បាត់​ខ្លួន​សិស្សស្រី​២​នាក់​នៅ​សាលា គ ថ្លង់ ខេត្តកំពង់ចាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2018 ក+ ក-

​កំពង់ចាម ៖ សិស្ស ស្រី​ចំនួន​២​នាក់​នៅ​សាលាបង្រៀន គ ថ្លង់ ខេត្តកំពង់ចាម បាន​ជិះ​កង់​ឌុប​គ្នា ចេញពី​សាលា ហើយ​មិនឃើញ​ត្រ​ទ្ប​ប់ មក​សាលា​វិញ ធ្វើអោយ​គ្រូបង្រៀន របស់​ពួកនាង​មានការ​ព្រួយ​បារ​ម្មណ៍ បានមក​ប្តឹង​សមត្ថកិច្ច នគរបាល​ជួយ​អន្តរាគមន៍​។​

ប៉ូលីស​បានអោយដឹងថា ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​១០​នាទី​ប៉ុស្តិនគរបាល​រដ្ឋបាល វាលវង់ បានទទួល​បណ្ដឹង​ពី​ឈ្មោះ ហឿន សុភា ភេទ​ស្រី​អាយុ ៣៥​ឆ្នាំ មុខរបរ គ្រូបង្រៀន​នៅក្នុង​សាលា​គ​ថ្លង់​កំពង់ចាម​មាន​ទីលំនៅ ភូមិ​កោះ​រការ​ក្នុង ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ប្តឹង​ថា​មាន​ករណី​បាត់​សិស្សស្រី ចំនួន​ពីរ​នាក់​(​គ​ថ្លង់​):

១​ឈ្មោះ យ៉ុ​ន ម្លិ​ស អាយុ​16​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ត្រពាំង​ល្ពៅ ឃុំ​ជ័យ​យោ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

២​ឈ្មោះ ប៊ី ស្រី​ណាក់ អាយុ​18​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​មេ​ម៉ាំង ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ទាំងពី​នាក់មក​ស្នាក់នៅ​ក្នុង​សាលា​កុមារ​ពិការភ្នែក​រឺ​គ​ថ្លង់ ខេត្តកំពង់ចាម ស្ថិតក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង កំពង់ចាម ចេញទៅ​បាត់​ដោយ​មិនដឹង​ពី​មូលហេតុ កាលពី​វេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ននេះ មិនឃើញ​ត្រឡប់មកវិញ​ទេ​។​

ប៉ូលីស បានអោយដឹងថា តាម​ការស្រាវជ្រាវ​គឺ សិស្សស្រី​ទាំង​២​នាក់​បាននាំគ្នា​ជិះ​កង់​ចេញពី​សាលា បង្រៀន គ ថ្លង់ ខេត្តកំពង់ចាម ទៅ​ភ្នំពេញ​ព្រោះ មាន​គេ​ឃើញ ក្មេងស្រី​ទាំង​២​នាក់ ជិះ​កង់​ឌុប​គ្នា នៅតាម​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច ភូមិ ខ្វិត​ធំ ស្រុក ជើងព្រៃ ខេត្តកំពង់ចាម កាលពី​រសៀល​ថ្ងៃទី ២៣ ខែមករា​ឆ្នាំ​២០១៨​។​

ការស្រាវជ្រាវ​បន្ត បានអោយដឹងថា នៅពេល​ព្រលប់​ថ្ងៃ​ដដែល ក្មេងស្រី​ទាំង​២​នាក់​បាន​ទៅដល់ សាលា គ មួយកន្លែង​នៅ​ភ្នំពេញ ហើយ​ចូល​ហូបបាយ​នៅ​ទីនោះ​។​
បន្ទាប់មក ក្មេងស្រី​ទាំង​២​នាក់​ខាងលើ​បាន ជិះ កង់​ចេញពី​ទីនោះ ហើយ​ប្រាប់​អ្នកដាំបាយ​នៅ សាលា គ​ថ្លង់់​( តាមរយះ​កាយវិការ ជា​ភាសា គ​) ថា ពួកនាង​ទៅ​ជួប​មិត្តភក្តិ នៅ​ភ្នំពេញ​ហើយ​ទៅ​បាត់​រហូត​។​

ប៉ូលីស​បានអោយដឹងថា រហូតមកដល់​ព្រឹក​ថ្ងៃទី ២៤ ខែមករា ឆ្នាំ​២០១៨​នេះ សមត្ថកិច្ច​មិនទាន់​រក សិស្សស្រី​ទាំង​២​នាក់​ឃើញ​នៅ​ទ្បើ​យ​ទេ​។​