លោក កឹម សុខា បានបង្ហាញ​ខ្លួន​នៅ​សាលាឧទ្ធរណ៍​ម្តងទៀត​រឿង​ឃុបឃិត​ជាមួយ​បរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 March, 2018 ក+ ក-

​ភ្នំពេញ​ ៖ ជន​ត្រូវ​ចោទ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បង្ហាញខ្លួន​ម្តងទៀត នៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ស្អែក​នេះ ដើម្បី​បន្ដ​បើកសវនាការ ក្រោម​បទចោទប្រកាន់ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​។ នេះ​ជាការ​បង្ហាញ​វត្តមាន​លើក​ទី​២ ហើយ​នៅ​សាលាឧទ្ធរណ៍ ។​

​ទំព័រ Facebook របស់លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា បានសរសេរថា លេ​ា​ក កឹម សុខា នឹងមាន​វត្តមាន​ចូលរួម​នៅក្នុង​សវន​ការ នៅ​ថ្ងៃ​អង្គារ ទី​២៧​ខែមីនា​នៅ​ម៉ោង​០៨​ព្រឹក​នៅ​សាលាឧទ្ធរណ៍​លើ​បណ្តឹងសាទុក្ខ​ស្តីពី​ការបន្ត​ឃុំខ្លួន​រូប​លេ​ា​ក​។​

​លោក សំ សុ​គង់ មេធាវី លោក កឹម សុខា បញ្ជាក់ថា​សវនាការ​នេះ​មានកម្ម​វត្ថុ ប្តឹង​ប្រឆាំងនឹង​ដីកា របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បន្ត​ពន្យារពេល​ឃុំខ្លួន​លោក កឹម សុខា ៦​ខែ​ទៀត ។​

​រំលឹកថា លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើតឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យមាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ដល់​៣០​ឆ្នាំ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​៕