ផែនការ​បំផ្ទុះ​គ្រាប់បែក​របស់​ក្រុម សម សេរី ពេល​បុណ្យចូលឆ្នាំថ្មី ត្រូវបាន​ទប់ស្កាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ មេសា នេះ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ទម្លាយ​ផែនការ​សម្ងាត់​មួយ​របស់​ក្រុម​ក្បត់ជាតិ ដែល​ចង់​បង្ក​ភាពចលាចល​នៅ​ក្រុងភ្នំពេញ និង​ក្រុង​សៀមរាប​! ប៉ុន្តែ​ផែនការ​នោះ​ត្រូវបាន​ទប់ស្កាត់​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត នៃ​សាកលវិទ្យាល័យ​ជាតិ​គ្របគ្រង​ចំនួន​ជាង​៣​ពាន់​រយ​នាក់ នា​ព្រឹក​ថ្ងៃទី​១០ ខែមេសា នេះ នៅ​សាល​សន្និបាត​កោះ​ពេជ្រ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​មួយ​ដែល​ទាក់ទង​នឹង​ផែនការ​របស់​ក្រុម​ក្បត់ជាតិ ដែល​ចង់​បង្ក​ភាពចលាចល​នៅក្នុង​ទីក្រុង​ភ្នំពេញ និង ក្រុង​សៀមរាប នៅ​មុនពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ ចំណែក​សមាសភាព​អ្នកបញ្ជា​នៅ​ពីក្រោយ​ផែនការ​នេះ ត្រូវបាន​សម្តេច​តេ​ជោ បង្ហាញថា គឺ​ឈ្មោះ សម សេរី នាយករដ្ឋមន្ត្រី​ថ្លែងថា « ….​យប់​ម៉ិ​ញ​ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ទៅអោយ​អភិបាលក្រុង បានដឹង​ហើយ​…​ខ្ញុំ​សូម​ប្រកាស​ផែនការ​លោក​ឯង​ទាក់ទង​នឹង​នា​ថ្ងៃ​១២ នៅ​វត្តភ្នំ​! ខ្ញុំ​គ្របគ្រង​សភាព​ការ​ណ៌​បាន​មុន​ហើយ​!…..​ដូចនេះ ការគ្រប់គ្រង​អំណាច​មិនមែន​គ្រាន់តែ​ជា​រឿង​ធម្មតា​ពេក​ទេ គឺ​ត្រូវ​ត្រៀម​កងកម្លាំង​សមត្ថកិច្ច​ចាំ​ការពារ សុវត្ថិភាព និង​ត្រៀម​ក្រុមគ្រូពេទ្យ​ប្រចាំការ ផងដែរ​….»​។

​ទន្ទឹមនឹង​ការងារ​ការពារ​សន្តិសុខ​ជាតិ ដែល​រដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​រួចរាល់​ហើយ​នោះ សម្រាប់​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ សម្តេច​តេ​ជោ ក៏បាន​ស្នើអោយ​អាជ្ញាធរខេត្ត​និ​មួយៗ ត្រូវ​ត្រៀមកម្លាំង​ការពារ​និង​រៀបចំ​សណ្តាប់ធ្នាប់​អោយបាន​ល្អ ដើម្បីអោយ​ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​កម្សាន្ត​ដោយ​រីករាយ​។ ដូចគ្នានេះ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អោយមាន​ការប្រុងប្រយ័ត្ន​ខ្លួនឯង​ផងដែរ ទាំង​ការធ្វើ​ចរាចរណ៍ និង ការពារ​កុំអោយ​កើតមាន​គ្រោះ​អគ្គិភ័យ ជាដើម​។

​ចំណែក បញ្ហា​តម្លៃ​រថយន្តក្រុង​នាឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខ បើសិនជា​ក្រុមហ៊ុន​រថយន្តក្រុង​ឯកជន នៅតែ​តម្លើងថ្លៃ​ខ្ពស់​ដូច​ឆ្នាំមុនៗ​ទៀត​នោះ សម្តេច​តេ​ជោ បាន​ថ្លែងថា រដ្ឋាភិបាល​នឹងធ្វើ​ការបន្ថែម​ចំនួនរ​ថ​យន្ត​ក្រុង​សាធារណៈ​អោយដល់​២០០​គ្រឿង​តែម្តង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​មិន​គិតថ្លៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ឆ្នាំក្រោយ ដើម្បី​ដេញជើង​ក្រុមហ៊ុន​ឯកជន​ទាំងនោះ ខណៈដែល​ឆ្នាំ​២០១៨​នេះ រដ្ឋាភិបាល​បានរៀបចំ​សាកល្បង អោយមាន​ការធ្វើដំណើរ​មិន​គិតថ្លៃ តាមរយៈ​រថយន្តក្រុង​សាធារណៈ​ចំនួន​៦០​គ្រឿង​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៨ ខែមេសា​។​
​គួរ​ជម្រាប​ថា លោក សម សេរី គឺជា​ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់ កាលពី​ឆ្នាំ​២០១២ ។

លោក សម សេរី  ធ្លាប់ ​បញ្ជាក់ថា ការបង្កើត​ចលនា​នេះ​ឡើង ដើម្បី​តស៊ូ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​អាណានិគម​បែប​ថ្មី​របស់​វៀតណាម និង​របប​ដឹកនាំ​របស់សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ប៉ុន្តែ​ចលនា​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ​នេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា ចាត់ទុកជា​ចលនា​ក្បត់ជាតិ​។ រដ្ឋាភិបាល ក៏បាន​ចាប់ខ្លួន​សមាជិក​ចលនា​រណ​សិ​រ្យ​នេះ​ប្រមាណ​១០​នាក់ កាលពី​ថ្ងៃ​២៣ តុលា ឆ្នាំ​២០១៤ នៅ​គ្រា​ដែល​ពួកគេ​ចូលរួម​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម ដោយ​ដុត​ទង់ជាតិ​វៀតណាម​៕