ឆេះ​ផ្ទះ​វីឡា​មួយកន្លែង​ក្បែរ​ផ្សារ​សាំ​ហាន់​ទួល​សង្កែ​ទាំង​ព្រឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 March, 2018 ក+ ក-

ភ្នំពេញ ៖ ផ្ទះ​វីឡា​ដ៏​ធំ​មួយ នៅក្បែរ​ផ្សារ​សាម​ហាន់ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជាខ្លាំង​កាលពី​វេលា​ម៉ោង​៥​ទាបភ្លឺ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨​នេះ ។​

តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ ខាងលើ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ដំបូលផ្ទះ​វីឡា​ខាងលើ រួច​ក៏​ឆេះ​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ ។ ភ្លាមៗ​នោះដែរ ក៏មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះមក​ជួយ​អន្តរាគមន៍ រួមទាំង​នាំគ្នា​ជ​ញ្ចូ​ន​អីវ៉ាន់​ជាច្រើន​សុទ្ធតែជា​របស់របរ​ល​ក់​ដូរ​ចាប​ហ៊ួ​យ ។ ហើយ​មួយសន្ទុះ​ក្រោយមក ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចេញមក​អន្តរាគមន៍​បាញ់​ពន្លត់ ដោយ​ប្រើ​ពេលវេលា​កន្លះ​ម៉ោង និង​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​៤​ឡាន ទើប​អគ្គិភ័យ​ខាងលើ​ក៏បាន​រលត់ទៅវិញ​ជា​ស្ថាពរ​តែម្ដង​។​

ក្នុងករណី​អគ្គិភ័យ​ខាងលើនេះ សមត្ថកិច្ច​ដែល​ចុះទៅ​អន្តរាគមន៍​បាន​សន្និដ្ឋានថា អគ្គិភ័យ​នេះ​កើតឡើង បណ្ដាលមកពី ផ្ទុះ​សេ​ខ្សែភ្លើង តែ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​វីឡា​ខាងលើ​នោះ បើ​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះទេ ខណៈពេល​ដែរ​ក្រោយពី​កើតហេតុ​រួច សមត្ថកិច្ច​បាន​បន្ត​នៅ​ធ្វើ​កំណត់ហេតុ ដើម្បី​រាយការណ៍​ជូនទៅ​ថ្នាក់លើ​៕​