កម្ពុជា​ដំណើរការ​មូលនិធិ​សកល​ប្រឆាំង​ជំងឺអេដស៍ និង​របេង​ឆ្នាំ​២០១៨-២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2018 ក+ ក-

​ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក ម៉ាក អេ​ឌី​ង​តុ​ន នាយក​ផ្នែក​គ្រប់គ្រង​ថវិកា​ហិរញ្ញប្បទាន​ឥត សំណង​នៃ​មូលនិធិ​សកល​បានរួម​គ្នា​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ នូវ​កម្មវិធី​ប្រយុទ្ធ​​ប្រឆាំងនឹង​ជំងឺអេដស៍​និង​របេង​នៅ​កម្ពុជា​ដោយ​ក្នុង​ពី​ធី​នេះ​ដែល​បានរៀបចំ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែមេសា នេះ លោក​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ហៅ​មូលនិធិ​សកល​ថា ជា​ដៃគូ​ដ៏​សំខាន់បំផុត​របស់​កម្ពុ​ជា ក្នុងការ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ ដែល​បានរួម​ចំណែក​ដ៏​ច្រើន​ដល់ កម្ពុជា​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធកម្ម​គួរ​ជាទី​មោទនៈ ក្នុងការ​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់ ពី​ជំងឺ​ទាំងនេះ​។

​លោក​បាន​បន្តថា ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​ប្រមាណ​ជាង ៥៥​លាន​ដុល្លារ​
​អាមេរិក​នាពេលនេះ គឺជា​ជំហាន​ដ៏​ធំ​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង និង​ពិភពលោក​ទាំងមូល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ និង​របេង​។ ជំនួយឥតសំណង នេះ បាន​វិភាជន៍​ថវិកា​ចំនួន ៤១ លាន​ដុល្លារ​អាមេរិក សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ និង​ថវិកា​ចំនួន​ប្រមាណ ១៣ លាន​ដុល្លារ​អាមេរិក​ផ្សេងទៀត សម្រាប់​ការងារ ប្រយុទ្ធ នឹង​ជំងឺរបេង ដែល​នឹង​ជួយ​កម្ពុជា​ឱ្យសម្រេចបាន​នូវ​វឌ្ឍនភាព​ថ្មីៗ​ទៀត​សម្រាប់ រយៈពេល​ពី​ឆ្នាំ ២០១៨ ដល់ ២០២០ ស្របតាម​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា នៃ​ផែនការ យុទ្ធសាស្ត្រ​សុខាភិបាល ២០១៦-២០២០ គឺ “​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​មាន​សុខភាព និង​សុខមាលភាព​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម កិច្ច​ប្រកបដោយ​ចីរភាព​”​។

​ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ បាន​គូស​បញ្ជាក់ដែរថា នេះ​គឺជា​គម្រោង​ទី​១​ហើយ ដែល​មូលនិធិ​សកល​បាន​ឯកភាព ទទួលយក​ប្រព័ន្ធ​ប្រទេស​សម្រាប់​អនុវត្ត​គម្រោង​ដែល​ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រទេស​នេះ មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​អនុវត្ត​គម្រោង និង​ពង្រឹងសមត្ថភាព​ទទួល ខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន​អនុវត្ត​គម្រោង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​សក្ខីភាព​បង្ហាញ អំពី​ជំនឿ​ទុកចិត្ត​កាន់តែ​រឹងមាំ​ជាង​មុន​របស់​មូលនិធិ​សកល​ចំពោះ​សមត្ថភាព និង​ភាព ជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល​លើ​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​ថែមទៀត​ផង​។

​ដូច្នេះ​ពិធី ប្រកាស​ដាក់ឱ្យអនុវត្ត​នាពេលនេះ គឺជា​សក្ខីកម្ម នៃ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​រាជ​រដ្ឋា​ភិ បាល​កម្ពុជា និង​មូលនិធិ​សកល ហើយ​ថា តាមរយៈ​ការប្តេជ្ញា និង​ឆន្ទៈ​ដ៏​មោះមុត​របស់ យើង​ក្នុងការ​យកជ័យ​ជម្នះ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទាំងនេះ ក៏ដូចជា​ការថែរក្សា ការពារ​នូវ​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ យើង​បាន​រួមគ្នា​ខិតខំ​ប្រឹងប្រែង​រៀបចំ និង​ដាក់ចេញ​នូវ​ចង្កោម​សកម្មភាព​ការងារ និង​យន្តការ​សម្រាប់​អនុវត្ត​នៅក្នុង​ស្មារតី សហការគ្នា​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។ យើង​បាន​រួមគ្នា​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ភាពជា ដៃគូ និង​សហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​សកល​ក្នុង​ស្មារតី​គោរព គ្នា​ទៅវិញទៅមក​៕​