អតីត​អភិបាល​ខេត្តតាកែវ​លោក ឡាយ វណ្ណៈ ប្រឈម​ជាប់ពន្ធនាគារ​ពី​១០​ទៅ​១៥​ឆ្នាំ​ពីបទ​ឃាតកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2018 ក+ ក-

​ភ្នំពេញ ៖ មនុស្ស​៤​នាក់​នៅ​ព្រលប់​ថ្ងៃទី​៣ ខែមេសា នេះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ចោទប្រកាន់ និង​បង្គាប់​ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ក្នុងនោះ​មាន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​និង​បងប្រុស​របស់លោក​ឈ្មោះ ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​ខេត្តតាកែវ ពីបទ​ឃាតកម្ម​។​ចំណែក​មនុស្ស​២​នាក់​ទៀត ត្រូវបាន​ចោទប្រកាន់​ពីបទ​លាក់បាំង​តម្រុយ​ក្នុង​អង្គហេតុ​តែមួយ​។​

​សូមជម្រាបថា បន្ទាប់ពី​សួរចម្លើយ​លើក​ទី​ពីរ​អស់​ពេល​ជាច្រើន​ម៉ោង ព្រះរាជអាជ្ញារង សៀង សុខ បានសម្រេច​ចោទប្រកាន់​មនុស្ស​៤​នាក់ ក្នុងចំណោម​៦​នាក់ ពាក់ព័ន្ធ​នឹង​មរណភាព​របស់​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​ស្រី​កំណាន់​របស់លោក ឡាយ វណ្ណៈ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ កន្លងមកនេះ​។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ថ្លែងថា អយ្យការ​បានសម្រេច បើក​ការ​ស៊ើបសួរ ដោយ​ចោទប្រកាន់​លើ​ឈ្មោះ ឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពីបទ​ឃាតកម្ម តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ចោទប្រកាន់​លើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​ឈ្មោះ ជឹម វុ​ធ ពីបទ លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​

លោក​បន្តថា ជន​ត្រូវ​ចោទ​ទាំង​៤​នាក់​ដែល​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួមមាន​ទី​១ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ​, ទី​៣ ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី​៤ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា​។​
​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង​លោក ឡាយ ណា​រិ​ទ្ធ ឡាយ អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ ឃាតកម្ម ប្រព្រឹត្ត​នៅផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ជឹម វុ​ធ ហៅ ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ បានចែង​ថាៈ មាត្រា​១៩៩ ៖ បទ​ឃាតកម្ម​៖ អំពើ​សម្លាប់​មនុស្ស ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់ ណាមួយ ដូច​បានកំណត់ ក្នុង​មាត្រា ២០០ (​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា ២០៥ (​បទ​ឃាតកម្ម ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺជា​ឃាតកម្ម​។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​។​

​តាម​មាត្រា​៥៣២៖ បទ​លាក់​បំបាំង​តម្រុយ​៖ អំពើ​កែប្រែ លុបបំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម នៅលើ​ទីកន្លែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង ធ្វើជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​៦​លាន​រៀល​។​

​គួរ​ជម្រាបជូន​ផងដែរ​ថា ភរិយា​របស់លោក ឡាយ វណ្ណៈ គឺ​អ្នកស្រី ស៊ូ សុជាតា ដែលជា​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល និង លោក ស៊ូ ភា​រិន្ទ រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ឪពុកក្មេក​លោក​លោក ឡាយ វណ្ណៈ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​ទេ​៕