ប្រធានរដ្ឋសភា​ម៉ា​រ៉ុ​ក គ្រោង​ធ្វើ​ទស្សន កិច្ច​នៅ​កម្ពុ​ជានា​ដើមឆ្នាំ​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

ភ្នំពេញ ៖ សភា​ប្រទេស​ម៉ា​រ៉ុ​ក​បានបង្ហាញ​ពី​ឆន្ទៈ​ជា​ផ្លូវការ​មុនគេ នៅក្នុង​ការចូលរួម​កិច្ចប្រជុំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ហៅ​កាត់​ថា APPF ដែល​សភា​កម្ពុជា​នឹងធ្វើ​ជា ម្ចាស់ផ្ទះ​នៅ​ដើមឆ្នាំ​២០១៩ ខាងមុខនេះ​។

នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ ឯកឧត្តម អាប់​ឌឺ​លី​ឡាស់ អែល ហ៊ូ​ស​នី ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​ម៉ា​រ៉ុ​ក ប្រចាំ​នៅ​កម្ពុជា បានស្នើ​សុំ​ដល់​រដ្ឋសភា​កម្ពុជា​ចេញ លិខិតអញ្ជើញ​ជា​ផ្លូវការ​ចំពោះ​ប្រធានរដ្ឋសភា​ម៉ា​រ៉ុ​ក ក្នុង​ការចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ APPF លើក​ទី​២៧ នាពេល​ខាង​មុននេះ​។

ឯកអគ្គរាជទូត​បាន​បញ្ជក់​ថា ប្រធានរដ្ឋសភា ម៉ា​រ៉ុ​ក​ត្រៀម​ដឹកនាំ​គណៈប្រតិភូ​សភា​មក​ចូលរួម​កិច្ចប្រជុំ​នោះ ហើយនឹង​ភ្ជាប់​ជាមួយ​ដំណើរ ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​កម្ពុជា​តែម្តង​នៅ​ដើមឆ្នាំ​២០១៩​។ លោក អាប់​ឌឺ​លី​ឡាស់ អែល​ហ៊ូ​ស​នី បានលើកឡើង​ពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ព្រះមហាក្សត្រ​កម្ពុជា និង​ព្រះមហាក្សត្រ​ម៉ា​រ៉ុ​ក ដែលជា​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជា ពិសេស​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ទៅកាន់​ព្រះរាជា​ណា ចក្រ​ម៉ា​រ៉ុ​ក​កាលពី​ឆ្នាំ​២០១៤​បានធ្វើ​ឲ្យ​ទំនាក់ទំនង​មិត្តភាព និង​ចំណង​ការទូត​ដ៏​ល្អ​នៃ​ប្រទេស ទាំងពីរ​ដែលមាន​ស្រាប់​កាន់តែ​រឹងមាំ​ឡើង​។ លោក​ទូត​បានស្នើ​ដល់​រដ្ឋសភា​កម្ពុជា​ជួយ​ឲ្យ គាំទ្រ​ប្រទេស​ម៉ា​រ៉ុ​ក​ជា​ភ្ញៀវ​នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​អន្តរ​សភា​អាស៊ាន​(AIPA) នៅ​ខែ កញ្ញា​ខាងមុខនេះ​ដែល​ប្រទេស​សឹង្ហ​បុរី​ធ្វើជា​ម្ចាស់ផ្ទះ​។

​លោក​បណ្ឌិត ងួន ញ៉ិល បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម​ឯកអគ្គរាជទូត​ពី​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ម៉ា​រ៉ុ​ក​។ ចំពោះ​សំណើ​ទាំងពីរ​ខាងលើ របស់​ប្រទេស​ម៉ា​រ៉ុ​ក​សភា​កម្ពុជា​ទទួលយក ដោយ​ឯកឧត្តម​បណ្ឌិត​បាន​គូសបញ្ជាក់ថា នឹង ពាំនាំ​សំណើ​នេះ ទៅ​ជម្រាបជូន​សម្តេច​ប្រធានរដ្ឋសភា​។ លោក​អនុប្រធាន​ទី​២​រដ្ឋសភា បាន​លើកឡើងថា សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​មាន​មោទន ភាព​យ៉ាង​ក្រៃលែង​ចំពោះ​វត្តមាន​ចូលរួម​ពី​បណ្តា​ប្រទេស​ជា​មិត្ត​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នា​ដើមឆ្នាំ​២០១៩​។

សូមជម្រាបថា សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ ប្រចាំ​ឆាំ្ន​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅក្នុង​ខែមករា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​អង្គរ ខេត្ត សៀមរាប​។ បច្ចុប្បន្ននេះ​សភា​កម្ពុជា​បាន​កំពុង​ត្រៀម​រៀបចំ​ការងារ​សំខាន់ៗ​មួយចំនួន សម្រាប់​ដំណើរការ​កិច្ចប្រជុំ​នោះ​ដូចជា ការងារ​ឯកសារ ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ជាដើម​។ ដោយ ឡែក​ចំពោះ​ការចេញលិខិត​អញ្ជើញ​បណ្តា​ប្រទេស​នានា​មក​ចូលរួម​កិច្ចប្រជុំ​នេះ នៅ​មិនទាន់ ដល់ពេល​នោះទេ ហើយ​ចំពោះ​ការស្នើសុំ​របស់​ប្រទេស​ម៉ា​រ៉ុ​ក​នាពេលនេះ​គឺជា​សំណើ​ទី​១ នៃ​ប្រទេស​ជា​មិត្ត ដែល​បានបង្ហាញ​ឆន្ទៈ​ក្នុង​ការចូលរួម​កិច្ចប្រជុំ APPF ដែល​សភា​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ​៕