កម្ពុជា ឡាវ វៀតណាម ចេញ​សេចក្តី​ថ្លែង​ការ​ណ៌​រួម​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 March, 2018 ក+ ក-

​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម (CLV)​លើក​ទី​១០ ស្តីពី​ការ​អភិ​វ​ឌ្ប​តំបន់ត្រីកោណ បានចេញ​សេចក្តី​ថ្លែង​ការ​ណ៌​រួមគ្នា​មួយ ដែល​ជំរុញ​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍ​ខេត្ត​តាម​ព្រំដែន​នៅ​តំបន់ត្រីកោណ​រវាង​ប្រទេស​ទាំង​៣​។​

​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ វៀតណាម ហៅ​កាត់​ថា CLV លើក​ទី​១០ ស្តីពី​ការ​អភិ​វ​ឌ្ប​តំបន់ត្រីកោណ ដែល​ប្រារព្ធ​ធ្វើ នា​រសៀល​ថ្ងៃទី​៣១ ខែមីនា នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម បានសម្រេច​ចេញ​សេចក្ដីថ្លែងការណ៍​រួមមួយ ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី គឺ លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​! និង​លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បានទទួល​ស្គា​ល់ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ធ្វើអោយមាន​រីកចម្រើន​លឿន​បំផុត​នៅក្នុង​អនុតំបន់ និង​សមិទ្ធិផល​ដ៏​សំខាន់​ដែល​សម្រេចបាន ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​។ ប៉ុន្តែ​ទោះបីយ៉ាងណា ប្រទេស​ទាំងបី នៅតែ​ប្រឈម នឹង​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​រក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន នៃ​បម្រែបម្រួល​អាកាសធាតុ និង​កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ាន​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះដែរ មេដឹកនាំ CLV បាន​អះអាង​រួមគ្នា នូវ​ការប្ដេជ្ញាចិត្ត ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ រវាង​ប្រទេស​ទាំងបី និង​កសាង​សមាហរណកម្ម ក្នុងប្រទេស CLV ដែលជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន ក្នុង​ចក្ខុវិស័យ​របស់​សហគម​ន៍​អាស៊ាន​ឆ្នាំ​2025​។ ដើម្បី​សម្រេចបាន​ចក្ខុវិស័យ​នោះ មេដឹកនាំ CLV បាន​បន្ត​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​អភិវឌ្ឍ​ខេត្ត​តាម​ព្រំដែន​នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV តាមរយៈ​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ ក្នុងចំណោម​ប្រទេស CLV ទៅនឹង​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​។ ក្នុង​ចំណុច​នេះ មេដឹកនាំ​ទាំងអស់ ក៏បាន​បញ្ជាក់​ឡើងវិញ នូវ​សារៈសំខាន់ នៃ​ការធានា​សន្តិសុខ​សុវត្ថិភាព និង​ស្ថេរភាព បរិស្ថាន​សម្រាប់​វិនិយោគិន ធុរជន និង​ប្រជាជន​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV ពិសេស​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ការពារ និង​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​ខុសច្បាប់ រួមទាំង​ការជួញដូរ​ព្រៃឈើ គ្រឿងញៀន ការជួញដូរ​មនុស្ស អំពើ​ភេរវកម្ម និង​បន្ត​ការ​បោសសម្អាត​មីន និង​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV​។

​មេដឹកនាំ​ទាំងអស់ បាន​ប្ដេជ្ញា​ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV តាមរយៈ​ការរៀបចំ​ពិសេស និង​គោលនយោបាយ​អនុគ្រោះ និង​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV​។
​ដោយឡែក នៅក្នុង​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ វៀតណាម លើក​ទី​១០ ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ​នេះ ប្រមុខ​មេដឹកនាំ​នៃ​ប្រទេស​ទាំងបី ក៏បាន​ឈានដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កឹ​ប​កេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ផងដែរ​។

សូមបញ្ជាក់ថា តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម ជា​តំបន់​ដែល​ព្រំដែន​ជាប់​គ្នា នៃ​ខេត្ត​ចំនួន​១៣ រួមមាន ខេត្ត​ចំនួន​៤ របស់​កម្ពុជា គឺ​ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី និង​ខេត្តក្រចេះ​។ ខេត្ត​ចំនួន​៤ របស់​ឡាវ គឺ​ខេត្ត​អា​តា​ពឺ ខេត្ត​សាឡា​វ៉ាន់ ខេត្ត​សេកុង និង​ខេត្ត​ចំប៉ា​សាក់​។ ចំណែក​ប្រទេស​វៀតណាម មាន​៥​ខេត្ត គឺ​ខេត្ត​កុន​ទុម ខេត្ត​ហ្កា​ឡាយ ខេត្ត​ដា​កឡាក់ ខេត្ត​ដាក់​ណុង និង​ខេត្ត​ប៊ី​ង​ភឿ​ក​៕