កម្ពុជាចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ ទ្រទ្រង់​មនុស្ស​វ័យចាស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2018 ក+ ក-

​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​យល់ព្រម​ទទួល​ធ្វើជា​ប្រធាន​មូលនិធិ​ទ្រទ្រង់​មនុស្ស​ចាស់ ដែល​នឹង​ជួយ​គាំទ្រ​កាន់តែខ្លាំង​ដល់​ការអនុវត្ត​សកម្មភាព​នៃ​គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​ចាស់ ឆ្នាំ​២០១៧-២០៣០​។​

​នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដាក់អោយ​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០ ដោយ​ប្រគល់​ភារកិច្ច នៃ​ការអនុវត្ត​គោលនយោបាយ​នេះ ទៅអោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា​។

​គោលនយោបាយ​ជាតិ​ថ្មី​នេះ បង្កើត​ប្រព័ន្ធ​គាំពារ​សុខុមាលភាព​រយៈពេល​វែង​សម្រាប់​មនុស្ស​វ័យចាស់​នៅ​កម្ពុជា អោយទទួល​បាន​នូវ​គុណភាព​ជីវិត និង​ការ​គាំពារ​យ៉ាង​ពេញលេញ ខណៈដែល​កាលពី​ក្នុង​ឆ្នាំ​២០១៣ កម្ពុ​ជាមាន​មនុស្ស​វ័យចាស់ អាយុ​ពី​៦០​ឆ្នាំ​ឡើង ប្រមាណ​១​លាន​២​សែន​នាក់ គឺ​ស្មើនឹង​៨%​នៃ​ចំនួន​ប្រជាជន​សរុប​១៥​លាន​នាក់​។ ហើយ​ចំនួន​មនុស្ស​វ័យចាស់​នៅ​កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើន​ឡើងដល់​ប្រមាណ ២​លាន​នាក់ នៅ​ឆ្នាំ​២០៣០ ស្មើនឹង ១១% នៃ​ប្រជាជន​សរុប​១៨​លាន​នាក់ នាពេលនោះ​។

​តាម​ការបញ្ជាក់​របស់ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា បង្ហាញថា គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០ ត្រូវបាន​អនុម័ត​ពី​រាជរដ្ឋាភិបាល នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ដ្រី នា​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ​។ គោលនយោបាយ​នេះ ត្រូវបាន​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ដោយមាន​កិច្ចសហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដូចជា​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា (HELP AGE CAMBODIA) និង អង្គការសហប្រជាជាតិ​សម្រាប់​ការអភិវឌ្ឍ​ប្រជាជន ហៅថា​(UNFPA) ។ លោក វង សូត ក៏បាន​បញ្ជាក់ដែរថា ការរៀបចំ​គោលនយោបាយ​ជាតិ​ស្ដីពី​មនុស្ស​វ័យចាស់ ឆ្នាំ​២០១៧-២០៣០​នេះ ក៏​ធ្វើឡើង​ស្របតាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣! ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨! ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ ផងដែរ​។

​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យចាស់​ឆ្នាំ​២០១៧-២០៣០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​យល់ព្រម​ទទួល​ធ្វើជា ប្រធាន​មូលនិធិ​ទ្រទ្រង់​មនុស្ស​ចាស់​នៅ​កម្ពុជា ដោយ​សម្តេច​បាន កត់សំគាល់ថា បើទោះបីជា តាម​ប្រពៃណី​ទំនៀមទម្លាប់​របស់​កម្ពុ​ជា មនុស្ស​វ័យចាស់ ត្រូវបាន​មើលថែទាំ​ដោយ​កូនចៅ ក្រុមគ្រួសារ​ក្តី ប៉ុន្តែ​ជារួម​មនុស្ស​វ័យចាស់​ក៏ត្រូវ​តែ​ទទួលបាន​នូវ​ការ​គាំពារ​សុខមាលភាព និង​ការយកចិត្តទុកដាក់ ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផងដែរ​។
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ចាត់ទុកថា ការបង្កើត​គោលនយោបាយ គាំពារ​សុខមាលភាព​ដ​ល់​ប្រជាពលរដ្ឋ គឺជា​រៀង​ចាំបាច់​បំផុត នាពេលនេះ​។

​សូមបញ្ជាក់ថា គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យ​ចំណាស់​ឆ្នាំ​២០១៧-២០៣០ នឹង​ផ្តោតលើ​សកម្មភាព​និង​ការងារ​អាទិភាព​ចំនួន​៩ សម្រាប់​មនុស្ស​វ័យចាស់ រួមមាន​៖ សន្ដិសុខ​ហិរញ្ញវត្ថុ​, សុខភាព និង​សុខុមាលភាព​, របៀបរបប​ការរស់នៅ​, បរិស្ថាន​ដែល​អំណោយផល​, សមាគម​មនុស្ស​ចាស់ និង​វ័យចាស់​, ទំនាក់ទំនង​អន្ដរ​ជំនាន់​, ការរំលោភបំពាន និង​អំពើហិង្សា​លើ​មនុស្ស​ចាស់​, ស្ថានភាព​មាន​អាសន្ន និង ការត្រៀមខ្លួន​មនុស្ស​វ័យក្មេង​សម្រាប់​ឈានចូល​វ័យចាស់​។

​គួរ​បញ្ជាក់ថា នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​និង​កំពុង​អនុវត្ត នូវ​ក្របខណ្ឌ​គោលនយោបាយ​គាំពារ​សង្គម​មួយចំនួន​រួចមកហើយ ដើម្បី​លើកកម្ពស់​ជីវភាព សុខមាលភាព​និង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ក្នុងនោះ​មានដូចជា ៖ គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០១៦-២០២៥! បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល (​ប​.​ជ​.​ស​) បេឡា​ជាតិ​អតីតយុទ្ធជន (​ប​.​ជ​.​អ​) មូលនិធិ​ជនពិការ​(​ម​.​ជ​.​ព​) មូលនិធិ​គាំពារ​សុខុមាលភាព សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ក្រុមប្រឹក្សាឃុំ​សង្កាត់ មូលនិធិ​គាំពារ​សង្គម​សម្រាប់​កម្មករ​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​! មូលនិធិ​មន្ទីរ​ពេ​ទ្រ​គន្ធបុប្ផា និង​មូលនិធិ​ត្រីចក្រយាន​កម្ពុជា រឺ​មូលនិធិ​សី​ក្លូ ជាដើម​៕​