នាយករដ្ឋមន្ត្រីកម្ពុជាសំណេះសំណាល​ជាមួយគ្រូបង្រៀន មន្ត្រីរាជការនិង​បុគ្គលិក​អប់រំ​ក្នុងរាជធានី​ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2018 ក+ ក-

​ភ្នំពេញ ៖ នៅក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​គ្រូបង្រៀន មន្ត្រីរាជការ និង​បុគ្គលិក​អប់រំ​ក្នុង​រាជ ធានី​ភ្នំពេញ​ជាង​៣​ពាន់​៨​រយ​នាក់ នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៥ ខែមីនា នៅ​សាល​មហោស្រព​កោះ​ពេជ្រ សម្តេច​តេ​ជោ​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​អំពី តំលៃ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​បាន បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​នៅ​ប្រទេស​កម្ពុជា និង​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​រហូត​មានការ​អភិវឌ្ឍ​មកដល់​សព្វថ្ងៃនេះ​។

​ទន្ទឹមនេះ សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី បាន ពន្យល់ថា មាន​ចំណុច​សំខាន់ៗ ចំនួន​៣ ដែល​ធ្វើអោយ​គោល នយោបាយ​ឈ្នះ​-​ឈ្នះ ទទួលបាន​ជោគជ័យ​ក្នុងការ​ប​ភញ្ច​ប់​សង្គ្រាម និង​ធ្វើការ​បង្រួប​ង្រួ​ម​ជាតិ​ឡើងវិញ​បាន ក្នុងនោះ ៖ ទី​១) គឺ​ការធានា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ធ្វើ​សមាហរណកម្ម​។ ទី​២) ការរក្សា អាជីព និង​មុខរបរ​របស់​ប្រជាពលរដ្ឋ​អោយនៅ​ដដែល ។ ទី​៣) ការរក្សា​នូវ​កម្មសិទ្ធិ រួមទាំង ទ្រព្យ សម្បត្តិ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការ​រឹបអូស ដោយ​ប្រជាពលរដ្ឋ​អាច​រស់នៅ និង ប្រកបការងារ​នៅ​ទីតាំង​ដដែល ។

​ដូចនេះហើយ សម្តេច​ចាត់ទុកថា ល​ក្ខ័​ណ្ឌ​ទាំង ៣​នេះ បានធ្វើ ឲ្យ ប្រជាពលរដ្ឋ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ចុះ​ចូលធ្វើ​សមាហរណកម្ម​ជាមួយ​ជា​រាជរដ្ឋាភិបាល​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​នាពេលនោះ ទើប​ឈានទៅ​ធ្វើអោយ​ប្រទេសជាតិ មាន​សុខសន្តិភាព មកដល់​ពេលបច្ចុប្បន្ន​។

​ដោយឡែក ចំពោះ​វិស័យ​អប់រំ សម្តេច​តេ​ជោ បាន​បញ្ជាក់ថា រាជ​រដ្ឋា​ភិ បាល នៅតែ​បន្ត​គិតគូ​យកចិត្តទុកដាក់​ក្នុងការ​ធ្វើកំណែទម្រង់ អោយ​កាន់តែ​មានគុណ​ភាពប្រសើ​រ​ឡើង​បន្ថែមទៀត ជាពិសេស​រាជរដ្ឋាភិបាល នឹង​បន្ត​គោលនយោបាយ បង្កើន​ប្រាក់បៀវត្សរ៍​ទៀង ទាត់ ជូន​ដល់​គ្រូបង្រៀន មន្ត្រីរាជការ និង​បុគ្គលិក​អប់រំ ។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន ប្រកាស​ផងដែរ​ថា ចូលដល់​ខែមេសា ឆ្នាំ​២០១៨​ខាងមុខនេះ មន្ត្រីរាជការ ក៏ដូចជា លោកគ្រូ​អ្នកគ្រូ​នឹង​ទទួលបាន​ការដំឡើង​ប្រាក់ខែ​ម្តងទៀត ដែល​នឹងត្រូវ​បើក​មុន​ចូលឆ្នាំ​ខ្មែរ ហើយ​បន្ថែម​ពី​នោះ ក៏មាន​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ទៀត​ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​សម្រាប់​ពិធីបុណ្យ ចូលឆ្នាំ​ខ្មែ​ផង ដែរ​។​

សូមបញ្ជាក់ថា ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​គោលការណ៍ ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​២​ដង​ក្នុង​១​ឆ្នាំ ដោយ ការដំឡើង​ប្រាក់បៀវត្ស​លើក​ទី​១ នៅ​ខែមករា គឺជា​ការដំឡើង អត្រាកំណើន​១២% នៃ​ប្រាក់បៀវត្ស គោល និង​ការដំឡើង​លើក​ទី​២ នៅក្នុង​ខែមេសា មុន​ចូលឆ្នាំ​ខ្មែរ ដែលជា​ការដំឡើង​ប្រាក់ បំណាច់មុខងារ៕