សម្តេច​ក្រឡាហោម ស ខេង សំណេះសំណាល​ជាមួយ​អតីតយុទ្ធជន និង​យោធិន​ពិការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2017 ក+ ក-

ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា​ឆ្នាំ​២០១៧​នៅ​បរ​វេណ​មជ្ឈមណ្ឌល​សុភមង្គល​ក្នុង​ខេត្តបាត់ដំបង​បានរៀបចំ​ពិធី​សំណេះសំណាល​និង​ចែក​អំណោយ​ដល់​បងប្អូន​អតីតយុទ្ធជន​និង​យោធិន​ពិការ​ចំនួន​១១០០​នាក់​ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​។​
ពិធី​នេះ​ផងដែរ​ប្រព្រឹត្ត​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​អស់លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជំវិញ​ខេត្ត​ផងដែរ​។
មានប្រសាសន៍​ក្នុង​ពិធី​នេះ​សម្តេច​ក្រឡាហោម ស ខេង បាន​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ​របស់​សម្តេច​ទាំងពីរ​ដែលជា​និច្ចកាល​បាននិងកំពុង​យកចិត្តទុកដាក់​ជាប្រចាំ​ទាំង​បងប្អូន​យុទ្ធជន​យោធិន​ពិការ​និង​អតីតយុទ្ធជន​ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដោយ​មិន​រើសអើង​គោលនយោបាយ​នោះឡើយ​។​
សម្តេច​ក្រឡាហោម ស ខេង បន្ត​លើកឡើង​នូវ​សុខទុក្ខ​បងប្អូន​យោធិន​ពិការ​ទោះជា​បងប្អូន​រស់នៅក្នុង​សភាព​ណាក៍​រាជរដ្ឋាភិបាល​នៅតែ​តាម​មើលថែ​ជានិច្ច​ហើយ​មិន​ធ្វើ​តែ​សម្រាប់​បងប្អូន​យោធិន​ពិការ​នោះទេ​អោយតែ​ពលរដ្ឋ​ទីទ័លក្រ​ខ្វះខាត​គ្មាន​ផ្ទះសំបែង​ពិតប្រាកដ​គឺ​សម្តេច​ទាំងពីរ​តែង​យកចិត្តទុកដាក់​ជួយ​ជួសជុល​និង​សាងសង់​លំនៅឋាន​ជូន​គ្រប់ៗ​គ្នា​សុំ​ឲ្យ​តែ​បងប្អូន​ធ្វើការ​គាំទ្រ​ជា​បន្តទៅទៀត​ដើម្បី​លើកស្ទួយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ឲ្យ​មានតម្លៃ​លើ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​គឺ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។​
អំណោយ​ដែល​ត្រូវ​ចែកជូន​ដល់​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ក្នុង​ក្រុង​បាត់ដំបង​ទាំង​១១០០​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​ចំនួន​២៥​គីឡូក្រាម សា​រ៉ុង​ចំនួន​១​និង​ថវិកា​ចំនួន​៥០០០០៛(​ប្រាំ​ម៉ឺន​រៀល​)៕

16128561_1820460361525859_97811774_n16118079_1820460174859211_413622446_n16143965_1820460624859166_988654083_n 16144116_1820460631525832_129272536_n16128142_1820460678192494_1984942847_n