កិច្ចប្រជុំ​ក្រុម​ប្រទេស​ទន្លេមេគង្គ​លើក​ទី​៣ នៅ​សៀមរាប ក្រោម​កម្លាំង​រក្សា​សន្តិសុខ​រាប់ពាន់នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 March, 2018 ក+ ក-

​សៀមរាប ៖ អគ្គ​ស្នងការរង​នគ​បាល​ជាតិ បាន​ថ្លែងថា កងកម្លាំង​សមត្ថកិច្ច​ចំរុះ​រាប់ពាន់នាក់​នឹងដាក់​ពង្រាយ​ការពារ​សន្ដិសុខ និង​សុវត្ថិភាព​នៃ​កិច្ចប្រជុំ​កំពូល​គណៈកម្មាការ​ទន្លេ​មេគង្គ​លើក​ទី​៣ ដែល​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០២​ដល់​ថ្ងៃទី​០៥​ខែមេសា​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ អគ្គ​ស្នងការរង​នគរបាលជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ទូច ណារ៉ុថ បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ដាក់​ផែនការ​ដល់​មន្ដ្រី​សមត្ថកិច្ច​នៅ​ខេត្ដ​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨​នេះ​។ លោក​មានប្រសាសន៍ថា កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ ដែល​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៥ ខែមេសា ខាងមុខ នឹងដាក់​កម្លាំង​សមត្ថកិច្ច​ចំរុះ​រាប់ពាន់នាក់ ដើម្បី​ការពារ​សន្ដិសុខ សុ​ត្ថិ​ភាព​ដល់​ភ្ញៀវ​កិ​ត្ដិ​យស ។ ជាមួយគ្នា​នោះ លោក​បាន​ណែនាំ​ដល់​មន្ដ្រី​សមត្ថកិច្ច​ចូលរួម​កិច្ចប្រជុំ ដោយ​ធ្វើយ៉ាងណា​រក្សា​អោយបាន​នូវ​សន្ដិសុខ​និង​សុវត្ថិភាព​ដល់​គណៈប្រតិភូ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ទន្លេមេគង្គ​នាពេលខាងមុខ​នេះ​។​
​លោក ទូច ណារ៉ុថ បាន​មានប្រសាសន៍​ទៀតថា យើងទាំងអស់គ្នា ត្រូវខិតខំ​ប្រឹងប្រែង ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ ភ្ញៀវ​ជាតិ អន្តរជាតិ ក្នុង​កិច្ចប្រជុំ​ទន្លេមេគង្គ​នេះ​ឲ្យ​បាន​ជោគជ័យ​។ ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា ត្រូវ​ត្រួត​ពិនិត្យមើល លើ​ការប្រើប្រាស់​អគ្គិសនី កន្លែង​ស្នាក់នៅ កន្លែង​គណៈប្រតិភូ​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​ផ្សេងៗ និង​ការធ្វើ​ម្ហូបអាហារ​នៅ​កន្លែង​សណ្ឋាគារ ដែល​ភ្ញៀវ​កិ​ត្ដិ​យស​ស្នាក់នៅ​ព្រមទាំង​ត្រូតពិនិត្យ​លើ​តាម​ដងផ្លូវ​នានា និង​ត្រូវ​ចាត់តាំង​អោយមាន​មន្ត្រី​សុខាភិបាល​រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ពន្លត់អគ្គីភ័យ បង្ការ​អគ្គីភ័យ​កើតឡើង ជាយថាហេតុ ពិសេស​កម្លាំង​នគរបាល​តាម​ខេត្ដ​ស្រុក​-​ក្រុង ហើយក៏​ត្រូវ​ធានាថា​មិនមាន​ចោរលួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឡើយ​។​

សូមជម្រាបថា កិច្ចប្រជុំ​ទន្លេមេគង្គ​លើក​ទី​៣ និង​កម្មវិធី​សន្និសីទ​អន្ដរជាតិ ចាប់ផ្ដើម​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៥ ខែមេសា ខាងមុខ នៅ​ខេត្ដ​សៀមរាប ក្រោម​ប្រធានបទ​«​ទន្លេមេគង្គ​តែមួយ ស្មារតី​តែមួយ »​ការលើក​កំពស់​ការខិតខំ​ប្រឹងប្រែង​រួមគ្នា និង​ភាពជា​ដៃគូរ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​អាង​ទន្លេមេគង្គ​» ដែលមាន​វត្ដ​មាន​សម្ដេច​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា និង​មាន​នាយករដ្ឋមន្ដ្រី​ប្រទេស​ផ្សេងៗ​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​និង​ទន្លេមេគង្គ​៕