ចាប់បុរស​ម្នាក់​ករណី​សម្លាប់​ស្ត្រី​ញាត់​​ក្នុង​ធុង​ទឹកកក​ប្លុងចោលនៅ​ជិត​ស្ពាន​ព្រែ​កតា​ម៉ាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​សង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ ២០១៨ នេះ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការសម្លាប់​ស្ដ្រី​ម្នាក់ ញាត់​ចូលក្នុង​ធុង ទឹកកក​ក្លាសេ រួច​យកទៅ​ទម្លាក់ចោល​នៅ​ជិត​ស្ពាន​ព្រែក​តា​ម៉ាក តាម​បណ្តោយ​ផ្លូវ ​6A ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ យឿន ធានី អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រូចសើច ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មាន​ឪពុក​ឈ្មោះ យិន យឿន អាយុ​៦៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ផល សៀន អាយុ​៦៤​ឆ្នាំ​។ នាង​ទើប​មកពី​ប្រទេស​កូរ៉េ​បាន​មួយឆ្នាំ​។

​ព័ត៌មាន​ពី​ក្រុមគ្រួសារ​បានអោយដឹងថា ទ្រព្យសម្បត្តិ​ដែល​នៅជាប់​ហ្នឹង​ខ្លួន​របស់​នាង រួមមាន​ម៉ូត ZOOMER មួយគ្រឿង ខ្សែក ខ្សែជើង ខ្សែដៃ កងដៃ និង​ចិញ្ចៀនពេជ្រ ១​វង់​ផងដែរ​។​

តាម​របាយការណ៍​បាន​ឲ្យុ​ដឹងថា សម្ភារៈ​ដែល​សមត្ថកិច្ច​ពិនិត្យឃើញ​ក្នុង​ធុង​ទឹកកក រួមមាន សាកសព​ស្ត្រី​រងគ្រោះ មួកសុវត្ថិភាព​១ កាបូបដៃ​១ ក្នុងនោះ​មាន​ស៊ីម​ទូរស័ព្ទ​១ កាំបិត​ចិតបន្លែ ចុង​ស្រួច​ដង​ធ្វើ​ពី​ឈើ​បាក់​ផ្លែ​១ អាវ​ពណ៌​លឿង​១ ខ្សែភ្លើង​មាន​ឌុយ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​១​អាវទ្រនាប់​ពណ៌​ផ្កាឈូក​១ ដប​ទឹកបរិសុទ្ធ​១ រ៉ូ​ប​ពណ៌​ផ្កាឈូក​១​មាន​ប្រឡាក់​ឈាម កន្សែងពោះគោ​ពណ៌​ស​ឆ្នូត​១ ម៉ាស​ពណ៌​ខៀវ​១ ស្បែកជើង​ស្រី​១​គូ និង​ស្បៃ​ដុស​ខ្លួន​១​។​នៅលើ​មុខ​សាកសព និង​ស្មា​ខាងស្តាំ មាន​ស្នាម​បាញ់​ស្ព្រា​យ​(​ថ្នាំ​ពណ៌​ខ្មៅ​) មាន​ស្នាមរបួស​ត្រង់​គុម្ពត្រចៀក​ខាងស្តាំ​មុត​រយះ​ដល់​ថ្ពាល់ ដាច់រយះ​សៀត​ថ្កា​ខាងស្តាំ រលាត់ស្បែក​ដើមដៃ​ទាំងសងខាង មាន​ស្នាម​មុត​នៅលើ​ទ្រូង​និង​លើ​ពោះ​ចំនួន ២០ កន្លែង ធ្លុះ​៧ កន្លែង ឈាម​ហូរ​ចេញពី​មាត់ បាក់ឆ្អឹង​ចង្ការ របូត​ធ្មេញ​ដាក់​ខាងក្រោម របួស​បបូរមាត់​ខាងស្តាំ​១​កន្លែង របួស​ច្រមុះ​ខាងស្តាំ​១​កន្លែង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​ខាងក្រោយ​ខ្នង ស្នាម​រោល​ខ្លោច​កំ​បះ​គូថ ទាំងសងខាង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​កំភួនជើង​ទាំងសងខាង ស្នាម​ជាំ​ភ្លៅ​ឆ្វេង​១​កន្លែង និង​រលាត់ស្បែក​ជង្គង់​ខាងស្តាំ​១​កន្លែង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​ដោយ​សមត្ថកិច្ច​ចម្រុះ ហើយ​ពេលនេះ កម្លាំង​សមត្ថកិច្ច​កំពុង​នាំខ្លួន​ជនសង្ស័យ ទៅ​ឆែកឆេរ​ផ្ទះ​នៅ​ភូមិ​បឹង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី១៨ មីនា នេះ សម​ត្ថិ​កច្ច​មិនទាន់​ផ្តល់នូវ​ព័ត៌មាន​ពិស្តារ​ជុំវិញ​ករណី​ដែល​ឈានទៅដល់​ការធ្វើឃាត​យ៉ាង​ព្រៃផ្សៃ​លើ​ស្ត្រី​រងគ្រោះ​នោះ​នៅឡើយ​ទេ​។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង ២​និង​២៤​នាទី រសៀល ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨ កន្លងទៅ នៅ​ចំណុច​គល់ស្ពាន​ព្រែក​រូង​ទី​២ ផ្នែក​ខាងលិច​តាម​បណ្តោយ​ផ្លូវជាតិ លេខ​៨ ក្នុងភូមិ​អន្លង់ ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋ​អ្នកបើក​ម៉ូតូ​កង់​បី បាន ប្រទះឃើញ​ធុង​ទឹកកក​ពណ៌​ក្រហម ចំណុះ​២០០​លីត្រ​មួយ​ចាក់សោរ រួច​ក៏ បាន​រាយការណ៍​ប្រាប់​នគរបាល​ចរាចរ​ណ៍ ដែល​ឈរ​ប្រចាំការ​នៅ​គោលដៅ​ក្បែរ​នោះ​៕​(រូបភាព ៖  freshnews)