អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប​ត្រូវ​តុលាការ​កំពូល​ទោស​ដាក់ពន្ធនាគារ​ដដែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2018 ក+ ក-

​ភ្នំពេញ ៖ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប ត្រូវបាន​តម្កល់​ទោស​ដាក់​ឲ្យ​ជាប់ពន្ធនាគារ​ដដែល ក្រោយ​តុលាការ​កំពូល​បើកសវនាកា​រ​នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ សម្រេច​មិន​ព្រម​ដោះលែង​ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់​នេះ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​កែវ វ៉ា​ន្នី មេធាវី​ការពារ​សិទ្ធិ​ជន​ត្រូវ​ចោទ​ទាំងពីរ​នាក់ ។​

មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទម្លាយ​ថា នៅ ពេល នេះ សមត្ថកិច្ច​បាន​រកឃើញ​ភស្តុតាង​ថ្មី​មួយទៀត​នោះ​គឺ​រូបភាព​និង​វីដេអូ​របស់ លោក អ៊ួ​ន ឈិន អតីត​បុគ្គលិក​អាស៊ីសេរី ដែល​បាន​ចូលរួម​ថត​វីដេអូ​សិច ជាមួយ​បរទេស នៅក្នុង​ប្រទេស កម្ពុជា​។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់​ដដែល​នោះបាន​បញ្ជាក់ថា​រូបភាព​និង​វីដេអូ​សិច​របស់លោក អ៊ួ​ន ឈិន ដែល ជួនកាល លោក​ដើរតួ​ជា​អ្នក​ថត និង​ពេលខ្លះទៀត លោក​ដើរ​ជា​តួ​ប្រុស ក្នុងការ សម្តែង នោះ​ផងដែរ ដែល​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​នៅក្នុង​កុំព្យូទ័រ​របស់ លោក អួន ឈិន តែម្តង ដែល អាច​កំណត់​ជា​បទល្មើស​ថ្មី​មួយ​ផ្សេងទៀត ដែល​សហការ​ជាមួយ​បរទេស​ធ្វើឱ្យប៉ះពាល់ អាប់ឱន ដល់​សីលធម៌​ខ្មែរ​។ នេះ​គ្រាន់តែ​ភស្តុតាង​បទ​ល្មេ​ី​ស​ថ្មី​ក្នុងចំណោម​បទ​ជាច្រើន​ផ្សេងទៀត​។​

អតីត​បុគ្គលិក​អាស៊ីសេរី​២​រូប​គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា ត្រូវបាន អាជ្ញា ធរ ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅផ្ទះ​សំណាក់​មួយ​ឈ្មោះ ម៉ា​រ៉ា​ឌី ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។​

​តំណាង​អយ្យការ​អម​សាលាដំបូង​រា​ធានី​ភ្នំពេញ បានធ្វើការ​ចោទប្រកាន់ លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា ពីបទ​ប្រគល់ឱ្យ​រដ្ឋ​បរទេស នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​បង្កឱ្យមាន​ការ អន្តរាយ​ដល់​ការការពារ​ជាតិ តាម​បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ អាច ប្រឈម​នឹង ការកំណត់​ទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ បច្ចុប្បន្ន​អ្នក​ទាំងពីរ​ត្រូវបាន​ឃុំខ្លួន​បណ្តោះ អាសន្ន នៅ​ពន្ធនាគារ​ព្រៃ ស​៕​