ពីពេលនេះដល់ឆ្នាំ២០៥០ អ្នកកាន់ សាសនាអ៊ីស្លាមនឹងមានចំនួនច្រើនជិតស្មើអ្នកកាន់សាសនាកាតូលិក។ ឯចំនួនអ្នកមិនប្រកាន់សាសនា និងអ្នកកាន់សាសនាព្រះពុទ្ធវិញ នឹងធ្លាក់ចុះ។ នេះបើតាមរបាយការណ៍កម្រាស់ ២៤៥ទំព័រ ដែលអ្នកស្រាវជ្រាវអាមេរិក នៃមជ្ឈមណ្ឌលស្រាវជ្រាវ PEW បានសិក្សា តាមរយៈជំរឿនក្នុងប្រទេសចំនួន១៧៥ (៩០%នៃប្រជាជននៅលើពិភពលោក)។
បើ តាមរបាយការណ៍អាមេរិកឈ្មោះ “អនាគតសាសនានៅលើពិភលោក ៖ ២០១០-២០៥០ !” ទើបចេញផ្សាយនៅចុងសប្តាហ៍នេះ ចំនួនអ្នកកាន់សាសនាអ៊ីស្លាម អាចនឹងឡើងស្មើចំនួនអ្នកកាន់សាសនាគ្រិស្ត នៅឆ្នាំ២០៥០ ប្រសិនបើនិន្នាការនៅបន្តដូចពេលបច្ចុប្បន្ននេះ។ ជាសរុប អ្នកកាន់សាសនាអ៊ីស្លាមនឹងមានចំនួន ២៧៦០លាននាក់ (១៦០០លាននាក់នៅឆ្នាំ២០១០) ខណៈដែលអ្នកកាន់សាសនាគ្រិស្តមានត្រឹម២៩២០លាននាក់ នៅឆ្នាំ២០៥០។
ថ្វីបើសាសនាគ្រិស្ត បន្តស្ថិតនៅជាក្រុមសាសនាដ៏ធំជាងគេនៅលើពិភពលោក ជាមួយអត្រា ៣១,៤%មែន ប៉ុន្តែចំនួនអ្នកសាសនាអ៊ីស្លាមវិញនឹងកើតឡើងដល់ទៅ ២៩,៩% ទល់នឹង២៣,២%នៅឆ្នាំ២០១០។ អ្នកស្រាវជ្រាវហ៊ានអះអាងដូច្នេះ ដោយសំអាងទៅលើ អត្រាបង្កើតកូន ទៅលើភាពវ័យក្មេងរបស់ពលរដ្ឋនៃសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និងទៅលើនិន្នាការប្តូរជំនឿទៅប្រកាន់យកសាសនាអ៊ីស្លាម។ ក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ ពលរដ្ឋអ៊ីស្លាម បានពង្រីកខ្លួនលឿនជាងសហគមន៍សាសនាដទៃទៀតឆ្ងាយណាស់ ពោលគឺដល់ទៅ ៧៥% បើប្រៀបនឹងកំណើនប្រជាជនពិភពលោកដែលមានត្រឹមតែ៣៥%សោះ។
ដូច្នេះបើយោលទៅតាមទិន្នាការនេះ អ៊ីស្លាមនឹងកា្លយជាសាសនាដែលធំជាងគេនៅឆ្នាំ២០៧០។
បើគិតជាតួលេខ គ្រប់សាសនាសុទ្ធតែមានចំនួនកើនឡើងទាំងអស់ លើកលែងតែសាសនាព្រះពុទ្ធមួយប៉ុណ្ណោះ ដែលមានចំនួននៅថេរ។ មូលហេតុគឺបណ្តាលមកពីពលរដ្ឋសហគមន៍នេះសុទ្ធតែ ចាស់ៗ និងមានអត្រាបង្កើតកូនទាប ឧទាហរណ៍ ចិន ថៃនិងជប៉ុន។ ចំណែកអត្រាអ្នកគ្មានជំនឿប្រកាន់សាសនាវិញ មានអត្រាធ្លាក់ចុះពី១៦,៤%នៅឆ្នាំ២០១០ ទៅ ១៣,២% នៅឆ្នាំ២០៥០។
សហរដ្ឋអាមេរិកនៅតែជាប្រទេសកាតូលិកធំជាងគេនៅលើពិភពលោក បន្ទាប់មកគឺប្រេស៊ីល។ នីហ្សេរីយ៉ា នឹងដណ្តើមយកចំណាត់ថ្នាក់លេខបីពីម៉ិចស៊ិក។ រីឯអឺរ៉ុបទ្វីបដ៏ចំណាស់វិញ ចំនួនពលរដ្ឋធ្លាក់ចុះ អ្នកកាន់សាសនាគ្រិស្តក៏ធ្លាក់ចុះ តំណាងឱ្យតែ២/៣នៃពលរដ្ឋសរុប ទល់នឹង៣/៤កាលពីឆ្នាំ២០១០។ ប៉ុន្តែក្នុងចំណោមអ្នកកាន់សាសនាគ្រិស្ត១០នាក់ មានបួននាក់រស់នៅក្នុងទ្វីបអាហ្វ្រិក៕rfi/
ពិធីសូត្រធម៌ពេលព្រឹកនៅក្រៅវិហារអ៊ីស្លាម នាទីក្រុងកាប៊ូលប្រទេសអាហ្វហ្កានីស្ថានREUTERS