តុលាការ​កោះហៅ​លោក សម រង្ស៊ី និង​ភរិយា រួម​នឹង​អតីតមន្ត្រី CNRP ៤​នាក់​រឿង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 April, 2018 ក+ ក-

​ភ្នំពេញ ៖ អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៦​នាក់ រួមមាន លោក សម រង្ស៊ី និង​ភរិយា គឺ​លោកស្រី ជូ​ឡុង សូ​ម៉ូ​រ៉ា លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក ហូរ វ៉ាន់ និង​លោក តុ វ៉ាន់​ចាន់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​តុលាការ​សាលា ដំបូង​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ និង​ដាច់ដោយឡែក​ពីគ្នា ដែល​នឹង​ចាប់ពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ តទៅ​។ អ្នកនយោបាយ​ទាំង ៦​នាក់ ត្រូវ​ចូល​បំភ្លឺ​ពី​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដែល​តុលាការ​ចាត់ទុកថា ជា​ចលនា​ខុសច្បាប់​។​

តាម​ដីកា​កោះហៅ​ចេញ​ដោយ​លោក​សៀង​សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៦ នាក់ រួមមាន​៖
​ទី​១៖ លោក សម រង្ស៊ី កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​
​ទី​២៖ លោក អេង ឆៃអ៊ាង កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​
​ទី​៣៖ លោកស្រី ជូ​ឡុង សូ​មួ​រ៉ា កោះ​ហៅចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​
​ទី​៤៖ លោក ហូរ វ៉ាន់ កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​
​ទី​៥៖ លោក នុត រំដួល កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ៅ​ង​៩​ព្រឹក​
​ទី​៦៖ លោក តុ វ៉ាន់​ចាន់ កោះ​ហៅចូល​បំភ្លឺ​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក​
ដីកា​កោះហៅ​នោះ ត្រូវបាន​ប៉ូលិស​យកទៅ​បិទ​នៅ​របង​អតីត​ទីស្នាក់កា​រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ផ្ទះ​របស់លោក​សមរង្ស៊ី នៅ​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​២ នា​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៨​។​

យោងតាម​ដីកាកោះ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​នៅ​ថ្ងៃទី​៣០ ខែ មីនា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា “​ការកោះហៅ​លោក សម រង្ស៊ី និង​ភរិយា ព្រមទាំង​មនុស្ស​៤ នាក់ ទៀត ដើម្បី​សាកសួរ​ពី​ដំណើររឿង​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ញុះញង់​បង្ក​ឲ្យ​មាន ភាពវឹកវរ ធ្ងន់ ធ្ង​រ​ក្នុងសង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក្នុង​គោលបំណង​ផ្ដួលរំលំ អាជ្ញាធរ ស្របច្បាប់ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​” ។​

​សូម​រំលឹកថា ចលនា​សង្គ្រោះ​ជាតិ ត្រូវបាន​លោក សម រង្ស៊ី ប្រកាស​ជា​ផ្លូវការ នៅ​ទីក្រុង​ឡុង ប៊ិច រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ ។​លោក សម រង្ស៊ី ធ្លាប់ បាន​ថ្លែងថា ចលនា​សង្គ្រោះ​ជាតិ មិន​អាចមាន​អ្នកណា​រំលាយ បាន​នោះទេ ព្រោះ​មិនបាន​ចុះឈ្មោះ រ៉ៃ​អង្គាស​ថវិកា ។ ចលនា​សង្គ្រោះ​ជាតិ​ហៅ​កាត់​ថា CNRM មិនចាំបាច់​ប្រកាស​នោះទេ ព្រោះ​អ្នក​គាំ ទ្រ​ជា​អ្នក​ប្រកាស​ខ្លួនឯង​។​លោក​ថា អ្នក​ដែល​ចូលរួម​ជា​និមិត្តរូប មិនមែន​ឲ្យ​ចេញមុខ​បង្ហាញ ឈ្មោះ នោះទេ ។​

លោក សម រង្ស៊ី ក៏បាន​គូសបញ្ជាក់ថា “​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះ លែង​លោក កឹម សុខា និង​អ្នកទោស​មនសិកា មួយចំនួន និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះ ឆ្នោត​ឡើងវិញ​នោះ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច នៅ​ថ្ងៃទី​៤ ខែមេសា​នេះ បាន​លើកឡើងថា​ទណ្ឌិត សម រង្ស៊ី និង កឹម សុខា​ចាំបាច់​ត្រូវតែ​ទទួល​ការកាត់ទោស ពីបទ​ក្បត់ជាតិ​ដូច​លោក ពុ​យ ហ្សេ​ម៉ុង មេដឹកនាំ​បំបែក​រដ្ឋ តំបន់​កាតា​ឡា​នីញ៉ា នៅ​ប្រទេស អេ​ស្ប៉ា​ញ ដែរ​៕​