ចាប់ផ្តើម​បើក​សាកល្បង​រថភ្លើង​ល្បឿន​លឿន ភ្នំពេញ -​ព្រលាន​យន្ត​យ​ហោះ ភ្នំពេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2018 ក+ ក-

​ភ្នំពេញ ៖ រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ បាន​ត្រូវ​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់ ជា​បណ្តោះអាសន្ន​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម រថភ្លើង ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១០ ខែមេសា រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។​ជាពិសេស​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ត្រូវ​ធ្វ់​ដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មិន​ស្ទះចរាចរណ៍​និង​ចំណេញ​ពេលវេលា​។​

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា ការដាក់​ឲ្យ​ដំណើរ​ផ្លូវដែក​ថ្មី ចូល​ព្រលានយន្តហោះ​នេះ គឺ​ដាក់​ឲ្យ​ប្រើប្រាស់​រថភ្លើង​ចំនួន​៣​គ្រឿង ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ិក​។ ជាមួយនឹង​ការដឹកជញ្ជូន​ថ្មី​តាម​ផ្លូវដែក ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​ជួយ​សម្រួល​ដល់​អ្នកដំណើ​រ​ទៅ​ព្រលានយន្តហោះ មិនមាន​ការព្រួយបារម្ភ​ពី​បញ្ហា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ​។​

​ផ្លូវដែក​នេះ​បំបែក​ពី​ផ្លូវ​ចាស់ (​ដែល​ចេញពី​ស្ថានីយ៍​រថភ្លើង​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​) ចូលទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ កំណាត់​ថ្មី​នេះ​មាន​ប្រវែង ១,៩១៣​ម៉ែត្រ ហើយ​រថភ្លើង​៣​គ្រឿង នឹងដាក់​ឲ្យ​ដំណើរ​មុន​ចូលឆ្នាំ​ខ្មែរ សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ ចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ចំពោះ​កន្លែង​ឆេ​ក​អ៊ី​ន​( Chek in) អ្នកដំណើរ​អាច​ឆែក​នៅ​ស្ថានីយអយស្ម័យយាន​ភ្នំពេញ ហើយ​ពេលមកដល់​អាកាសយានដ្ឋាន យើង​អាច​ឡើងទៅ​កន្លែង​ត្រួតពិនិត្យ​លិខិតឆ្លងដែន​តែម្តង​។​

​សូមជម្រាបថា ការដាក់​ឲ្យ​ដំណើរ​រថភ្លើង​នេះ មិន​ត្រឹមតែ​សម្រួល​ដល់​ការធ្វើដំណើរ របស់​អ្នក​ត្រូវ​ឡើង​យន្តហោះ​ប៉ុណ្ណោះ​ទេ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ អ្នក​ដែល​ធ្វើដំណើរ​ទាំងអស់​ត្រូវ បាន​ត្រួតពិនិត្យ​ទំនិញ​នៅ​ស្ថានីយ​រថភ្លើង​ជាមុន ហើយ​មិនបាច់​ទៅ​ត្រួតពិនិត្យ​នៅ​អាកាសយានដ្ឋាន​ទៀត​នោះឡើយ​៕​