កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នឹង​ពិភាក្សា​ត្រៀម​ធ្វើ​វិសោធនកម្ម​រដ្ឋ ធម្មនុញ្ញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ សុក្រ​ស្អែក ដើម្បី​ពិភាក្សា​ត្រៀម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ​ដើម្បី​បើក​លទ្ធភាព​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើការ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី តែងតាំង​រដ្ឋលេខាធិកា​រ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​ទៀត​នោះទេ​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​បាន បញ្ជាក់ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃស្អែក​នេះ នឹងធ្វើ​ការ ពិភាក្សា​លំអិត​ពី​ការត្រៀម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បើកផ្លូវ​ឲ្យ​នាយក​រដ្ឋ មន្ត្រី​អាចដាក់​ស្នើ​តែងតាំង​រដ្ឋលេខាធិកា​តា​ម​ក្រសួង ត្រឹម​ព្រះរាជ​ក្រិត ដោយ មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​នោះទេ​។ បើតាម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ពន្យល់ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​នឹងធ្វើ​ឲ្យ​គណៈរដ្ឋមន្ត្រី​អាច​បង្រួម​ពី​ក្បាល​ធំ​ខ្លួន​តូច​បាន​ផងដែរ​។ តាម​ការគ្រោងទុក​កិច្ចប្រជុំពេញអង្គ​ក៍​នឹង​ត្រៀម​ពិភាក្សា​ដើម្បី​ធ្វើ​វិសោធនកម្ម​ដោយ​បំពេញបន្ថែម​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ពី​ការប្រមាថ​ព្រះ​ចេស្តារ​ព្រះមហាក្សត្រ​។​

គួររម្លឹកថា កាលពី​ថ្ងៃទី​០១ ធ្នូ ឆ្នាំមុន រដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​បំណង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពីមុន​ដំណាច់ឆ្នាំ​២០១៧ ពី​ការកាត់បន្ថយ​ចំនួន​ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី​ឲ្យ​នៅ​តិចតួច​។ ក្រុមការងារ​នេះ ដឹកនាំ​មាន ឯ​.​ឧ អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ធ្វើជា​ប្រធាន ឯ​.​ឧ ឆេង សារឿន រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ជា​អនុប្រធាន និង​អមដោយ​សមាជិក​៨​រូប​ទៀត ដែល​សុទ្ធសឹងតែ​ជា​អ្នកច្បាប់​មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួងមហាផ្ទៃ​ជាដើម​។ ក្រុមការងារ​ថ្មី​នេះ មាន​ភារកិច្ច​ជា​សេនាធិការ នាយករដ្ឋមន្ត្រី ក្នុងការ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តួចផ្តើម​អំពី​ជម្រើស​នានា​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការចាំបាច់ ស្របតាម​មាត្រា​១៥១​ថ្មី និង​មាត្រា ១៥៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។
​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុ​ជាមាន​ចំនួន​៣​ចំណុច​រួមមាន ទី​១. ការកាត់បន្ថយ​សមាស​ភាព​រាជរដ្ឋាភិបាល ឬ​ការផ្តល់​តួនាទី​រដ្ឋលេខាធិការ នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​, ទី​២. ការគិត​អគតិ​មកលើ​កម្ពុជា​ឬ​ប្រៀបប្រដូច​កម្ពុជា​ទៅនឹង​ប្រទេស​មួយចំនួន​ដែល​កំពុងមាន​សង្គ្រាម​ហែកហួរ និង​ទី​៣. ទប់ស្កាត់​ការជ្រៀតជ្រែក​គោលការណ៍​ប្រឆាំង​មកពី​ប្រទេស​ខាងក្រៅ​ជាដើម​។ ពិសេស​ជាង​នេះ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថ្មី នឹងមាន​ការបន្ថែម​កា​រ​កំណត់​ទោស​ឲ្យ​ធ្ងន់ធ្ងរ ចំពោះ​ជន​ទាំងឡាយណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ផងដែរ​៕