ក្រ​សូង ​ណែនាំ​អភិបាលរង​ទើប​ចូល កាន់តំណែង​ថ្មី​ត្រូវ​ទទួលខុសត្រូវ​ខ្ពស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 April, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ណែនាំ​ដល់​អភិបាលរង និង​នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ទើប​និង​ទទួល​មុខតំណែង​ថ្មី ត្រូវបំពេញ​តួនាទី​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​បំរើ ប្រជាជន​ដោយស្មោះ​ត្រង់ រែកពន់​នូវ​រាល់​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ឱ្យ និង​ជួយ​បង្កើន​ប្រសិទ្ធិភាព​ការងារ ជាមួយ​អភិបាល ក្នុងនាម​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី រួមចំណែក​ក្នុង​ការពារ​សុវត្ថិភាព​សង្គម សម្រាប់​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ឲ្យ​បាន​កាន់តែ​រីកចំរើន​បន្ថែមទៀត ។​

​ក្នុង​ពិធី​ផ្ទេរ និង​ប្រកាស​ចូលកាន់​មុខតំណែង​ថ្មី របស់​អភិបាលរង​រាជធានី​ភ្នំពេញ និង​នាយក​ទីចាត់ការ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​០៥ មេសា នៅ​សាលា​រាជធានី​ភ្នំពេញ​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ដើម្បី បន្ត​និរន្តរភាព​ការងាររដ្ឋបាល និង​បន្ត​ពង្រីក​ស្នាដៃ​ការងារ​បាន​កាន់​ល្អប្រសើរ​បន្ថែមទៀត ឲ្យ​សក្តិសម​ទៅ​និង​ទំនុកចិត្ត​របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នោះ អ្នក​ដែល​ទើប​ទទួល​មុខតំណែង​ថ្មី ត្រូវ​បំរើកា​រងារ​ជូន​ប្រជាជន​ឲ្យ​ស្មោះត្រង់​បំផុត ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទុកចិត្ត​មកលើ​ថ្នាក់ដឹកនាំ​ពិសេស​រដ្ឋា​បាល​រាជធានី​ភ្នំពេញ​។​

​លោក​រដ្ឋលេខាធិការ បន្តថា​ក្រៅពី​ការបំពេញ​សេវាសាធារណៈ​ផ្នែក​ការងាររដ្ឋបាល ត្រូវ​ទទួលខុស​ខ្ពស់​ក្នុងការ​រែកពន់ និង​ជួយ​បង្កើន​ប្រសិទ្ធិភាព​ការងារ​ជាមួយ​អភិបាល និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ក្នុងនាម​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី រួមចំណែក​ក្នុង​ការពារ​សុវត្ថិភាព​សង្គម ព្រោះ​វា​ជា​មុខព្រួញ​ឆ្ពោះទៅ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ឲ្យ​បាន​កាន់តែ​រីកចំរើន​បន្ថែមទៀត​។​​

លោក ហួត ហៃ ជា​អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ទើប​ទទួល​មុខតំណែង​ថ្មី ក៏ដូចជា លោក​សេង វណ្ណៈ មានមុខ​ដំណែង​នាយក​ទីចាត់ការ​ថ្មី បានទទួល​យក​នូវ​ការណែនាំ ទាំងនោះ​ទៅ​អនុវត្ត និង​ប្តេជ្ញា​ខិតខំ​បំពេញការងារ និង​រក្សា​សាមគ្គីភាព​ជាមួយ​មន្ត្រី បំរើ​ការងារ​ទាំងអស់​ឲ្យ​បាន​សក្តិសម​ទៅ​និង​ជំនឿ​ទុកចិត្ត​របស់​រាជរដ្ឋាភិបាល ពិសេស​ក្រសួងមហាផ្ទៃ និង​សាលា​រាជធានី​ប្រគល់ជូន​។ ក្រៅពីនេះ នឹង​បន្ត​ខិតខំ​បង្កើន​ប្រសិទ្ធិភាព​ការងារ​ជាមួយ​អភិបាល គ្រប់​សកម្មភាព​ក្នុងនាម​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី រួមចំណែក​កសាង និង​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​ឲ្យ​បាន​កាន់តែ​រីកចំរើន​។​

​សូមបញ្ជាក់ថា លោក ហួត ហៃ នាយក​រដ្ឋបាល​សាលា​រាជធានី ត្រូវបានតែងតាំង​ជា​អភិបាលរង​រាជធានី​ភ្នំពេញ ជំនួស​លោក អៀង អូន​នី ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ក្រសួងមហាផ្ទៃ​និង​លោក សេង វណ្ណៈ នាយករង​ទីចាត់ការ​រៀបចំ​ក្រុង​មក​ទទួល តួនាទី​ជានា​យក​ទីចាត់ការ​ថ្មី​ជំនួស ឯកឧត្តម ហួត​ហៃ​៕​