ប្រមុខ​ដឹកនាំ​កម្ពុជា ចេញទៅ​ប្រជុំ​កំពូល​ចំនួន២​នៅ​ប្រទេស​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល រួម​និង​គណៈប្រតិភូ​កម្ពុជា បានធ្វើ​ដំណើរ​ដល់​ប្រទេស​វៀតណាម​ហើយ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​សំខាន់​ចំនួន​ពីរ គឺ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​(GMS) លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) លើក​ទី​១០​។​

​បន្ទាប់ពី​ធ្វើដំណើរ​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨​នេះ យន្តហោះ​ពិសេស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា រួម​និង​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​ចុះចត​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ណូយ​បៃ ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នៅវេលា​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ដដែល​នេះ ដោយមាន​វត្តមាន​រង់​ចាំ​ទទួល​ដំណើរ ពី​សំណាក​មន្ត្រីជាន់ខ្ពស់ នៃ​ប្រទេស​វៀតណាម និង​ឥស្សរជន​ការទូត​នៃ​ប្រទេស​កម្ពុជា ជាច្រើនរូប​។

​ចំណែក មន្ត្រីជាន់ខ្ពស់​កម្ពុជា​ដែល​បាន​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រួមមាន លោក ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ជាតិ​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​! លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រ​ម៉ាញ់ និង​នេសាទ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ តាម​ការបញ្ជាក់​របស់ លោក ស្រ៊ី ថា​ម​រ៉ុ​ង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានអោយដឹងថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ប្រទេស​វៀតណាម​ពេលនេះ គឺធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម ង្វៀន សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល មហា​អនុតំបន់​មេគង្គ លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដែល កិច្ចប្រជុំ​ទាំងពីរ​នេះ​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ដល់​ថ្ងៃទី​៣១ ខែមីនា​។

​កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ គឺជា​ការបង្ហាញ​នូវ​ការប្តេជ្ញា​រួម​កម្លាំង​គ្នា រវាង​ប្រទេស​ក្នុង​តំបន់​ដើម្បី​ឈានទៅ​ដាក់​ឲ្យ​ដំណើរការ​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ជោគជ័យ នូវ​បណ្តា​គម្រោង​វិស័យ​អាទិភាព និង​គម្រោង​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ ដែល​បាន​ព្រមព្រៀងគ្នា អោយ​ប្រែក្លាយ​វា​ឲ្យ​ទៅជា​ការពិត និង​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ ស្របតាម​គោលដៅ​ចុងក្រោយ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​និរន្តរភាព​។

​សូមបញ្ជាក់ថា នៅក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៦ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​របស់​មហា​អនុតំបន់​មេគង្គ ដែល​ផ្តោតទៅលើ​ភាពជោគជ័យ និង​ការ​ប្រឈម​លើ​វិស័យ​សំខាន់ៗ នៃ​ការអភិវឌ្ឍ​អនុតំបន់​មេគង្គ​ផងដែរ​។

​ចំណែក កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្តីពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ថ្នាក់ដឹកនាំ នឹង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ រួម​និង​ការអនុម័ត​ផែនការ​សកម្មភាព​សម្រាប់​ការតភ្ជាប់​សេដ្ឋកិច្ចកម្ពុជា ឡាវ វៀតណាម ដល់​ឆ្នាំ​២០៣០ ៕​