ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​ខេត្តព្រះ វិហារ​កំពុង​រង​ការកាប់​ធ្វើ​អាជីវកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2015 ក+ ក-

ខេត្តព្រះវិហារ ៖  ​ព្រៃ​ព្រះ​រកា ដែលជា​តំបន់​ប្រជុំ ៣​ស្រុក គឺ​ស្រុក​ឆែប ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ត្បែងមានជ័យ នៃ​ខេត្តព្រះវិហារ គឺជា​ព្រៃធំ​ទី​២ របស់​ប្រទេស​ខ្មែរ បន្ទាប់ពី​ព្រៃ​ឡង់​នៅក្នុង​ខេត្តកំពង់ធំ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន ព្រៃ​ព្រះ​រកា កំពុង​ទទួលរង​ការកាប់​ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាងធ្ងន់ធ្ងរ​ពី​ក្រុម ឈ្មួញ និង​ក្រុមអ្នកមានអំណាច​ខ្លះ ហើយ​សមត្ថកិច្ច​រដ្ឋាភិបាល​មិនសូវ​អើពើ​បង្ក្រាប​នោះទេ​។​

​សហគមន៍​ប្រជាពលរដ្ឋ និង​អង្គការ​ការពារ​ព្រៃឈើ​ខ្លះ​នៅ​ខេត្តព្រះវិហារ ព្រួយបារម្ភ​ថា ដើមឈើ​ធំៗ​ក្នុង​តំបន់​ព្រៃ​ព្រះ​រការ រួមទាំង​ដើម​ច្បោះ​ជ័រ​របស់​ប្រជាពលរដ្ឋ​ផង នឹង​វិនាស​ហិនហោច​ដោយសារតែ​ក្រុមមនុស្ស​ចូលទៅ​កាប់ ហើយ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ​។​

​កាលពី​៣​ថ្ងៃមុន​អង្គការ​ពន្លក​ខ្មែរ ដែល​ធ្វើ​ការងារ​ជាមួយ​បណ្ដាញ​ការពារ​ព្រៃឈើ នៅ​ខេត្តព្រះវិហារ បាន​សរសេរ​របាយការណ៍​ថា គេ​មានការ​ព្រួយបារម្ភ​ដោយសារ​ព្រៃ​ព្រះ​រកា កំពុង​ប្រឈមមុខ​នឹង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។​
​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ គឺ​លោក ប៉ិក សោភ័ណ​ បានមានប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​២ ខែមីនា ថា​ជា​រៀងរាល់ថ្ងៃ​មាន​មនុស្ស​ទាំង​ក្នុងស្រុក និង​មកពី​តំបន់​ក្រៅ​កំពុង​នាំគ្នា​ចូលទៅ​កាប់​ឈើ​យកទៅ​លក់ដូរ​ខុស ច្បាប់​។​

​លោក ប៉ិក សោភ័ណ ឱ្យដឹងថា អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ការប្រមូលទិញ​ឈើ​ទាំងនោះ មាន​ទាំង​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុងស្រុក និង​ក្រុមហ៊ុន ទ្រី ភាព ផង​៖ «​កាប់ ដឹកជញ្ជូន​លក់​ឱ្យ​ឈ្មួញ​សិប្បកម្ម​អ៊ីចឹង ហើយ​ទាំង​ដើម​ច្បោះ​ជ័រ​ដើម​អី​របស់​ប្រជាពលរដ្ឋ ឥឡូវ​ដូច​នៅ​ខាង​ឃុំ​ព្រីង​ធំ ក្រឡាពាស​អីហ្នឹង គឺថា​ទិញ ១​ដើម ២​ម៉ឺន​រៀល ឥឡូវ​មិនបាន ១​ដើម ២​ម៉ឺន​រៀល​ផង ប្រជាពលរដ្ឋ​ភ័យខ្លាច ១​ដើម​១​ម៉ឺន​រៀល​ក៏​លក់​»​។​

​របាយការណ៍​របស់​អង្គការ​ពន្លក​ខ្មែរ ឱ្យដឹងថា ការបំផ្លាញ​ព្រៃឈើ​ធ្ងន់ធ្ងរ​ជាងគេ គឺ​កំពុង​កើតមាន​ជាច្រើន​កន្លែង ដូចជា​នៅ​ជាំ​ក្រេ​ល ជាំ​អាទិត្យ វាល​ក្ងោក អូរ​សោម នៃ​ស្រុក​ជាំ​ក្សាន្ត​។ វាល​ខ្លុង អូរ​សូង​សាង អូរ​ដាច់​កន្ទប អូរ​ប៉េ​ស ស្រុក​ត្បែងមានជ័យ និង​តំបន់​ជាំ​ជ្រៃ អូរ​ថ្ម​ជញ្ជាំង ខ្សាច់​ស ក្នុងស្រុក​ឆែប​។​

ទោះយ៉ាងណា មិនអាច​ទាក់ទង​លោក ឆេង សេង ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ដើម្បី​សុំ​ការបកស្រាយ​ជុំវិញ​ព័ត៌មាន​នេះ​បាន​ថា យ៉ាងណា​នៅឡើយ​។​

​ចំណែក​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះ​រកា នៅ​ឃុំ​ព្រីង​ធំ ភូមិ​ក្រឡាពាស ម្នាក់ ក៏​អះអាងថា បច្ចុប្បន្ន​មាន​មនុស្ស​ជាច្រើន​ក្រុម​តែង​ចូលទៅ​កាប់​ឈើ​ប្រភេទ​ផ្ដៀក មុខធំៗ​ទំហំ​ជាង ១​ម៉ែត្រ និង​ឈើ​កកោះ ជាដើម​៖ «​ឈ្មួញ​ពី​ខាងក្រៅ​គេ​មក​ទាក់ទង​ឱ្យ​កាប់ ដល់ពេល​គេ​កាប់​បាន គឺ​គេ​ដឹកយក​ទៅឱ្យ​ពួក​ឈ្មួញ​ដែល​ចាំ​ទទួល​ទិញ​»​។​

​ប្រភពពី​បណ្ដាញ​សហគមន៍​ព្រៃ​ព្រះ​រកា ខ្លះ នៅក្នុង​ឃុំ​ពោធិ បាន​ចោទប្រកាន់​មន្ត្រី​បរិស្ថាន​និង​រដ្ឋបាល​ព្រៃឈើ​ថា មិនបាន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទេ ដោយសារតែ​អ្នក​កាប់​ឈើ​ខុសច្បាប់​ទាំងនោះ​តែង​បង់លុយ​ឱ្យ​ក្នុង ១​គោយន្ត ថ្លៃ​ពី ៥០​ម៉ឺន ទៅ ១​លាន​រៀល​។​

​ព្រៃ​ព្រះ​រកា ដែល​លាតសន្ធឹង​លើ​ផ្ទៃដី ៣​ស្រុក បានផ្ដល់​ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ច្រើនជាង ២​ម៉ឺន​គ្រួសារ​ជា​រៀងរាល់ឆ្នាំ ដូចជា​ការចូល​ទៅរក​អនុផល​ព្រៃឈើ ដក​ផ្សិតព្រៃ និង​ការ​ដង​ជ័រ ឬក៏​បេះ​ជ័រចុង យកទៅ​លក់ដូរ​ជាដើម​៕ mm7

អ្នកកាប់​ឈើ​ខុសច្បាប់​យកទៅលក់​ដូរ យក​ម៉ាស៊ីន​អារឈើ​ក្នុង​តំបន់​អូរ​សោម នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២១ កុម្ភៈ ២០១៥