លោក ស៊ាន ប៉េង​សែ អ្នក​រិះគន់​រឿង​ព្រំដែន​ទទួលមរណភាព​ហើយ នៅ​ទីក្រុង​ប៉ារីស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2018 ក+ ក-

​ភ្នំពេញ៖ អតីត​អ្នកជំនាញ​ព្រំដែន​កម្ពុជា​លោក ស៊ាន ប៉េង​សែ ដែលជា​អ្នក​រិះគន់​ឥត​សំចៃ​មកលើ​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​ព្រំដែន និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​លោក​សេនាប្រមុខ លន់ នល់ នា​ទសវត្សរ៍​ទី ៧០ បានទទួល​មរណភាព​នៅវេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ប៉ារីស ទី​ដែល​លោក​បានរស់នៅ​ដោយ​និរទេស​ចាប់តាំងពី​ការដួលរលំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​ម​ក​។​

​លោក ប៉េង​សែ បានទទួល​មរណភាព​ក្នុង​ជន្មាយុ ៨២ ឆ្នាំ​ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ (Centre Hospitalier d’Orgemont, 77100 Meaux, France) បន្ទាប់ពី​លោក​បានរស់នៅ​ដោយ​និរទេស​ខ្លួន​តាំងពី​ឆ្នាំ ១៩៧៤ មក​។ លោក ប៉េង​សែ កើត​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៣៦ នៅក្នុង​ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី វណ្ណ ដា​រ៉េត ដែល​ត្រូវជា​ក្មួយបង្កើត​របស់​ព្រឹទ្ធាចារ្យ​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ វណ្ណ មូលី​វណ្ណ នៅ​ខែមករា ឆ្នាំ ១៩៦៦ ដោយ​មានកូន​ចំនួន ៤ នាក់ ប្រុស ៣ នាក់​។ លោក​មាន​ឪពុក​ឈ្មោះ ស៊ាន ប៊ុន​សេង និង​ម្តាយ​ឈ្មោះ ហេង យូ​ឡាយ​។​

តាម​ការបញ្ជាក់​របស់​លោក ឌី កា​រ៉េត អតីត​អ្នកកាសែត​ជើងចាស់ និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​ដែល​បាន​សរសេរ​ប្រវត្តិ​របស់លោក ប៉េង​សែ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ទីក្រុង​ប៉ារីស​កាលពី​ម្សិលមិញ​ថា​លោក ប៉េង​សែ បាន​សិក្សា​នៅ​វិទ្យាល័យ​ព្រះសីហនុ​ក្នុង​ខេត្តកំពង់ចាម និង​បន្តទៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្នុង​ទីក្រុង​ភ្នំពេញ​។ ចន្លោះ​ពី​ឆ្នាំ ១៩៥៩ ដល់​ឆ្នាំ ១៩៦០ លោក​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​បារាំង​នៅ​សាលា​ជាន់ខ្ពស់​បារាំង សិក្សា​អំពី​រ៉ែ និង​បានទទួល​សញ្ញាបត្រ​ជា​វិស្វករ​។
​លោក​បាន​ត្រឡប់មក​កម្ពុជា​ក្រោយពី​បញ្ចប់​ការសិក្សា និង​ធ្វើជា​នាយក​មន្ទីរ​រ៉ែ នៃ​ក្រសួង​ឧស្សាហកម្ម ចន្លោះ​ពី​ឆ្នាំ ១៩៦៧ ដល់ ១៩៧០​។​

​នៅ​ថ្ងៃទី ១១ ខែមេសា​ឆ្នាំ ១៨៧០ លោក​ត្រូវបានតែងតាំង​ជា​អគ្គស្នងការ​ទទួលបន្ទុក​ថាមពល រ៉ែ និង​សមុទ្រ​។ នៅ​ខែឧសភា​ឆ្នាំ ១៩៧៣ របប​សាធារណរដ្ឋ​ខ្មែរ​បានតែងតាំង​លោក​ជា​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម រ៉ែ និង​សិប្បកម្ម​។ នៅ​ខែឧសភា ១៩៧៤ លោក​ត្រូវបានតែងតាំង​ជា​ប្រធាន​គណៈប្រតិភូ​កម្ពុជា​ដើម្បី​ចូលរួម​ការចរចា​អំពី​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម ខាងត្បូង​នៅ​ទីក្រុង​ប៉ារីស​។​​

លោក ឌី កា​រ៉េត បញ្ជាក់ថា​ពេលនោះ​ហើយ​ដែល​លោក ស៊ាន ប៉េង​សែ ត្រូវ​ជាប់គាំង​នៅ​ប្រទេស​បារាំង ខណៈ​កងទ័ព​ខ្មែរក្រហម​បាន​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ និង​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ ១៩៧៥​។ លោក ប៉េង​សែ បានទទួល​សញ្ជាតិ​បារាំង​នៅ​ឆ្នាំ ១៩៧៩​។

​លោក​បាន​បង្កើត​គណៈកម្មាធិកា​រ​ព្រំដែន​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​នា​ឆ្នាំ ១៩៩៩ ដែលមាន​លោក​ជា​ប្រធាន​រហូតមកដល់​សព្វថ្ងៃ និង​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០០០ ដើម្បី​ជួប​ជាមួយ​ព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បី​ស្នើ​ឲ្យ​ព្រះអង្គ អន្តរាគមន៍​លុបចោល​សន្ធិសញ្ញា​ឆ្នាំ ១៩៨២ និង ១៩៨៥ ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ខ្មែរ​សម័យ​នោះ​ដែល​លោក​ចាត់ទុកថា «​បានធ្វើ​ឲ្យ​បាត់បង់​ទឹកដី សមុទ្រ កោះត្រល់ និង​កោះ​ក្រចកសេះ​ទៅ​ប្រទេស​វៀតណាម ខណៈដែល​ពេលនោះ​ប្រទេស​កម្ពុជា​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​»​។​

តាម​ការគ្រោងទុក​សព​លោក ស៊ាន ប៉េង​សែ នឹងត្រូវ​បូជា​នៅ​ថ្ងៃទី ២៩ ខែមករា និង​ធ្វើ​ពិធីបុណ្យ ៧ ថ្ងៃ​នៅ​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅ​វត្ត​ពោធិ​វង្ស នា​ក្រុង សង់ សួរ​ម៉ាន ប្រទេស​បារាំង​៕​