កម្មវិធី​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ជួយ​បង្កើន​ទំនាក់ ទំនង និង​ការពារ​សម្បត្តិ​វប្បធម៌​ខ្មែរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2018 ក+ ក-

​ភ្នំពេញ ៖ ដើម្បី​ជា​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដែល​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស អ៊ិន​ធី​ធី​អាយ (N.T.T.I) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​កម្មវិធី​ស​ង្រា្ក​ន​ឆ្នាំ​ថ្មី​ដើម្បី​ធ្វើការ​តាំង​ពិ​ព័រ​ណ៌​បង្ហាញ​សមិទ្ធផល និង​ស្នាដៃ ច្នៃប្រឌិត របស់​និស្សិត​បច្ចេកវិទ្យា​តាម​ជំនាញ បច្ចេកទេស​ផង ហើយក៏​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​គ្រូ​និង​សិស្ស រវាង​សិស្ស​និង​សិស្ស និង​បំផុស​ឱ្យ​យុវជន​រួមគ្នា​ការពារ​សម្បត្តិ​វប្បធម៌​ឱ្យ​គង់​វង់​យូរអង្វែង​។​

នៅក្រោយ​ពិធី​ស​ង្ក្រា​ន​កាលពី​រសៀល​ថ្ងៃទី​៣១​ខែមីនា នេះ ឯកឧត្តម យ៉ោ​ក សុធី នាយក​វិទ្យា ស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន​ថា “​កម្មវិធី​រៀបចំឡើង​នេះ គឺ​ចង់​ឲ្យ​ប្អូនៗ​សិស្ស និង​គរុ​និស្សិត​ដែល​កំពុង​សិក្សា​នៅក្នុង​វិទ្យាស្ថាន​ទាំងអស់​ឱ្យ​ចេះ​រៀបចំ​កម្មវិធី​ដោយ​ខ្លួនឯង ចេះ​បង្កើត​ភាព​ច្នៃប្រឌិត​និង​ការអភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស​និង​វិជ្ជាជីវៈ ដើម្បី​បង្ហាញ​ពី​សម្ព័ន្ធភាព​នៃ​ប្រពៃណី​ដ៏​ផូ​ផង់​ក្នុងសង្គម​ខ្មែរ​ជាពិសេស​បំផុសស្មារតី យុវជន ឱ្យ​រួមគ្នា​ការពារ វប្បធម៌ និង​ប្រពៃណី​របស់​ដូនតា​យើង​បាន​បន្សល់​ទុកឱ្យ​បានគ​ង់​វង្ស​ទៅ​ថ្ងៃ​ខាងមុខ​។​

​ជាមួយគ្នានេះ លោកនាយ​កបាន​អំពាវនាវ​ទៅដល់​យុវជន​ឱ្យ​រួម​សាមគ្គី​គ្នា និង​រួមដៃគ្នា​ឡើង បង្កើត​នូវ​កម្មវិធី ឬ បង្ហាញ​ពី​សមិទ្ធិផល​ច្នៃប្រឌិត​របស់ខ្លួន សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ឲ្យ​បន្ត​ថែរក្សា​នូវ​វប្បធម៌ ប្រពៃណីជាតិ ដែល​ដូនតា​បង្កើត​មក ហើយ​អ្វីដែល​សំខាន់​ជាងនេះទៀត ប្រសិនបើ​ប្រទេស​គ្មាន​សន្តិភាព​ទេ នោះ​ក៏​មិនអាច​មានកម្ម​វិធី​នានា​កើតឡើង​បានដែរ​។​

ដោយឡែក លោក រៀល សន​វិច្ឆិកា និង​កញា ផៅ មួយ​លី​ស ដែលជា​គរុ​និស្សិត នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស ក្នុងចំណោម​អ្នកចូលរួម​ជាច្រើន​ផ្សេងទៀត បាន​សម្តែង​ក្តី​រីករាយ​និង​សាទរ​ចំពោះ​កម្មវិធី​ដែលមាន​នាពេលនេះ និង​បាន​សំណូមពរ​គ្រឹះស្ថានសិក្សា និង​សាលា​នានា​នៅ​ទូទាំងប្រទេស គួររៀបចំ​ឲ្យ​មានកម្ម​វិធី​ស​ង្ក្រា​ន​នេះ​ឡើង​ដើម្បី​ជាការ​អបអរសាទរ​បុណ្យជាតិ​ផង​និង​បង្កើន​ការប្រាស្រ័យ​ទាក់ទង​គ្នា​ឲ្យ​កាន់តែ​ល្អប្រសើរ​ផង ពិសេស​រក្សា​កេរ្តិ៍ដំណែល​របស់​ដូនតា​យើង​ផង​។​

សូមបញ្ជាក់ថា វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ ដែល​ស្ថិតនៅ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បច្ចុប្បន្ន វិទ្យាស្ថាន​នេះ បាន​នឹង​កំពុង​បន្ត​នូវ​បេសកកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​មុំ​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​រួមចំណែក​បង្កើន​នូវ​ធនធានមនុស្ស ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សមធម៌​៕​