“​ខេ​” រង​សំពាធ​ខ្លាំង ខណៈ​ប៉ះ​ជាមួយ សុខ សោ​ម៉ា​វ​ត្តី លើកដំបូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2017 ក+ ក-

​ភ្នំពេញ​៖​តារា​សម្តែង​ទើបនឹង​រះ លោក ខេ បានលើកឡើង​នៅក្នុង​ពិធី​ក្រុង​ពាលី​រឿង ” ក្រមុំចាស់​ប៉ះ​កំលោះ​ស្ទាវ​” របស់​ផលិតកម្ម​មហាហង្ស​ថា នេះ​ជា​លើក​ទី​១​សម្រាប់​រូបលោក​ដែល​ប៉ះ​ជាមួយ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី​។ នៅក្នុង​រឿងនេះ​ដែរ លោក​មាន​អារម្មណ៍​ថា រង​សំពាធ ព្រោះ​មិនដែល​បាន​សម្ដែង​ជាមួយ​តារា​រៀមច្បង​រូបនេះ​កន្លងមក​នោះទេ​។​
​លោក ខេ បញ្ជាក់ថា ការដែល​លោក​មាន​អារម្មណ៍​ថា រង​សំពាធ​ពេល​សម្ដែង​ជាមួយ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ព្រោះ​នាង​គឺជា​កំពូល​តារា​សម្ដែង​ស្រី​របស់​កម្ពុជា​។ ចំណែក​លោក​គឺជា​តួ​ថ្មី​ធ្លាប់​សម្ដែង​បានតែ​១​រឿង​គឺ​រឿង “​កំណត់ហេតុ​នាង​នាថ​” តែ​ទោះបីជា​បែប​ក្តី​លោក​ចិញ្ចឹមចិត្ត​ថា​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ពេល​ស​ម្ដែ​ង​ជាមួយ សុខ សោ​ម៉ា​វ​ត្តី​។​
​បើតាម​កញ្ញា ម៉ៅ ច័ន្ទ​រស្មី ជំនួយការ​ផ្នែក​ផលិត នៃ​ផលិតកម្ម មហាហង្ស បាន​ថ្លែង​ឲ្យ​ដឹងថា រឿង «​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ជា​ប្រភេទ​រឿង​ខ្នាត​ធំ ត្រូវបាន​សម្រិតសម្រាំង​ឡើង យ៉ាង​ពិសេស​សម្រាប់​អ្នកទស្សនា ដោយ​ត្រូវ​ចំណាយ​ទុន​ផលិត ប្រហាក់​ប្រហែលជា​៥​ម៉ឺន​ដុល្លារ និង​ធ្វើ​ឲ្យ​គុណភាព មិន​ចាញ់​រឿង «​អ្នកនាង​ម្ចាស់​ឡឺ​កឺ​» ប៉ុន្មាន​ឡើយ​។ រឿង «​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ជា​រឿង​បែប​កំប្លែង សើច​សប្បាយ និង​មាន​ឈុត​ឆាក​កាច់​កុង ឌឺដង​គ្នា លាយឡំ​ដោយ​មនោសញ្ចេតនា ស្នេហា​ជ្រាលជ្រៅ ដែល​ចូលរួម​សម្ដែង​ជា​តួ​ឯង​ស្រី ដោយ​តារា​សម្ដែង​ក្រ​ម៉ិច​ក្រមើម គឺ​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី​។​
​គួរ​បញ្ជាក់ថា ផលិតកម្ម​មហាហង្ស​បានចាប់ផ្ដើម​ចេញ​ថត​ភាពយន្ត​ខ្នាត​ធំ ថ្មី​មួយ​ទៀតហើយ មាន​ចំណងជើង​ថា «​ក្រមុំចាស់ ប៉ះ​ក្មេងស្ទាវ​» ដែលជា​ប្រភេទ​ភាពយន្ត​បែប​កំប្លែង មនោសញ្ចេតនា និង​កាច់​កុង​គ្នា ដោយបាន​ធ្វើ​ពិធី​ក្រុង​ពាលី​ថត​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៧​ស្ថិត​ឯ​ភូមិ​គ្រិះ​របស់លោក អ៉ិ​ន សុ​ភិន ដែលជា​ចាងហ្វាង​ផលិតកម្ម ផ្ទាល់ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ក្នុងនោះ​ក៏មាន​តារា​សម្ដែង​ជាច្រើន​ដួង ចូលរួម​ផងដែរ​៕

fn-2017-02-09-14-56-00-4fn-2017-02-09-14-56-00-3fn-2017-02-09-14-55-59-0