អ្នកឯកទេស​ជប៉ុន​និយាយ​ពី​ចំណី អាហារ​និង​គ្រោះថ្នាក់​នៃ​ជំងឺលើស ឈាម​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2015 ក+ ក-

ភ្នំពេញ៖ គ្រូពេទ្យ​មកពី​ប្រទេស​ជប៉ុន អះអាង​នៅក្នុង​សិក្ខាសាលា​សុខភាព ថា​ជំងឺលើសឈាម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺជា​ឃាតក​បិទមុខ​ស្ងៀមស្ងាត់​បំផុត​។ ប្រសិនបើ​ការ​លើសឈាម​បន្ត​យូរ​នាំ​ឲ្យ​ខូច​សរសៃឈាម​។ លោក​ណែនាំ​ឲ្យ​ពិនិត្យ​សម្ពាធ​ឈាម​រៀងរាល់ថ្ងៃ ហើយ​កត់ត្រា​សម្ពាធ​ឈាម​ទុក ប្រើ​ឱសថ​ការពារ​រាល់ថ្ងៃ ទទួលទាន​បន្លែ ៥​មុខ​ក្នុង ១​ថ្ងៃ និង​ផ្លែឈើ ៥​មុខ​បន្ថែមទៀត​។​

វេជ្ជបណ្ឌិត​ច្រើន​នាក់​មកពី​មន្ទីរពេទ្យ​សាន់​រ៉ា​យ ជប៉ុន បង្ហាញ​ទៅ​អ្នកចូលរួម​ស្តាប់​នៅ​ថ្ងៃ​២៤ ខែមករា ក្នុង​សិក្ខាសាលា​សុខភាព ថា​អ្នកជំងឺ​លើសឈាម​ត្រូវអោយ​អ្នកជំនាញ​ធ្វើការ​ស្រាវជ្រាវ​រកមើល​ការ ខូចខាត​នៃ​ប្រព័ន្ធ​សរីរាង្គ​។​

លោក​វេជ្ជបណ្ឌិត យូ​ស៊ី​ហ្វ៊ូមី ហា​យ៉ា​ស៊ី (Yoshifumi Hayashi) ឯកទេស​ខាង​ជំងឺលើសឈាម​ថ្លែង​ក្នុង​សិក្ខាសាលា «​ចូរ​កម្ចាត់​ជំងឺលើសឈាម​ពីថ្ងៃ​នេះ​» ថា ជំងឺ​លើស​សម្ពាធ​ឈាម គឺជា​ឃាតក​បិទមុខ​ស្ងៀមស្ងាត់​បំផុត​។ លោក​ថា មនុស្ស​គ្រប់រូប​មុន​ឈានទៅរក​ការ​លើសឈាម ត្រូវ​ដឹង​ពី​កម្រិត​សម្ពាធ​ឈាម​របស់ខ្លួន​ដោយ​ត្រូវ​ធ្វើតេស្ត​ឈាម ទឹកនោម ការ​វាស់​ចរន្ត​បេះដូង និង​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ស្ថានភាព​នៃ​សរសៃឈាម​។​

លោក​ថា សម្ពាធ​ឈាម​ធម្មតា​មាន ១២០ លើ ៨០​។ ប៉ុន្តែ​អ្នក​ត្រៀម​នឹង​លើសឈាម​គឺ​សម្ពាធ​ឈាម​ឡើង​ចន្លោះ​ពី ១២១ ទៅ ១៣៩ លើ ៨១ ទៅ ៨៩​។ ប្រសិនបើ​អ្នក​លើសឈាម​មិន​លេបថ្នាំ​ការពារ​រាល់ថ្ងៃ អាច​ប៉ោង​សរសៃឈាម ក្លាយទៅជា​លើសឈាម គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​លើសពី ១៤០ លើ ៩០ ឡើងទៅ​៖ «​ឧទាហរណ៍​ថា បើ​វា​ប៉ះពាល់​ដល់​សរសៃឈាម​នៅក្នុង​ខួរក្បាល​ដែល​យើង​ហៅថា ជំងឺស្ត្រូក (stroke) ឬ​ហៅថា ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល យើង​តែងតែ​ច្រឡំ​ជាមួយនឹង​ខ្យល់គរ មនុស្ស​ហ្នឹង​ដួល ដល់ពេល​ដឹងខ្លួន​ឡើងវិញ ឬ​ជួនកាល​ស្លាប់​។ ជួនកាល​ដឹងខ្លួន​ឡើងវិញ តែ​កម្រើក​ដៃជើង​បញ្ជា​អត់​រួច នេះ​វា​ជា​សញ្ញា​ផល​លំបាក​នៃ​របស់​ការឡើង​ឈាម​បន្ត​យូរ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃឈាម​ក្នុង​ខួរក្បាល វា​ងាយ​ហូរឈាម វា​អាច​ខ្វះ​ឈាម​ក្នុង​ហ្នឹង​។ បើ​វា​ប៉ះពាល់​ដល់​ភ្នែក​វា​ធ្វើ​ឲ្យ​ខ្វាក់ភ្នែក បើ​ប៉ះពាល់​ដល់​ពោះ វា​អាច​ប៉ោង​សរសៃឈាម​នៅក្នុង​ពោះ​យើង ដែលមាន​សរសៃឈាម​ច្រើន ហើយ​វា​ប៉ោង​។ បើ​កន្លែង​ប៉ោង​ហ្នឹង​វា​ស្ដើង គឺ​វា​ធ្លាយ​ហូរឈាម​ទៅក្នុង​ពោះ​យើង ហើយ​បើ​ប៉ះ​ទៅ​តម្រងនោម វា​ខូច​តម្រងនោម បើ​តម្រងនោម​អត់​ច្រោះ​ជាតិពុល​ទៀត វា​ធ្វើ​ឲ្យ​មាន​បញ្ហា​សព្វបែបសព្វយ៉ាង​»​។​

លោក យូ​ស៊ី​ហ្វ៊ូមី ហា​យ៉ា​ស៊ី ណែនាំ​ឲ្យ​អ្នកជំងឺ​លើសឈាម ត្រូវ​តម​អាហារ​ប្រៃ តមខ្លាញ់ តម​បារី បន្ថយ​គ្រឿង​ស្រវឹង ត្រូវ​លេបថ្នាំ​ការពារ​លើសឈាម​រាល់ថ្ងៃ ទទួលទានដំណេក​ឲ្យ​បាន​ទៀងទាត់ ហូប​បន្លែ​ឲ្យ​បាន ៥​មុខ និង​ផ្លែឈើ ៥​មុខ​បន្ថែមទៀត​ក្នុង​១​ថ្ងៃ ប្រើ​ប្រេងឆា​ផលិត​ពី​គ្រាប់​ធញ្ញជាតិ និង​ហាត់​កីឡា​ក្នុង​មួយអាទិត្យ​ឲ្យ​បាន ៥​ដង ក្នុង​ម្ដង​គឺ​ហាត់ ៤០​នាទី​។ លោក​បន្ថែមថា អ្នក​ដែល​ធ្លាប់តែ​ខ្វះ​ឈាម មិន​ប្រាកដថា​ទៅ​អនាគត​អ្នកនោះ​មិន​លើសឈាម​ទេ​។​

ការណែនាំ​អំពី​សុខភាព​ដែរ គ្រូពេទ្យ​ជំនាញ​ព្យាបាល​ដោយ​ចលនា លោក យូ​ស៊ី​ហ្វ៊ូមី ហា​យ៉ា​ស៊ី មកពី​មន្ទីរពេទ្យ​គី​តា​ហា​រ៉ា ជប៉ុន ឲ្យ​ដឹងថា ការព្យាបាល​ដោយ​ចលនា​ផ្ទុយ​ពី​ការ​ម៉ាស្សា​។ ការព្យាបាល​ដោយ​ចលនា គឺ​សម្រួល​សរសៃ និង​សាច់ដុំ​ដែល​រឹង​ខុស​ប្រក្រតី​ឲ្យ​មក​ធម្មតា​វិញ​។ ចំណែក​ការ​ម៉ាស្សា គឺ​ការព្យាបាល​ឆាប់​ជា​ក្នុង​រយៈ​ខ្លី​ដែល​ផ្ទុយ​ពី​ការព្យាបាល​ដោយ​ចលនា ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​ជា​បានយូរ​ឆ្នាំ​។​

វេជ្ជបណ្ឌិត រ៉ាវី មកពី​ក្រុមហ៊ុន​ឥន្ទ្រី​បៃតង ពន្យល់ថា សាច់ បន្លែ ផ្លែឈើ តាំង​លក់​នៅ​ទីផ្សារ ភាគច្រើន​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​បំប៉ន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់ សម្ពាធ​ឈាម​របស់​អ្នក​ទទួលទាន​។

អ្នកស្រី​បន្តថា ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ ការជ្រើសរើស​អាហារ​ស​ម្រា​ប់​ហូប គឺ​ដាំ​ដុះ​ដោយ​ធម្មជាតិ​សុទ្ធ​។​
​ប្រធាន​មន្ទីរពេទ្យ​សាន់​រ៉ា​យ ជប៉ុន លោក គូ​គូ​ដា អះអាងថា ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ប្រទេស​កម្ពុជា នឹងមាន​មន្ទីរពេទ្យ​សាន់​រ៉ា​យ ដែលមាន​វេជ្ជបណ្ឌិត​ជំនាញ​ចម្រុះ​មកពី​ប្រទេស​ជប៉ុន ២៥​នាក់ និង​គិលានុបដ្ឋាន​ច្រើន​នាក់ ជា​ជនជាតិខ្មែរ នឹង​ជួយ​ព្យាបាល​ថែទាំ​អ្នកជំងឺ​។ បច្ចុប្បន្ន​អគារ​មន្ទីរពេទ្យ​កំពុង​ត្រូវបាន​សាងសង់​នៅ​ខណ្ឌ​ជ្រោយចង្វា ត្រើយម្ខាង​នៃ​ទន្លេសាប ៕ rfa

---------