ភ្នំពេញះ ក្រសួងរ៉ែប្រកាសឲ្យប្រើលេខទូរសព្ទ(Hotline)សម្រាប់រាយការណ៍ពីករណីបូមខ្សាច់ខុសច្បាប់ទៅកាន់អ្នកនាំពាក្យក្រសួងនេះ ដើម្បីទប់ស្កាត់ការបូមខ្សាច់អនាធិបតេយ្យ និងព្រមានចាត់វិធានការលើក្រុមហ៊ុនណាដែលមានអាជ្ញាប័ណ្ណហួសសុពលភាព ។
វិធានការនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យក្រសួងរ៉ែជាអ្នកទទួលខុសត្រូវផ្តាច់មុខលើបញ្ហានៃការបូម ខ្សាច់ ។
នៅក្នុងសន្និសិទនៅថ្ងៃពុធនេះ ក្រសួងរ៉ែបានដាក់ចេញវិធានការមួយចំនួនរួមមាន ការបង្កើតឲ្យមានលេខទូរសព្ទ(Hotline) ដើម្បីទទួលពាក្យបណ្តឹងទាក់ទងនឹងការបូមខ្សាច់ ទៅអ្នកនាំពាក្យរបស់ក្រសួងនេះ ។ ការបន្តពន្យាអាជ្ញាបណ្ណដែលមានស្រាប់នៅក្នុងតំបន់ដែលបានសិក្សា រួចជាស្រេចទៅលើផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិសា្ថន ។ ចំពោះអាជ្ញាប័ណ្ណថ្មីក្នុងតំបន់ថ្មីត្រូវតែមានការវាយតម្លៃ និងសិក្សាឲ្យបានច្បាស់លាស់ជាមុនសិន ។ ការធ្វើយុទ្ធនាការ ឆ្មាំទន្លេ ការប្រមូលកម្លាំងទាំងអស់ដើម្បីការពារទន្លេ ទប់ស្កាត់ការធ្វើអាជីវកម្មបូមខ្សាច់ខុសច្បាប់ និងវិធានការមួយចំនួនទៀត ។
អ្នកនាំពាក្យដែលទទួលបន្ទុកពាក្យបណ្តឹងនោះរួមមាន លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ ទទួលបន្ទុកចុះត្រួតពិនិត្យនៅបណ្តាខេត្តនៃតំបន់ភាគឥសាន តាមរយៈទូរសព្ទលេខ ០១២ ៩១៩ ០១៣ លោក ឌិត ទីណា រដ្ឋលេខាធិការ ទទួលបន្ទុកចុះត្រួតពិនិត្យនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងបណ្តាខេត្តនៃភាគនិរតី តាមរយៈទូរសព្ទលេខ ០១២ ៨៦ ៥៥ ៥៦ និង លោក ហូ វិចិត្រ រដ្ឋលេខាធិការ ទទួលបន្ទុកត្រួតពិនិត្យនៅបណ្តាខេត្តនៃតំបន់ភាគពាយ័ព្យ ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម មានប្រសាសន៍ថា ការចេញវិធានការនេះដើម្បីបំបាត់ការធ្វើអាជីកម្មបូមខ្សាច់ អនាធិបតេយ្យ ដោះស្រាយបញ្ហាអាជ្ញាបណ្ណឲ្យបានឆាប់ និងដើម្បីឲ្យមានខ្សាច់គ្រប់គ្រាន់ក្នុងការបម្រើអាជីវកម្មសំណង ។ តែលោកព្រមានថា បើក្រុមហ៊ុនមិនធ្វើតាមការណែនាំ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ ។ លោកថា «ខ្ញុំបាននិយាយ ហើយមិញថា យើងអប់រំគាត់ អត់ទាន់អនុវត្តទោសទណ្ឌចំពោះគាត់ទេ អ៊ីចឹងបានជាក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្ញុំ ប៉ុន្មានថ្ងៃខាងមុខឆាប់ៗនេះ ខ្ញុំនឹងអញ្ជើញខេត្តដើម្បីមកប្រជុំ ដើម្បីជម្រាបគាត់ឲ្យហាមផ្តល់អាជីវករដែលមានអាជ្ញាប័ណ្ណ ហើយហួសសុពលភាព ឲ្យគាត់ផ្អាកសិនដើម្បីកុំឲ្យខុសច្បាប់ ហើយយើងខ្ញុំនឹងខិតខំពិនិត្យដោះស្រាយបន្តសុពលភាពគាត់ឲ្យបានឆាប់ បំផុត ដើម្បីឲ្យគាត់បន្តការងារហ្នឹងបន្តទៀត ហើយបើហាមហើយគាត់មិនស្តាប់ នោះយើងនឹងអនុវត្តទោសទណ្ឌ បើគាត់ស្តាប់អាហ្នឹងវាអត់អីទេ» ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលមានវត្តមានក្នុងសន្និសីទនោះ មានប្រសាសន៍ថា ក្រសួងបរិស្ថាន ត្រៀមខ្លួនក្នុងការសិក្សាពីផលប៉ះពាល់ទន្លេ មុននឹងផ្តល់យោបល់ដល់ក្រសួងរ៉ែ មុននឹងក្រសួងរ៉ែចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនទាំងនោះ ។ យ៉ាងនេះក្តីលោកសង្ឈឹមថា វិធានការថ្មីនេះនឹងកាត់បន្ថយបានច្រើននៃការបាក់ច្រាំងទន្លេ ជាពិសេសពីផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្ល ។ លោកបញ្ជាក់ថា «ទន្លេមេគង្គយើង ហៅថាទន្លេរស់ ។
ឆ្នាំខ្លះដីដុះនៅកន្លែងមួយ ឆ្នាំខ្លះទៅជាបាក់វិញ រស់បានន័យថាអ៊ីចឹង ។ ហើយការសិក្សា និងវាយតម្លៃនេះយើងត្រូវធ្វើជាប្រចាំ យ៉ាងហោចណាស់មួយឆ្នាំម្តងដែរ ដើម្បីធ្វើនេះសម្រាប់យើងធ្វើជាមូលដ្ឋានក្នុងសម្រេចចិត្តពេលដែល មានក្រុមហ៊ុន ឬបុគ្គលស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម យើងមានក្នុងដៃតែម្តង» ។
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា មានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធ តៀមខ្លួនក្នុងការជួយដល់មន្ត្រីក្រសួងរ៉ែ ដែលចុះពិនិត្យការដ្ឋានបូមខ្សាច់នានា ។ លោកបន្តថា បើពិនិត្យឃើញថាក្រុមហ៊ុនប្រព្រឹត្តបទល្មើសនៅនឹងកន្លែង និងមិនធ្វើតាមការណែនាំរបស់ក្រសួង ខាងកម្លាំងប្រដាប់អាវុធ នឹងធ្វើការបង្ក្រាបនៅនឹងកន្លែង ។ លោកថា «កងរាជអាវុធហត្ថនេះ យើងមានមធ្យោបាយ ដើម្បីគាំទ្រក្រសួងរបស់រាជរដ្ឋាភិបាល ពិសេសគឺទូកលឿន ភាសាបរទេសហៅថា អូប័រ ដើម្បីនឹងគាំទ្រឲ្យមន្ត្រីសម្រាប់ការធ្វើដំណើរត្រួតពិនិត្យ ហើយចំនុចមួយទៀតជាចុងក្រោយ ដូចលោកទាំងអស់គ្នាបានជ្រាបស្រាប់ហើយ គឺច្បាប់បានផ្តល់នូវអំណាចផ្នែកនគរបាលយុត្តិធម៌ ដូច្នេះក្នុងប្រតិបត្តិការនេះ ប្រសិនជាមានជនណាប្រព្រឹត្តបទល្មើស ដែលស្ថិតនៅក្នុងបទល្មើសឧក្រិដ្ឋ ដែលក្រមព្រហ្មទណ្ឌបានចែង ដែលជាតួនាទីរបស់អាវុធហត្ថ គឺអាវុធហត្ថមានតួនាទីបង្ក្រាបតាមផ្លូវច្បាប់» ។
បើតាមលោក ស៊ុយ សែម ក្រុមហ៊ុនបូមខ្សាច់ទាំងអស់ ដែលអាជ្ញាប័ណ្ណនៅមានសុពលភាព និងអស់សុពលភាពមានចំនួន១៤២ក្រុមហ៊ុន ក្នុងនោះ រាជធានីភ្នំពេញមាន ៧ ខេត្តកណ្តាលមាន ៤១ ព្រៃវៃង ៦ កំពង់ឆ្នាំង ៣ កំពង់ធំ ១២ កំពង់ស្ពឺមាន ១៣ កោះកុង ១០ កំពត២២ ព្រះសីហនុ ៧ កែប ៣ តាកែវ ៣ ពោធិ៍សាត់ ៩ សៀមរាប ៤ និងខេត្តស្ទឹងត្រែង មាន ១ ។ តែលោកបញ្ជាក់ថា ក្រសួងនឹងធ្វើការសិក្សាជាថ្មីថាតើក្រុមហ៊ុនណា នឹងទទួលអាជ្ញាប័ណ្ណបន្ត និងទីតាំងណាដែលត្រូវធ្វើសកម្មភាពបូមខ្សាច់ ដើម្បីចៀសវាងការបាក់ច្រាំងទន្លេ និងផលប៉ះពាល់ផ្សេងៗ ៕