ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាសដំឡើងប្រាក់ខែជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ នគរបាល យោធា អាវុធហត្ថ ឲ្យឡើងដល់ ជាង១លានរៀលក្នុងម្នាក់ៗ ចាប់ពីខែមេសា ឆ្នាំ២០១៨នេះតទៅ។
គ្រូៗមួយចំនួន អះអាងថា ក្រោយពីកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ បានធ្វើឲ្យ គុណភាពនៃការបង្រៀនសិស្សកើនឡើង ខណៈប្រាកខែគ្រូៗ ត្រូវបានតម្លើងជាលំដាប់។
មន្ត្រីមន្ទីរអប់រំខេត្តក្រចេះ លោក ស៊ឹង ឡេង មានប្រសាសន៍ថា មុនកំណែទម្រង់ស៊ីជម្រៅ
ក្នុងវិស័យអប់រំ គ្រូម្នាក់ៗមិនអាចផ្គត់ផ្គង់ជីវភាពផ្ទាល់ខ្លូនបានទេ ដោយសារតែប្រាក់ខែទាប មិនសមាមាត្រនឹង ការចំណាយលើតម្លៃម្ហូបអាហារ និងការធ្វើដំណើរ។ ប៉ុន្តែច្រើនឆ្នាំចុង ក្រោយនេះ រាជរដ្ឋាភិបាល បានគិតគូពីជីវភាពរបស់មន្ត្រីរាជការ ឲ្យរស់នៅសមរម្យ។ ពិសេសបានតម្លើងប្រាក់ខែគ្រូទ្វេរដង បានធ្វើឲ្យគ្រូប្តូរពីការយកម៉ោងបង្រៀនទៅរកស៊ីក្រៅ
ពីលក់នំក្នុងថ្នាក់ ពីឲ្យសិស្សរៀនCour ពីលក់ឯកសារក្នុងម៉ោងសិក្សាជាដើម មកពង្រឹងខ្លួន ដោយគោរពម៉ោងការងារផង និងពង្រឹងគុណភាព លើការបង្រៀនផង។
ចំណែកប្រធានការិយាល័យ អប់រំក្រៅប្រព័ន្ធ របស់មន្ទីរអប់រំ យុវជននិងកីឡា ខេត្តត្បូងឃ្មុំ
លោក ហាប តុងហូរ អះអាងថា ក្រោយពីរូបគាត់ ទទួលបានប្រាក់ខែកាន់តែខ្ពស់រាល់ឆ្នាំ គាត់បានពង្រឹងសមត្ថភាពបង្រៀន ដោយខំសិក្សាស្រាវជ្រាវ រកអ្វីដែលថ្មី ប្លែក ហើយតម្រូវ
តាមស្តង់ដារអប់រំ យកមកត្រៀមបង្រៀនសិស្ស។ លោកអះអាងថា គ្រូជាច្រើន លែង អវត្តមានក្នុងម៉ោងបង្រៀនដូចមុន ហើយគោរពម៉ោងការងារ ជាពិសេស មិនលក់ឯកសារ ឲ្យសិស្សដូចមុនច្រើនទេ។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានតម្លើងប្រាក់ខែជូនមន្ត្រីរាជការពីគ្រប់ថ្នាក់។ ប៉ុន្តែនៅឆ្នាំ២០១៨នេះប្រាក់ខែដែលមន្ត្រីរាជការ បានតម្លើងមាន២លើក។ លើកទី ១ នៅ ដើមខែមករា ទទួលបាន១២% នៃប្រាក់ខែមូលដ្ឋាន។ ក្នុងខែមេសា ឆ្នាំ២០១៨នេះ ជាការ តម្លើងលើកទី២ លើប្រាក់បំណាច់មុខងារ។ ចាប់ពីខែមេសា ឆ្នាំ២០១៨នេះ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធចម្រុះ នឹងទទួលបានប្រាក់ខែ ទាបបំផុត
ជាង១លានរៀល ក្នុងម្នាក់ៗ៕