ហាង​ម៉ាស្សា​កោស​ជប់​រីក​ដូច​ផ្សិត​នៅ​សង្កាត់​ស្ទឹងមានជ័យ ទី​១ ដល់ទី​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2018 ក+ ក-

​ភ្នំពេញ ៖ ហាង​ម៉ាស្សា​កោស​ជប់​តម្លៃ​១​ម៉ឺន​រៀល បាន​រីក​ឡើង​ដូច​ផ្សិត នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ស្ទឹងមានជ័យ​២ សង្កាត់​ស្ទឹងមានជ័យ ៣ ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយសារ​ទទួល​បានកា​រ​គាំទ្រ​ពី​សំណាក់​ក្រុម​អ្នកដើរ​លេង​យប់​។​

​គេ​មិនអាច​ដឹងបាន​ងាយៗ ពី​អាថ៌កំបាំង​ក្នុង​ហាង​ម៉ាស្សា​កោស​ជប់ ទាំងនោះ​ថា តើ​ណាមួយ​មាន​បង្កប់​នូវ​សេវា​បម្រើ​ផ្លូវភេទ ឬ​អត់​នោះឡើយ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា ដែល​បាន​កើតឡើង​ក្នុង ពេលកន្លងមក ជា​បន្តបន្ទាប់​នោះ​គឺ​ហាង​ទាំងនោះ​តែងតែ បន្លំ​លួច​លុយ​ភ្ញៀវ​ជា​ញឹកញាប់ ហើយ​មាន​ភ្ញៀវ ជាច្រើន​នាក់​មកហើយ ដែល​បាន​រងគ្រោះ​ព្រោះ​ការ​លួច​លុយ ពេល​ចូល​ទៅដល់​ទីនោះ​។​

​បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់ បាន​ប្រាប់ថា ចាប់ពី​វេលា​ម៉ោង ៧​យប់​ឡើងទៅ មាន​ពន្លឺភ្លើង​នៃ​ស្លាក​យីហោ «​កោស​ជប់ ម៉ាស្សា តម្លៃ​១០.០០០៛» បាន​ភ្លឺ​ព្រោងព្រាត​ចាប់ពី​គោល​ស្ពាន​អាកាស​ស្ទឹងមានជ័យ រហូតដល់​ព្រំប្រទល់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយឡែក​ក្រុម​អ្នកដើរ​លេង​យប់ និង​អ្នកស្វែងរក​សេវា​កោស​ជប់ និង​ម៉ាស្សា ក៏មាន​ជា​ហូរហែ​នៅតាម​ហាង ម៉ាស្សា​កោស​ជប់​ទាំងនោះ និង​មាន​អ្នកខ្លះ​ក៏បាន​ស្វែងរក​សេវា​ផ្លូវភេទ​នៅ​ទីនោះ​ផងដែរ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នករកស៊ី​បើកហាង ម៉ាស្សា​កោស​ជប់​តម្លៃ​១០.០០០​រៀល​ទាំងនោះ ក៏​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះដែរ តែ​ក៏មាន​មួយ ចំនួន​ធំ​ផងដែរ​ដែល​រកស៊ី​តាម​ទុច្ចរិត ពួកគេ​បានរៀបចំ​សេណារីយោ ត្រូវដង​ត្រូវផ្លែ​គ្នា​រវាង​ថៅកែ​ហាង ជាមួយ​ស្ត្រី​ដែលជា​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​នោះ ក្នុងការ​លួច​លុយ​ភ្ញៀវ ឬក៏​បន្លំ​យកលុយ​សែន​ដូរ​យក លុយ​ពិតប្រាកដ​របស់​ភ្ញៀវ​ជា​ហូរហែ​។​

​បុរស​ដដែល បន្តថា អ្នក​ដែល​ចូល​ចិ​ត្ ចូលទៅ​កាន់​កន្លែង​ទាំងនេះ គួរតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ដូចជា​ម៉ូតូ​ជាដើម ព្រោះ​នៅក្នុង​ហាង​ទាំងនោះ​គ្មាន​សន្តិសុខ​យាម​ទេ ហើយ​កុំ​ពឹង​ក្រុម​នារី​កោស​ជប់ ស្រួល​មិន​ស្រួល​អាច​ស៊ីដាច់​ម៉ូតូ​បាត់​ទៀតផង និង​មួយទៀត​កាបូប​លុយ ឬ​គ្រឿងអលង្ការ​ផ្សេងៗ ព្រោះ​ក្រុម​អ្នក រកស៊ី​កោស​ជប់​ម៉ាស្សា​ទាំងនោះ គឺជា​ក្រុម​ដៃ​ស្អិត​តែងតែ​យកលុយ​ក្លែងក្លាយ​ទៅ​ប្តូរ​យកលុយ​ភ្ញៀវ ដល់ពេល​ដឹងថា​បាត់ មិនដែល​យកបាន​មក​វិញ​ទេ មានតែ​ការ​ខូច​តែ​ឈ្មោះ​និង​ខ្មាស​គេ​ប៉ុណ្ណោះ ដូច្នេះ​កុំ​ប្រហែស​ឱ្យសោះ​។​

​តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ទីតាំង​ខាងលើ​ទាំងនេះ​បានធ្វើ​រកស៊ី​បែបនេះ​ជា​យូរ​មក ហើយៗ​ខាង​អាជ្ញាធរ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​មិនបាន​ហៅ​មក​ព្រមាន និង​ធ្វើ កិច្ចសន្យា ឱ្យ​បញ្ឈប់​ការបន្លំ​លុយ​ភ្ញៀវ​ម្តងណា​ទេ ទុកអោយ​ម្ចាស់​ហាង​ទាំងនោះ​នៅតែ​បន្ដ​ការបន្លំ​លុយ​ភ្ញៀវ​ដដែល ទោះបី​ជាមាន​ភ្ញៀវ​មកប្តឹង​សមត្ថកិច្ច​ជា​ញឹកញាប់​ក៏ដោយ តែ​បាន​មកវិញ​បានត្រឹមតែ​ភាព​អា​មាស់​ប៉ុណ្ណោះ​៕