ក្រសួង​ទំនាក់ទំនង​សភាព្រឹទ្ធសភាបង្ហាញថា អង្គភាព​នានា​បាន​ខិតខំ​អនុវត្ត​ភារកិច្ច​ស្របតាម​ច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2018 ក+ ក-

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អ​ធិ ការ​កិច្ច ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិស ដៅ​ការងារ​ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា តាមរយៈ​ការចុះ​ធ្វើ​អធិការកិច្ច តាមដាន​ការអនុវត្តន៍​ច្បាប់ និង​អង្កេត​ស្រាវជ្រាវ​ពាក្យបណ្តឹង​នាពេល​កន្លងមក​បានបង្ហាញ​ថា ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ បាន​ខិតខំ​យកចិត្តទុកដាក់ អនុវត្ត​នូវ​តួនាទី ភារកិច្ច​របស់ខ្លួន​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​បានល្អ​ប្រសើរ ព្រមទាំង បាន​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​គ្រប់ផ្នែក គ្រប់​ជំនាញ ដើម្បី​លើក កម្ពស់​សមត្ថភាព​មន្ត្រី​រាជការ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ទី​៣ របស់​រាជរដ្ឋាភិបាល​។​

​ថ្លែង​បើក​សន្និបាត​នា​ព្រឹក​ថ្ងៃទី​១០ មេសា​នេះ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោក ឆេង សារឿន មានប្រសាសន៍ថា ការរៀបចំ សន្និបាត​ប្រចាំ​ឆ្នាំនេះ​ឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​បូកសរុប​លទ្ធផល​ការងារ ដែល ក្រសួង​បាន​អនុវត្ត​ក្នុង​ឆ្នាំ​កន្លងទៅ លើកឡើង​ពី​ការ​ប្រឈម​របស់​ក្រសួង ពិភាក្សា និង​ផ្លាស់ប្តូរ យោបល់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ព្រមទាំង​ដាក់ចេញ​នូវ​វិធានការណ៍ និង ទិសដៅ​ថ្មីៗ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០១៨​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ និង​ប្រសិទ្ធភាព​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បានរួម​ចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ជាតិ​ជាច្រើន សំដៅ​ពង្រឹង​អភិបាលកិច្ច​ល្អ និង​រួមចំណែក​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ រហូត​សម្រេចបាន លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការងារ​ជាច្រើន​ដូចជា ការងារ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ សភា ការងារ​ផ្សព្វផ្សាយ​ច្បាប់ ការងារ​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ ការងារ​អធិការ កិច្ច និង​ការងារ​តាមដាន​ការអនុវត្ត​ច្បាប់​ជាដើម ហើយ​ថា តាមរយៈ​លទ្ធផល​អធិកា​រ​កិច្ច និង ការអង្កេត និង​ដោះស្រាយ​ពាក្យបណ្តឹង​នានា ក្រសួង​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ ជំរុញ​តម្លាភាព និង​គណនេយ្យភាព ជួយ​កាត់បន្ថយ​ការរំលោភ​ដោយ​អំណាច និង​អំពើ​ពុក រលួយ ដែលជា​ការងារ​ស្នូល​ដ៏​សំខាន់ នៃ​អភិបាលកិច្ច​ល្អ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់ កាល​ទី​៣ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​៕​