ចាប់ខ្លួន​លោក ឡាយ វណ្ណៈ អតីត​ចៅហ្វាយ​ខេត្តតាកែវ ក្នុង​រឿង​សម្លាប់​ស្រី​កំណាន់​របស់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 April, 2018 ក+ ក-

​តាកែវ ៖ លោក ឡាយ វណ្ណៈ ត្រូវបាន​ចាប់ខ្លួន​ហើយ នៅ​ជិត​ទីតាំង​ប្រារព្ធ​ពិធី​ផ្ទេរតំណែង​មួយ នៅ​ជិត​វិទ្យាល័យ ជា ស៊ីម ស្ថិតក្នុង​សង្កាត់​រការ ក្នុង​ក្រុង​ដូន​កែវ ។ លោក ឡាយ វណ្ណៈ រួមជាមួយ​អង្គរក្សរ​ប​ស់លោក ត្រូវបាន​កម្លាំង​សមត្ថកិច្ច​មាន​គ្នា​៤-៥​នាក់ បាន​ឃាត់​រថយន្ត​របស់លោក ឡាយ វណ្ណៈ និង​បានប្រគល់​ដីកាចាប់ខ្លួន ហើយ​នាំ​លោក ឡាយ វណ្ណៈ មក​ចូល​រថយន្ត​សមត្ថកិច្ច រួច​បើក​ចេញទៅ​កាន់​រាជធានី​ភ្នំពេញ​ភ្លាមៗ​។

មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅ​ថ្ងៃទី​១ ខែមេសា នេះ ថា អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែល​ទើបតែ​ត្រូវ​ដកចេញ​ពី​តំណែង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ហើយ នៅ​ម៉ោង​១៥៖៣០​នាទី ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​នេះ តាម​ដីកា​បង្គាប់​ឲ្យ​ឃាត់ខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដ៏​អាថ៌កំបាំង​សម្លាប់​ស្រី​កំណាន់​របស់ខ្លួន នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ កន្លងមកនេះ​។

ក្នុង​សំណុំ​រឿងនេះ​មាន​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់​ត្រូវបាន​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​៣១​ខែមីនា​ក្នុងនោះ​មាន ១.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ​, ២.​ឈ្មោះ ចាន់ រី ភេទ​ស្រី ៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់​ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ​អ្នកស្រី ចេ​វ សុ​វ ឌ្ឍ​នា​។ ៤.​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​៥.​ឈ្មោះ តាក់​រតនា​ជា​អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ ណា​រិ​ទ្ធ​។​
​ក្នុង​សំណុំរឿង​នេះដែរ​លោក ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ជាប់​ក្នុង​បទ​សង្ស័យ​ឃាតកម្ម​។​ចំណែក​មនុស្ស​បួន​នាក់​ទៀត​ក្នុង​បទល្មើស​លាក់​មិន​រាយការណ៍​។ រហូតមកដល់​រសៀល​ថ្ងៃទី​១​ខែមេសា នេះ ការសាកសួរ​របស់​តុលាការ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ឈ្មោះ ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ហើយ​បញ្ជូន​ឲ្យ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​អនុវត្ត​ដីកា​នា​ព្រឹក​ថ្ងៃនេះ​នៅ​ខេត្តតាកែវ ខណៈ​លោក ឡាយ វណ្ណៈ ដើរ​ចេញពី​ពិធី​ផ្ទេរ​តំណេ​ង​ប្រធាន​គណបក្ស​កម្ពុជា​ខេត្តតាកែវ​៕