ឆេះ​សាល​មហោស្រព​អាណាចក្រ​អង្គរ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​ស្ទើរ​អស់ទាំង​ស្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2018 ក+ ក-

​សៀមរាប ៖ សាល​មហោស្រព​អាណាចក្រ​អង្គរ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង ពាណិជ្ជករ ខ្មែរ និង​ចិន មានតម្លៃ​សាងសង់​អស់​រាប់លាន​ដុល្លា​អាមេរិក ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ អស់ ទាំង ស្រុង កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៦ ខែមីនា​នេះ​។​

ទីតាំង​មហោស្រព​នេះ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ទល់មុខ រោង កុន​បារាយណ៍​អណ្តែត​។ សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ចុះ​អន្តរាគមន៍ បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គី ភ័យ នេះ បាន​ឆាបឆេះ​នៅវេលា​ប្រមាណ​ជា​ម៉ោង​៩​ព្រឹក ហើយ​ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​បាន ចេញ ជួយ​អន្តរាគមន៍ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត កងរាជអាវុធហត្ថ​ខេត្ត អង្គភាព​បរិស្ថាន​ការពារ​ទេសភាព​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា និង​រថយន្ត ពន្លត់អគ្គីភ័យ​របស់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​។ ប្រភព​ដដែល​បន្តថា បើទោះជា​ប្រើ ប្រាស់រ​យន្ត និង​ទឹក​អស់​ជាច្រើន ក៏​សមត្ថកិច្ច​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បានទេ ដោយ​សម្ភារៈ ខាងក្នុង​សុទ្ធសឹង​ជា​របស់​ងាយ​ឆាបឆេះ​។​

​លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា គ្រោះ​អគ្គីភ័យ​នេះ ពុំ​បណ្តាល​ឲ្យ មនុស្ស​ណា​ម្នាក់ រងរបួស​នោះទេ ដោយ​បុគ្គលិក​ដែល​នៅក្នុង​អគារ​នោះ ត្រូវបាន​កម្លាំង ជួយ សង្គ្រោះ​ទាន់ពេល​។ ចំណែក​ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែន​បង្ការ និង​ពន្លត់​អគ្គី ភ័យ លោក​វរសេនីយ៍ឯក ភឹង សម្បត្តិ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ ពិត ប្រាកដ​នៃ​ការឆាបឆេះ​នៅឡើយ ។ ប៉ុន្តែ​គេ​សង្ស័យថា អាច​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕​