សៀមរាប ៖ គណៈកម្មការធិការសម្របសម្រួលអន្ដរជាតិសម្រាប់អភិរក្សនិងលើកតម្លៃប្រាសាទព្រះវិហារឬហៅកាត់ថា អាយស៊ីស៊ី ព្រះវិហារ នៅព្រឹកថ្ងៃទី២១ខែមីនានេះ បានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ពីការអភិរក្សនិងអភិវឌ្ឍប្រាសាទព្រះវិហារ និងប្រាសាតកោះកេរ។
កិច្ចប្រជុំពេញអង្គនេះ ដឹកនាំដោយប្រទេសចិន និងប្រទេសឥណ្ឌា ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីបណ្ដាប្រទេសមាជិកអាយស៊ីស៊ីព្រះវិហារចំនួន៩ប្រទេសចូលរួមផងដែរ។
លោក ជំទាវ ភឿង សកុណា បានថ្លែងស្វាគមន៍ចំពោះសមាជិកប្រទេសអាយស៊ីស៊ីព្រះវិហារ ដែលបានពិភាក្សានិងផ្ដល់យោបល់គ្នា លើការអភិរក្ស និងថែរក្សា និងលើកតម្លៃ រមណីដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។លោកជំទាវបានបន្ដថា កិច្ចប្រជុំអាយស៊ីស៊ីព្រះវិហារនេះ គឺកិច្ចប្រជុំពេញអង្គលើកទី៤ហើយនេះ ដែលប្រមូលផ្ដុំដោយអ្នកជំនាញបេតិកភណ្ឌ ដែលលោកជំទាវសង្ឃឹមថា ក្រុមការងារទាំងនេះ នឹងពង្រីកបន្ថែមនូវសកម្មភាពកាងារនៅតំបន់រមណីដ្ឋានទាំងពីរនេះព្រមទាំងជម្រុញអោយខ្លឹមសារអនុសញ្ញាឆ្នាំ១៩៧២ ជាមិត្ដភាពមាជិកអាយស៊ីស៊ីព្រះវិហារកាន់យូរអង្វែង។លោកជំទាវក៍បានសម្ដែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអនុប្រធានរដ្ឋាបាលជាតិប្រទេសចិន ទទួលបន្ទុកផ្នែកវប្បធម៌ផងដែរ ដែលលោកជំទាវថា ចំណងមិត្ដភាពប្រទេសទាំងពីរនេះ និងធ្វើអោយមានការអភិរក្សប្រាសាទបុរាណ នៅលើភ្នំព្រះវិហារកាន់តែល្អប្រសើរឡើងថែមទៀត ព្រមទាំងថ្លែងអំណរគុណដល់សហភាពសព័ន្ធរុស្ស៊ី និងអ្នកជំនាញមកពីបណ្ដាប្រទេសផ្សេងផងដែរ ។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការអន្ដរជាតិ សម្រាប់ការអភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារនេះ មានប្រទេសចិន និងប្រទេសឥណ្ឌាធ្វើជាសហប្រធាន និងមានសមាជិកចំនួន៩ប្រទេស ផ្សេងទៀតចូលរួម៕