,២០០​នាក់ ទទួលបាន​មួក​ម្នាក់​១ និង​ថវិកា​៥​ពាន់​រៀល និង​មាន​ពិធី​រាប់​បាត​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ទៅ​ឲ្យ​បាន​ស្លាប់​ទៅហើយនោះ​និង​សុំ​បួងសួង​កុំ​មាន​ស្លាប់​មនុស្ស​បន្តទៀត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ទឹកដី​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​៕

15209174_1798078060430756_554446984_n 15218406_1798078050430757_2110014635_n 15240133_1798078043764091_939648096_n 15240252_1798078070430755_124060945_n 15301155_1798078033764092_1106187837_n 15301272_1798078057097423_1480816634_n