សៀមរាប ៖ ប្រទេសចំនួន៤ ដែលជាសមាជិកនៃគណៈកម្មាធិការ សម្របសម្រួលអន្ដរជាតិសម្រាប់អភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី ព្រះវិហារ បើកកិច្ចប្រជុំពិភាក្សាស្តីពីគម្រោង ជួយជួសជុលរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រសាទមួយចំនួនទៀតនៅក្នុងតំបន់រមណីយដ្ឋានកោះកេរ ។
លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការ សម្របសម្រួលអន្ដរជាតិសម្រាប់អភិរក្ស និងលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់អាយស៊ីស៊ី ព្រះវិហារ នៅមជ្ឈមណ្ឌលអាធរជាតិអប្សរាកាលព្រលប់ថ្ងៃទី២១ ខែមីនា នេះ ថា ប្រទេសជាសមាជិកអាយស៊ីស៊ីព្រះវិហារទាំង៤ មានប្រទេសចិន ឥណ្ឌា ប្រទេសប៊ែលហ្ស៊ិក និងប្រទេសថៃ បានសន្យាថា នឹងជួយជួសជុលប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
លោក គឹម សេតារា បានមានប្រសាសន៍ថា តំបន់ប្រាសាទព្រះវិហារ ដែលមានតួប្រាសាទចំនួន៥កន្លែងដែលមានភាពទ្រុឌទ្រោម ដោយតួប្រាសាទទី១ទី២និងទី៣ប្រទេសចិននឹងធ្វើការជួសជុល និងអភិរក្ស ចំណែកប្រទេសឥណ្ឌា បានសន្យាជួយជួសជុលតួប្រាសាទទី៥ ព្រមទាំងជណ្ដើរខាងជើង និងផ្នែកខ្លះនៃគោបុរៈទី១។ លោកបន្តថា ចំណែកប្រទេសប៊ែលហ្ស៊ីក ក៏បានសន្យាជួយបង្កើត ឌែលតាបេស សម្រាប់ជាបណ្តុំទិន្នន័យរួមមួយដើម្បីងាយស្រួលដល់ការងារជួសជុលប្រាសាទ។ រីឯប្រទេសថៃ ក៏នឹងធ្វើការជួសជុលប្រាសាទនៅក្នុងរមណីដ្ឋានប្រាសាទកោះកេរ។
លោកបានបន្ដថា បើសិនដៃគូរនៃប្រទេសទាំងបួននេះ មានការលះបង់ជួយជួសជុលនិងអភិរក្សប្រាសាទព្រះវិហារ នឹងធ្វើអោយប្រាសាទបុរាណទាំងនោះកាន់តែប្រសើរឡើង ។
លោកមានបន្ដថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្វែងជំនួញទាំងថវិកានិងអ្នកជំនាញ ដើម្បីអោយវប្បធម៌របស់កម្ពុជាកាន់តែមានល្អប្រសើរឡើងមួយកំរិតទៀត ខណៈដែលប្រាសាទទាំងនោះមានវ័យចំណាស់។ជាមួយគ្នានោះដែរលោក គឹម សេតារា ក៏មានការព្រួយបារម្មណ៍ពីប្រាសាទព្រះវិហារដែលកំពុងជួបកង្វះទឹកក្រោមដីផងដែរ ដែលធ្វើអោយប៉ះពាល់ដល់គ្រឹះប្រាសាទ និងមានផលប៉ះពាល់ពីភ្លើងឆេះព្រៃនៅរដូវប្រាំងផងដែរ៕