ថៃ និង​ហ្វីលីពីន បិទ​តំបន់ឆ្នេរ​កម្សាន្ត​ដ៏​ល្បីល្បាញ​បណ្តោះអាសន្ន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2018 ក+ ក-

ថៃ ៖ រដ្ឋាភិបាល​ថៃ និង រដ្ឋាភិបាល​ហ្វីលីពីន បានសម្រេច​អោយ​បិទ​កោះ​ទេសចរ​ណ៌​ដ៏​ល្បីល្បាញ​ចំនួន​២ ជា​បណ្តោះ​អា​ស័ន្ន ដើម្បី​ធ្វើការ​កែលម្អរ​បរិស្ថាន និង ប្រព័ន្ធ​អេកូឡូស៊ី បើទោះបី​មានការ​ប៉ះពាល់​ដល់​ចំណូល​ទេសចរ​ណ៌​របស់ខ្លួន​ជាច្រើន​ក៏ដោយ​។​

​រដ្ឋាភិបាល​ហ្វីលីពីន កាលពី​ថ្ងៃ​ពុធ បានប្រកាសថា កោះ​លម្ហែកាយ Boracay ដ៏​ល្បីល្បាញ​របស់ខ្លួន​នឹងត្រូវ​បិទទ្វារ​មិន​ទទួលភ្ញៀវ​ទេសចរ​រយៈ​ពេល ៦​ខែ គិត​ចាប់ពី​ថ្ងៃទី ២៦ ខែមេសា តទៅ ដោយសារ​មាន​ក្តីបារម្ភ​ថា​រមណីយដ្ឋាន​ខ្សាច់​ស​ដ៏​គួរ​ឲ្យ​ទាក់ទាញ​មួយ​នេះ បាន​ក្លាយជា «​អាង​ស្តុក​ទឹកស្អុយ​» ដែល​ត្រូវបាន​បំពុល​ដោយ ការបង្ហូរ​ទឹកស្អុយ​ចូល​សមុទ្រ​។ ការ​គំរាម​បិទ​កោះ​ទេសចរ​ណ៌​របស់​ហ្វីលីពីន​នេះ បាន​កើតឡើង​បន្ទាប់ពី​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte បាន​បន្ទោស​សណ្ឋាគារ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ប្រមាណ ៥០០ នៅលើ​ដី​កោះ​ដ៏​តូច​នេះ ដែល​បាន​បង្ហូរ​ទឹកស្អុយ ចូលទៅក្នុង​សមុទ្រ និង​ធ្វើ​ឲ្យ​ដី​កោះ​នេះ​ប្រែក្លាយជា «​អាង​ស្តុក​ទឹកស្អុយ​»​។

នេះ​ជា​វិធាន​មួយ ដែល​បង្ហាញ​ពី​ការគិតគូ​លើ​ការការពារ​បរិស្ថាន និង ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​រយៈពេល​វែង នៅ​តំបន់​ឆ្នេរសមុទ្រ បើទោះបីជា​ការសម្រេច​បិទ​ឆ្នេរ​ទេសចរ​ណ៌ Boracay នេះ នឹង​ធ្វើអោយ​រដ្ឋាភិបាល​ហ្វីលីពីន បាត់បង់​ប្រាក់ចំណូល ប្រមាណ​១​ពាន់​លាន​ដុល្លារ​ចូលក្នុង​សេដ្ឋកិច្ច ដែល​ទទួលបាន​ពី​ភ្ញៀវទេសចរ​ប្រមាណ ២​លាន​នាក់ ក៏ដោយ​។ ការសម្រេច​បិទ​កោះ​នេះ ក៏​នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ហ្វីលីពីន ប្រមាណ​៣​ម៉ឺន​៦​ពាន់​នាក់ ដែល​កំពុង​បម្រើ​ការងារ និង មាន​ពាណិជ្ជកម្ម​ទេសចរណ៍​នៅ​ទីនោះ​ផងដែរ​។

​ដូចគ្នានេះដែរ រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ ក៏បាន​ប្រកាសថា នឹង​បិទ ឆ្នេរ Maya Bay ដែលជា​ឆ្នេរ​ទេសចរ​ណ៌​ដ៏​ល្បីល្បាញ​របស់ខ្លួន រយៈពេល​៤​ខែ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៨ តទៅ ដោយសារតែ អ្នកជំនាញ​ខាង​ផ្នែក​សមុទ្រ របស់​ប្រទេស​ថៃ បាន​រកឃើញថា កោះ​នេះ​មាន ប្រព័ន្ធ​អេកូឡូស៊ី ផុយស្រួយ​ដែល​រង​ការបំផ្លាញ​ដោយ​មនុស្ស តាមរយៈ​ការបំពុល​ពី​កាណូត​និង​សណ្ឋាគារ​នៅតាម​មាត់សមុទ្រ​ជាដើម​។

​គួរ​បញ្ជាក់ថា វិស័យ​ទេសចរ​ណ៌ បាន​ចូលរួម​ក្នុង​ចំណូល​សេដ្ឋកិច្ចជាតិ របស់​ប្រទេស​ថៃ ប្រមាណ​១២​ភាគរយ​។ ក្នុងនោះ រដ្ឋាភិបាល​រំពឹងថា តំបន់ឆ្នេរ បាន​ទាក់ទាញ​អ្នកទេសចរ 38 លាន​នាក់ នៅ​ឆ្នាំ​២០១៨​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា រដ្ឋាភិបាល បានសម្រេច​ចិត្ត​បិទ​ឆ្នេរ​ទេសចរ​ណ៌ និង កន្លែង​មុជទឹក​មួយចំនួន ចាប់តាំងពី​ឆ្នាំ ២០១៦​មក បន្ទាប់ពី​ការសិក្សា​បង្ហាញថា ការបំពុល​បរិស្ថាន​ដោយ​មនុស្ស និង កម្តៅ​ទឹកសមុទ្រ​ឡើង​ក្តៅ​ខ្លាំង អាចធ្វើឱ្យ​ខូច ជីវចម្រុះ និង ប្រព័ន្ធ​អេកូឡូស៊ី​៕