មីក្រូហិរញ្ញវត្ថុ សម្លឹងមើល​សក្ដានុពល​ឥណទាន​ក្នុង​ខេត្តកំពង់ចាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2018 ក+ ក-

​កំពង់ចាម ៖ បច្ចុប្បន្ន នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គំ​ពុង​សម្លឹងមើល​សក្ដានុពល​ឥណទាន​ក្នុង​ខេត្តកំពង់ចាម ស្របពេល​វិស័យ​ធនាគារ​កម្ពុជា​កាន់តែ​មាន​សន្ទុះ​
​ដោយសារ​ខេត្តកំពង់ចាម ជា​ខេត្ត​ដែលមាន​ចំនួន​ប្រជាជន​ច្រើន​ទី​ពីរ​ក្នុងប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​ប្រជាជន​ដែល​រស់នៅ​ខេត្ត​មួយ​នេះ​ប្រកប​អាជីវកម្ម​លក់ដូរ ធ្វើ​ចំការ ខ្នាត​ធំ និង​បើកហាង​ផ្សេងៗ​ជាដើម​នោះ ទើប​មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន បាន​បើក សាខា​នៅ​ទីនោះ ជាក់ស្ដែង មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ក៏បាន​សម្លឹង​រក​ការវិនិយោគ​វិស័យ​ហិរញ្ញវត្ថុ ក្នុង​ខេត្ត​នេះដែរ ។​

​កាលពីពេល​ថ្មីៗ​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ហ្វា​យ​នែ​នស៍ បានរៀបចំ​ជា​ក្បួន​ផ្សព្វផ្សាយ​ពី​សេវាកម្ម​និង​ផលិតផល​របស់ខ្លួន ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ដើម្បីអោយ​ជ្រាប និង​អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​នានា​របស់​គ្រឹះស្ថាន​នេះ ។

​គេ​កត់សម្គាល់​ឃើញថា ប្រជាពលរដ្ឋ​ក្នុង​ដ៏​មាន​សក្ដានុពល​នេះ ហាក់​មានការ​ចាប់អារម្មណ៍​លើ​សេវាកម្ម​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ហ្វា​យ​នែ​នស៍ ។

​លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី មានប្រសាសន៍ថា សាខា​ថ្មី នៅ​ខេត្តកំពង់ចាម​នេះ គឺជា​សាខា​ទី​៦ របស់​គ្រឹះស្ថាន​ព្រី​ន​ហ្វា​យ​នែ​នស៍ ហើយ​លោក​ជឿជាក់ថា ប្រជាពលរដ្ឋ​និង​សហគ្រាស​នានា​នៅ​ខេត្តកំពង់ចាម​នឹង​ទទួលបាន​នូវ​ភាពងាយស្រួល​ជាង​មុន និង​មាន​សេចក្តី​ពេញចិត្ត​ចំពោះ​ជម្រើស​សេវា​ឥណទាន​កាន់តែ​សម្បូរបែប និង​ល្អ​ឡើង ។​

​លោក​បន្តថា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​សព្វថ្ងៃ ព្រី​នស៍ ហ្វា​យ​នែ​ន ភីអិលស៊ី មាន​ទិសដៅ​ក្នុង​ការបន្ត​ពង្រីក​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​ឲ្យ​បាន​យ៉ាង​ឆាប់រហ័ស សំដៅ​មាន​បណ្តាញ​សាខា​នៅ​ស្ទើរ​គ្រប់​ខេត្ត​បន្ថែម​លើ​សាខា​នៅ​រាជធានី​ភ្នំពេញ ហើយ​ធ្វើយ៉ាងណា​ឲ្យ​ក្លាយជា​ស្ថាប័នហិរញ្ញវត្ថុ​ដែលជា​ជម្រើស​ទី​១ របស់​អតិថិជន​ជានិច្ច ។​

​គួរ​បញ្ជាក់ដែរថា គិត​ត្រឹម​ចុងឆ្នាំ​២០១៧​នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​បាន​ពង្រីក​វិសាលភាព​សេវា និង​បណ្តាញ​ប្រតិបត្តិការ​នៅតាម​រាជធានី​-​ខេត្ត​ដោយមាន​សាខា​ចំនួន​២,១៦៤​កន្លែង និង​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​(ATM)​ចំនួន​១,៨០៤​ម៉ាស៊ីន ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៧ របស់​ធនាគារជាតិ​នៃ​កម្ពុជា ៕​