ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់សម្រេចបែបណានៅឡើយទេជុំវិញសំណុំរឿងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងជនសង្ស័យ៥នាក់ផ្សេងទៀត ពាក់ព័ន្ធករណីមរណភាពស្ត្រី ចេវ សុវឌ្ឍនា ជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ នៅឡើយទេ នារសៀលថ្ងៃទី២ ខែមេសា នេះ បន្ទាប់ពីបានធ្វើការសួរចម្លើយអស់រយៈពេលជាច្រើនម៉ោង។ នេះបើតាមបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្ដាញតេឡេក្រាម នៅល្ងាចថ្ងៃទី២ ខែមេសា នេះ។
គួរបញ្ជាក់ថា លោក ឡាយ វណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីក្រសួងមហាផ្ទៃ (អតីតអភិបាលខេត្តតាកែវ) ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅមុខវិទ្យាល័យ ជា ស៊ីម តាកែវ ស្ថិតក្នុងសង្កាត់រកាក្នុងក្រុងដូនកែវ ស្ថិតនៅចំងាយ ប្រមាណ១៥០ម៉ែត្រ ពីកន្លែងប្រារព្ធពិធីផ្ទេរប្រធានបក្សខេត្ត កាលពីរសៀលថ្ងៃទី១ ខែមេសា ដើម្បីសាកសួរពីដំណើររឿងឃាតកម្ម កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅចំណុះផ្ទះជួល ក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងសំណុំរឿងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ចាន់ រី ភេទស្រី និងប្តីឈ្មោះ ជឹម វុធ ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា, ឈ្មោះ មេន សម័យ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ ចំណែកលោក ឡាយ វណ្ណៈ ជាជនសង្ស័យទី៦ ហើយទំនងជាជនចុងក្រោយបង្អស់ដែលពាក់ព័ន្ធនឹងការសម្លាប់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់របស់លោក៕