សម្តេចនាយក​រដ្ឋមន្ត្រី បន្ត​ជួប​កម្មករ​រោងចក្រ​ចំនួន​៤៩ មកពី​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​អោយ​ម្ចាស់​រោងចក្រ និង កម្មករនិយោជិត រួម​សាមគ្គី​គ្នា​រក្សា​សុវត្ថិភាព​ការងារ ដើម្បី​សម្រេច​គោលដៅ​ប្រាក់បៀវត្ស​អ​ប្បរមា ២៥០​ដុល្លារ នា​ឆ្នាំ​២០២៣​។​

ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី ជាង​៤​ពាន់​៦​រយ​នាក់​ដែល​មកពី​រោងចក្រ​សហគ្រាស​ចំនួន​៤៩ មកពី​ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​៨ ខែមេសា​នេះ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់ ប្រធាន​រដ្ឋបាល ប្រធាន​ក្រុមការងារ​នៅក្នុង​រោងចក្រ​ទាំងអស់ ត្រូវ​បង្កើន​សាមគ្គីភាព និង​និយាយ​ដោយ​ភាព​សម​រម ជាមួយ​កម្មករ​កម្មការិនី ជៀសវាង​កើតមាន​ជម្លោះ​ដោយ​បញ្ហា​ទាំងនេះ​។ សម្តេច​តេ​ជោ បានផ្តល់​អនុសា​ស​ន៌​ថា ទាំង​ថៅកែ និង កម្មករ​រោងចក្រ ត្រូវធ្វើ​ការរួម​គ្នា​ធានា​សុវត្ថិភាព​ការងារ​ក្នុង​រោងចក្រ ដោយ​មិន​ត្រូវអោយ​កើតមាន​ការធ្វើ​កូដកម្ម បាតុកម្ម ឬ​ការបណ្តេញ​កម្មករ​ចេញ​ពី​ការងារ ដែល​មិនមែនជា​ដំណោះស្រាយ​ល្អ​នោះឡើយ​។ ជាពិសេស ក៏​មិន​ត្រូវអោយ​កើតមាន​បងធំ​បងតូច និង បញ្ហា​គ្រឿងញៀន​ក្នុង​រោងចក្រ ដែល​អាច​បង្ករ​អោយ​គ្មាន​សណ្តាប់ធ្នាប់​ដែរ ។

​សម្តេច​តេ​ជោ ចាត់ទុកថា ការចូល​រួមរក្សា​សន្តិភាព​និង​សុវត្ថិភាព​ការងារ គឺជា​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល ដែល​កំពុង​ខិតខំ​រក​វិធី​បង្កើន​ប្រាក់ចំណូល​របស់​កម្មក​រ​រោងចក្រ និង​គិតគូ​លើ​ការកាត់បន្ថយ​ការចំណាយ​របស់​កម្មក​រ កម្មការិនី តាមរយៈ​គោលនយោបាយ​គាំពារ​សង្គម​នានា​។

​សម្តេច​តេ​ជោ បាន​លើកឡើងថា បើតាម​ការ​ព្យាករ​ណ៌ នា​ឆ្នាំ​២០២៣ ប្រាក់ខែ​អ​ប្បរមារ របស់​កម្មករ​រោងចក្រ នឹងមិន​តិចជាង​២៥០​ដុល្លារ​នោះទេ ខណៈពេល​បច្ចុប្បន្ន ប្រាក់ខែ​ជា​មធ្យម​ប្រចាំថ្ងៃ មាន​ប្រមាណ​៦​ដុល្លារ ដែល​ចំនួន​នេះ គឺ​លើសពី​ចំណូល នៃ​បន្ទាត់​ភាពក្រីក្រ ប្រចាំថ្ងៃ​១​ដុល្លារ ដែល​កំណត់ដោយ​អង្គការសហប្រជាជាតិ ។

គួរ​កត់សំគាល់ថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម ជាច្រើន​សម្រាប់​ទ្រទ្រង់​ជីវភាព និង សុខមាលភាព​របស់​ក​ម្មករ​កម្មការិនី​។

ក្នុងនោះ កម្មការិនី​មាន​ផ្ទៃពោះ ត្រូវបាន​ផ្តល់​ការ​គាំពារ​ជា​អាទិភាព ចាប់តាំងពី​ពេល​មាន​ផ្ទៃពោះ រហូតដល់​ឆ្លងទន្លេ​។ បើ​គិត​ត្រឹម​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ មានកម្ម​ការិនី ជាង​១​ម៉ឺន​៤​ពាន់​៣​រយ​នាក់ បាន​ឆ្លងទន្លេ ដោយ​ទទួលបាន​កញ្ចប់​ថវិកា​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សរុប​ជាង ៥​ពាន់​លាន​រៀល ស្មើនឹង​ជិត​១​លាន​៥​សែន​ដុល្លារ​អាមេរិក​។ រាជរដ្ឋាភិបាល បាន​ត្រៀម​ប្រាក់​១០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​សម្រាប់​គោលនយោបាយ​គាំពារ​សង្គម​នេះ​៕