គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ នៅ​ខេត្តកំពង់ចាម ស្លាប់​១៤​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2018 ក+ ក-

​កំពង់ចាម ៖ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ ទិសដៅ​ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​កំពង់ចាម​កាល​ពីថ្ងៃ​ម្សិលមិញ ដោយមាន​វត្តមាន​ចូលរួម​ពី​លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​អនុប្រធាន​ប្រចាំ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ នា​ឬ​ទ្ធិ អភិបាលរង​ខេត្ត​បាន អោយដឹងថា គ្រោះមហន្តរាយ​ឆ្នាំ​២០១៧​កន្លងទៅនេះ ខេត្តកំពង់ចាម​មាន​មនុស្ស​ស្លាប់​ចំនួន ១៤​នាក់ រួម​និង​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បតិ្ត និង​ផលដំណាំ​របស់ ប្រជាពលរដ្ឋ​មួយចំនួនទៀត​។

លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍ថា សម្រាប់​ឆ្នាំ​២០១៧
​កន្លងទៅ​ខេត្ត​មួយចំនួន​បានទទួល​រង​នូវ​គ្រោះធម្មជាតិ​មាន​៖ ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ដែល​បណ្តាល​ឲ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ទាំង​ផ្នែក​ហេ​ដ្ឋា​
​រចនាសម្ព័ន្ធ ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ជីវិត​មនុស្ស និង​ជីវិត​សត្វ អស់​ជាច្រើន ហើយ​ថា ការអន្តរាគមន៍​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​អោយទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​នោះ តាម​បណ្ដា​ខេត្ត​ត្រូវមាន​ផែនការ​ត្រៀម​ទុកជាមុន ដោយមាន​កិច្ច សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​អង្គការ​ជា​ដៃគូ​នានា​។

លោក​បាន​បន្តថា កម្ពុជា​មានច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ច្បាប់​នេះ បង្កើតអោយមាន​យន្ដការ និង​រចនាសម្ព័ន្ធ​នៃ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ចាប់តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់មូលដ្ឋាន ក្នុង​គោលបំណង​ធ្វើយ៉ាងណា​អោយមាន​ការអនុវត្ត​ប្រកបដោយ​
​ប្រសិទ្ធភាព ក្នុងនោះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជា​សេនាធិការ​អោយ​រាជរដ្ឋាភិបាល បាន​បង្កើន និង​ពង្រឹង ពង្រីក យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​កំណត់​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់​សហគម​ន៏ ទាំង​ការចែក រំលែក​ព័​ត៍​មាន ចំណេះដឹង ដោយ​ផ្សារភ្ជាប់​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ស្របតាម​គោលការណ៍​ច្បាប់​៕