កម្ពុជា​ឆ្ពោះទៅកាន់​កិច្ចប្រជុំ​កំពូល ASEAN-Australia 2018 នាទី​ក្រុង​ស៊ីដនី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី​។​

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី នា​រសៀល​ថ្ងៃនេះ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន អូស្ត្រាលី រួម​និង​ការបំពេញ​ទស្សនកិច្ច​មួយចំនួនទៀត​នៅ​ទីនោះ ៖ V.O: តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម ម៉ា​ល់​កុម ធឺ​ន​ប៊ុល (Malcolm Turnbull ) នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួម​និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល នា​រសៀល​ថ្ងៃទី​១៥ ខែមីនា​នេះ បានធ្វើ​ដំណើរ​ចាក​ចេញពី​មាតុប្រទេស ទៅកាន់​ប្រទេស​អូស្ត្រាលី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ១៦ ដល់​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ស៊ីដនី ។

​តាម​ការបញ្ជាក់​របស់ ឯ​.​ឧ​. ស្រ៊ី ថា​ម​រ៉ុ​ង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី មុនពេល​ចេញដំណើរ​ពី​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បានអោយដឹងថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី ដែល​រៀបចំ​ធ្វើ​នៅ​ឆ្នាំនេះ គឺជា​កិច្ចប្រជុំ​លើក​ទី​២ ដោយ​កិ​ច្ចប​ប្រជុំ​លើក​ទី​១​ត្រូវបាន​រៀបចំ​ធ្វើ​លើ នៅក្នុង​ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១៥​។​

ឯ​.​ឧ​. បាន​លើកឡើងថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី ក្នុងឆ្នាំនេះ នឹង​ពង្រឹងពង្រីក​បន្ថែមទៀត​លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ជាពិសេស​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​អំពើរ​ភេរវកម្ម​តាម​គ្រប់​រូបភាព​ទាំងអស់​។ ចំនុច​សំខាន់ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួម ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​រួមគ្នា​ចេញ​សេចក្តី​ថ្លែង​ការ​ណ៌​អូស្ត្រាលី ជាពិសេស​ការចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​អូ​ស្រា្ត​លី ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​។ ថ្នាក់ដឹកនាំ​ទាំងអស់ ក៏​នឹង​ជួប​ជាមួយ​និស្សិត​អូស្ត្រាលី​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី រួម​និង​និស្សិត​ប្រទេស​សមាជិក​អាស៊ាន ដែល​កំពុង​សិក្សា​នៅ​អូស្ត្រាលី តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី​ផងដែរ​។

​សូមបញ្ជាក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អូស្ត្រាលី​នាពេលនេះ ក្រៅពី​ការចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្រា្ត​លី សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ ឯកឧត្តម ម៉ា​ល់​កុម ធឺ​ន​ប៊ុល នាយករដ្ឋមន្ត្រី​អូ​ស្រា្ត​លី និង​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន​ផងដែរ​។ អ្វីដែល សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មិនអាច​ខកខាន​នោះ គឺ​ការជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​ជួប​ជាមួយ​និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​អូស្ត្រាលី ដើម្បី​ស្វែងយល់​ច្បាស់​ពី​ស្ថានភាព​រស់នៅ និង​ការសិក្សា នៅ​ទីនោះ ៕