ទីតាំង​ផ្សា​រត​ទ្រុង​រថយន្ត​ធំៗ​មាន​៥​ទីតាំង ​ក្នុងនោះ​មាន​១​ទីតាំង​គ្មាន​ច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រោយពី​ប្រ​តិ្ត​កម្ម​ខ្លាំងៗ​ពី​សំណាក់​សម្តេច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ស្តីពី​ការទប់ស្កាត់ និង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​ដឹក​លើស​ចំណុះ រថយន្ត​កាត់ត​ទ្រុង​បើកបរ​ឆ្លងកាត់​ផ្លូវ​ក្នុង​រាជធានី ផ្លូវថ្នល់​នានា​បណ្តាល​ឲ្យ​រង​នូវ​ការខូចខាត និង​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ហើយ​ការដាក់​បទបញ្ជា​នេះ​តម្រូវ​ឲ្យ​បញ្ឈប់​ត្រឹម​ម៉ោង​០០​នៅ​យប់​ថ្ងៃទី​៩​កុម្ភៈ​នេះ​។

ប្រសាសន៍​ធ្ងន់ៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​គ្មាន​វត្តមាន​ឡាន​ត​ទ្រុង​ចរាចរណ៍​លើ​ដងផ្លូវ​ទៀតឡើយ ហើយ​នៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា​ត្រូវ​បញ្ចូល​ព្រៃ​ស​ទាំងអស់​។ សម្តេច​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា បើ​ដក​ចៅហ្វាយខេត្ត​យូរ​បន្តិច​ព្រោះ​ត្រូវ​ស្នើ​ទៅ​ព្រះមហាក្សត្រ តាមរយៈ​ការស្នើ​របស់​នាយករដ្ឋមន្ត្រី តែបើ​ដក​ចៅហ្វាយស្រុក ខណ្ឌ​តែ​១៥​នាទី​ទេ​។​

​ប្រសាសន៍​ដ៏​ធ្ងន់ៗ​បែបនេះ បានធ្វើ​ឲ្យ​អភិបាលខេត្ត អភិបាលក្រុង អភិបាលស្រុក និង​អភិបាលខណ្ឌ​ម្នាក់ៗ​ភ័យ​ស្លន់ស្លោរ​គ្រប់គ្នា ដេក​មិន​លក់​បក់​មិន​ល្ហើយ​គោះ​ជួង​ចូលប្រជុំ​បន្ទាន់​។ ដោយឡែក​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​កោះប្រជុំ​មួយ​បន្ទាន់​នៅ​ព្រឹក​ថ្ងៃទី​៩​កុម្ភៈ ជាមួយនឹង​សមត្ថកិច្ច​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ភ្លាមៗ​ផងដែរ ដើម្បី​អនុវត្ត​នូវ​បទបញ្ជា​ឲ្យ​បាន​ដាច់ខាត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជម្រុញ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ចុះ​បិទ​យានដ្ឋាន​កាត់ត​ទ្រុង​ខុស​ល​កិ្ខ​ណៈ​បច្ចេកទេស និង​ស្ទាក់ចាប់​រថយន្ត​ត​ទ្រុង​រត់​លើ​ដង​ផ្លុ​វ និង​ដឹក​លើស​ទម្ងន់​ផងដែរ​។ នេះ​គឺជា​ការលើកឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​៩​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុងឱកាស​ប្រជុំ​រួម​ខណ្ឌ​ទាំង​១២​នៅ​សាលប្រជុំ​សាលា​រាជធានី​។​

ដោយឡែក​នៅក្នុង​ខណ្ឌដង្កោ​មាន​យាន្ត​ដ្ឋា​ន​ចំនួន​៥​ទីតាំង ដែល​ទីតាំង​ទិ​១ ស្ថិតនៅ​ផ្លូវ​ព្រៃ​ស សង្កាត់​ព្រៃ​ស ម្ចាស់​ទីតាំង​ឈ្មោះ ចាន់ អេង​។ លោក ចាន់ អេង បានផ្តល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ថា យាន្ត​ដ្ឋា​ន​លោក​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ចេញ​ដោយ​មន្ទីរជំនាញ​សាធារណការ​។ លោក ចាន់ អេង ថា​លោក​មិន​ត​ទ្រុង​នោះទេ ហើយ​អនុវត្តតាម​ការណែនាំរ​បស់​មន្ទីរជំនាញ​បាន​ត្រឹមត្រូវ​។ ម្ចាស់​រថយន្ត​ភាគច្រើន​មាន​ក្រដាស់​ស្នាម​គ្រប់គ្រាន់ ទើប​លោក​ជុស​ជុល​ជូន​។ បើ​មិន​ដូច្នោះ​ទេ​លោក​មិន​ជុស​ជុល​ឲ្យ​នោះទេ ព្រោះថា​យានដ្ឋាន​លោក​ផ្សា​រត​ទ្រុង​រថយន្ត​តម្រូវ​តាម​ខ្នាត​តាម​ល​ក្ខិ​ណៈ​បច្ចេកទេស​។​

ទីតាំង​១​ទៀត​ស្ថិតនៅ​ផ្លូវបំបែក​ការ៉េ​៨ ភូមិ​បា​គូ សង្កាត់​ដង្កោ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក​មិន​ត​ទ្រុង​ឡាន​ហួស​ល​ក្ខិ​ណៈ​បច្ចេកទេស​នោះ យានដ្ឋាន​ជុស​ជុល​ទ្រុង​ចាស់ៗ ធ្វើ​ថ្មី​បន្តិចបន្តួច​។ ម្យ៉ាង​បើ​រថយន្ត​ណា​ធ្វើ​ខុស​ល​ក្ខិ​ណៈ​បច្ចេកទេស​ក៏​ខាង​ក្រសួង​មិន​ចេញ​ឆៀក​ឲ្យ​ដែរ​។​

ទីតាំង​១​ទៀត​ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ម្ចាស់​ទីតាំង​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​ពុំបាន​សុំច្បាប់​ពី​ខាង​ណា​នោះទេ គ្រាន់តែ​ដឹងឮ​ត្រឹម​អាជ្ញាធរ​សង្កាត់​ភូមិ​ប៉ុណ្ណោះ​។ លោក​ទើប​បើក​បាន​ជាង​៥​ខែ ក្រោយពី​លោក​ចេញពី​កន្លែង​គេ​មក​បើក​អាជីវកម្ម​ខ្លួនឯង​។​
​ទីតាំង​១​ទៀត​ស្ថិត​ក្នុងភូមិ​ព្រែក​ជ្រៃ នៅក្បែរ​ផ្ទះ​មេភូមិ​ក៏មាន​សកម្ម​ភាពស្រដៀងគ្នា​នេះ​ផងដែរ​។ និង​ទីតាំង​១​ទៀត​ក្បែរ​វត្ត​ព្រែក​ជ្រៃ ក៏​សុទ្ធសឹង​ជា​សកម្មភាព​ត​ទ្រុង​ខុស​ល​ក្ខិ​ណៈ​បច្ចេកទេស​។​

​ទោះបីជា​យ៉ាងនេះ​ក្តី មតិ​រិះគន់​ក៏បាន​លើកឡើងថា តើ​ការទប់ស្កាត់​រថយន្ត​ធំ​ដឹក​លើស​ទម្ងន់ ដឹក​សំពីងសំពោង​មិន​ឲ្យ​ចូលក្នុង​រាជធានី​ភ្នំពេញ​នេះ អាចអនុវត្ត​បាន​ដល់​ពេលណា​? ព្រោះថា​បទបញ្ជា​នេះ​ក៏​ធ្លាប់​កើតមាន​ម្តង​ហើយ​ដែរ​កាលពី​៤​ឆ្នាំមុន​៕