កម្ពុជា​គ្រោង​បញ្ជូន​កម្មសិក្សាការី​១​ពាន់​នាក់ ទៅ​ធ្វើការ​នៅ​ជប៉ុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2018 ក+ ក-

​ភ្នំពេញ ៖ តាមរយៈ កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​ជប៉ុន ដែល​បាន​ចុះហត្ថលេខា លើ​អនុស្សា​យោគយល់​គ្នា កាលពីពេល​កន្លងទៅ ក៏ដូជជា ការចុះ MOU រវាង ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ជាមួយ ខេត្ត អ៊ី​ហេ​មិ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា នេះ​ដើម្បី​បញ្ជូន និង​ទទួល​កម្ម​ពលករ​នោះ កម្ពុជា​គ្រោង​នឹង​បញ្ជូន​កម្មសិក្សាការី​រប​ស់​ខ្លួន​ចំនួន​១០០០​នាក់​ទៅ​បំរើការ​ងារ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០១៨​នេះ​។​

​លោក បណ្ឌិត អ៊ិន សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រោយ​ពិធី​ចុះ​MOU​នោះ​ថា ជំហាន​ដំបូង​នេះ កម្ពុជា​នឹង​បញ្ជូន​កម្មសិក្សាការី​ប្រមាណ​១០០០​នាក់ បន្ទាប់មក​នឹង​ពិនិត្យ​លទ្ធភាព ដើម្បី​បញ្ជូន​ជា​បន្តបន្ទាប់​តាម​តម្រូវការ​របស់​ក្រុមហ៊ុន​នៅ​ជប៉ុន និង ទីភ្នាក់ងារ​ទទួល​សិទ្ធ​បញ្ជូន​ពលករ​របស់​ក​ម្ពុ​ជា​។​

​លោក​រដ្ឋមន្ត្រី​បន្តថា បច្ចុប្បន្ន កម្មសិក្សាការី​កម្ពុជា កំពុង​បំរើកា​រងារ​នៅ​ប្រទេស ជប៉ុន​ប្រមាណ​ជាង​៦​ពាន់​នាក់ ហើយ​នៅ​ឆ្នាំក្រោយ​ទៀត នឹង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យចំ​នួន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន មានការ​កើនឡើង​អាច​រហូតដល់​មួយ​ម៉ឺន​នាក់​។​

​លោក​បណ្ឌិត​បញ្ជាក់ថា កម្មសិក្សាការី​កម្ពុជា ក្រោយពី​បាន​ទៅ​បំរើ​ការងារ​នៅ​ប្រទេស​ជប៉ុន ពួកគេ​នឹង​ទ​ទួ​បាន​ប្រាក់បៀវត្ស​ខ្ពស់ អាច​ចាប់ពី​១០០០​ដុល្លារ​ឡើង ទៅក្នុង​១​ខែ ក្រៅពីនោះ​ពួកគេ​ក៏​នឹង​ទទួលបាន ចំណេះដឹង ភាសារ ស្វែងយល់​ពី​ទំនាម​ទំលាប់ ប្រពៃណី វប្បធម៌ និង​ការរស់នៅ​រវាង​ប្រជាជន​នៃ​ប្រទេស​ទៅវិញទៅមក ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម បទពិសោធន៍​ក្រោយពេល​ត្រឡប់មក​ប្រទេស​វិញ​។​

​ ​ចំណែក​លោក ណា​ការ​ម៉ូ​រ៉ា អភិបាលខេត្ត អ៊ី​ហេ​មិ បាន​អះអាងថា ក្រោ​ពី​បាន​មកដល់​ប្រទេស​កម្ពុជា​ដោយផ្ទាល់​ទើប​លោក​ដឹងថា កម្ពុជា​កំពុងមាន​ការរីកចំរើន ហើយ​ប្រទេស​មាន​កំណើនសេដ្ឋកិច្ច​ល្អ ប្រជាជនមាន​ភាពរួស​រាយ​រាក់ទាក់ មាន​កម្លាំង​ពលកម្ម​ច្រើន និង​មាន​ការតស៊ូ​ខ្ពស់ ដែល​ប្រទេស​ជប៉ុន​កំពុងតែ​ត្រូវការ​។ ពិសេស​ប្រជាជន​កម្ពុជា មានការ​ស្រលាញ់​និង​ចូលចិត្ត​ប្រជាជន​និង​ប្រទេស​ជប៉ុន​ផងដែរ ដែល​ពួកគេ​អាច​រស់នៅ ធ្វើការ​ជាមួយគ្នា​បាន​យ៉ាង​ល្អ​ពី​ពេលបច្ចុប្បន្ន​និង​ទៅ​ថ្ងៃ​ខាងមុខ​។​

​ចំពោះ​លក្ខណ​ការងារ​វិញ លោក​ថា ជប៉ុន​មិនមាន​តម្រូវការ​ជំនាញ​ខ្ពស់ ឬ ច្បាស់លាស់​ពេក​ទេ សំខាន់​កម្មសិក្សាការី ត្រូវ​ចេះ​ភាសា​បឋម ជំនាញ​បឋម ដែល​ភាគី​ជប៉ុន និង​កម្ពុជា​បាន​ឯកភាពគ្នា​មុនពេល​បញ្ជូន​។ នៅពេល​ទៅដល់ ក៏​នឹង​មានការ​តាមមើល​ថែទាំ​ពួកគាត់​យ៉ាង​ល្អ​បន្ថែមទៀត​។​

​លោក​បញ្ជាក់ថា សម្រាប់​កម្មសិក្សាការី​ក​ម្ពុ​ជា ដែល​ត្រូវ​ទៅ​បំរើ​ការងារ​នៅ​ខេត្ត អ៊ី​ហេ​មិ មានដូចជា ផ្នែក កសិកម្ម ឧស្សាហកម្ម នេសាទ និង​សេវាកម្ម​មួយចំនួនទៀត​៕