ព្រះមហាក្សត្រ​ខ្មែរ យាង​ទៅ​ប្រទេស​ជប៉ុនដើម្បី​ចូលរួម​កម្មវិធី​ចំនួន​២ រយៈពេល​៤​ថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2018 ក+ ក-

ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ពិធី​ចំនួន​ពីរ គឺ​សម្ពោធ​មហាសាល​ប្រជុំ Nalanda Mahavihara និង​បុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ នៅ​ព្រះរាជាណាចក្រ​ជប៉ុន​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែមេសា ឆ្នាំ​២០១៨​នេះ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ បំផុត ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ស្តេចយាង​ទៅកាន់​ប្រទេស​ជប៉ុន គឺ​ដើម្បី​ចូលរួម​សម្ពោធ​មហាសាល​ប្រជុំ Nalanda Mahavihara និង​បុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ​។​

អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​របស់​ព្រះករុណា​ជា​អម្ចាស់​ជិវិត​លើ​ត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា ក៏បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​របស់ ព្រះអង្គ​ផងដែរ​។​

​សូម​ជំរាប​ថា ព្រះអង្គ​យាង​ទៅកាន់​ប្រទេស​ជប៉ុន​នាពេលនេះ គឺ​ដើម្បី​ចូលរួម​សម្ពោធ​មហាសាល​ប្រជុំ Nalanda Mahavihara និង​បុណ្យ​រំលឹក​ខួប​លើក​ទី​៤ នៃ​ទិវា​ព្រះពុទ្ធសាសនា​អន្តរជាតិ នៅ​ព្រះរាជាណាចក្រ​ជប៉ុន​។

​តាមរយៈ​ព្រះរាជដំណើរ​យាង​ទៅ​ប្រទេស​ជប៉ុន​របស់​ព្រះអង្គ​នាពេលនេះ គឺជា​ព្រះរាជដំណើរ​ដែល​នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន អោយ​កាន់តែ​ល្អប្រសើរ មានន័យថា ធ្វើ​ឲ្យ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន ឲ្យ​កាន់​តែមាន​ភាពរឹងមាំ និង​ទូលំទូលាយ​ថែមទៀត​។

​ប្រជារាស្ត្រ​ខ្មែរ ជា​កូន ជា​ចៅ នៅ​ទូទាំងប្រទេស សូម​ថ្វាយព្រះពរ​ព្រះអង្គ សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លា​នុ​ភាពខ្លាំង​ក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅក្នុង​សុខ សន្តិភាព តរៀង​ទៅ​៕