ខេត្តក្រចេះ៖ សាកសពបុរសម្នាក់ ជាអ្នកបើកទូក ដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដែលពុំធ្លាប់មាននាពេលកន្លងមក ត្រូវបានគរបាល និងសាច់ញ្ញាត្តិរុករកឃើញ នៅរសៀលថ្ងៃទី២២ខែមីនា បន្ទាប់ពីបាត់ខ្លួននៅក្នុងទឹកទន្លេ នៅទល់មុខនិងស្រុកសំបូរ ខេត្តក្រចេះ អស់ជាច្រើនម៉ោង ។
សាកសព របស់បុរសរងគ្រោះឈ្មោះ ជា សីហា អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងឃុំសំបូរ គឺមានស្នាមដាច់រយៈក្បាល ដោយនគរបាលសន្និដ្ឋានថា បណ្តាលមកពីជនរងគ្រោះបោកក្បាលទៅនឹងគែមទូកពេលជួបហេតុការទូកបុកគ្នា និងបានធ្លាក់ចូលក្នុងទឹកទន្លេ បណ្តាលឱ្យលង់ស្លាប់។
អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ប៊ុន ឈឿន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក ដែលពុំធ្លាប់មាននេះបានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២២ ខែមីនា នៅចំនុចភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។ពេលកើតហេតុគឺ ជនរងគ្រោះបានបើកទូកអេវ(ជាប្រភេទទូកតូចតែលឿន) មកពីប៉ែកខាងលើដើម្បីរកទិញត្រី ពីអ្នកនេសាទ។ ចំនែកឯទូកម្ខាងទៀត ជាប្រភេទទូកអេវ ដូចគ្នា ជាទូករបស់មណ្ឌលសុភាពឃុំ
ដែលកំពុងតែបើកដឹកសាកសពអ្នកភូមិម្នាក់ ដែលស្លាប់ដោយសារពស់ចិក យកពីពេទ្យឆ្ពោះទៅ ធ្វើបុណ្យនៅលំនៅឋាន។លោកអធិការនគរបាលស្រុកបានបញ្ជាក់ថាក្នុងហេតុការណ៍ទូកបុកគ្នានោះ ទូកទាំងពីរគ្រឿង នេះមិនត្រូវបានលិចនោះទេ តែបុរសជាអ្នកបើកទូកម្នាក់ ធ្លាក់ចូលក្នុងទឹកទន្លេបាត់ខ្លួនតែម្តង។ ដោយលោកបានសន្និដ្ឋានថា ការបាត់ខ្លួនរបស់បុរសរងគ្រោះជាអ្នកភូមិ ទំនងជាស្លាប់ដោយសារលង់ទឹក។ ហើយរហូតមកដល់រសៀលថ្ងៃទី២២មីនានេះ បន្ទាប់ពីកើតហេតុអស់ជាច្រើនម៉ោង ទើបកម្លាំងនគរបាលស្រុក រុករកឃើញសាកសពជនរងគ្រោះ ។
មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរចារណ៍នេះ ត្រូវបានលោក សន្និដ្ឋានថា បណ្តាល មកពីយប់ងងឹតភាគីទូកទាំងសងខាងមើលគ្នាពុំឃើញ ៕