អាស៊ាន រំពឹងថា​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ទោះជា​មាន​ភាព​តានតឹង​ក្តី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2018 ក+ ក-

​អាស៊ាន ៖ តំបន់​អាស៊ីអាគ្នេយ៍​មើលឃើញថា នឹង​នៅតែ​បន្ត​សម្រេចបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ បើទោះបីជា​ភាព​តានតឹង​នៃ​ការដំឡើង​អត្រាពន្ធ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន កំពុង​ជំរុញ​ឲ្យ​មាន​ក្តីបារម្ភ​កាន់តែខ្លាំង​ចំពោះ​ពិភពលោក​ក៏ដោយ​។​

​នៅក្នុង​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​តំបន់​អាស៊ាន ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃ​ចុង​សប្តាហ៍​មុន បាន​ព្យាករ​ថា តំបន់​អាស៊ាន​ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​១០ និង​មាន​ប្រជាជន​ជាង​៦៣០​លាន​នាក់ នឹង​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ក្នុង​អាត្រា​ខ្ពស់ជាង​តំបន់​ផ្សេងទៀត​ក្នុង​ពិភពលោក ក្នុងឆ្នាំនេះ ខណៈដែល​អា​ត្រ​កំណើន​ឆ្នាំមុន​មាន ៥,១ ភាគរយ​។

​ា​ចំពោះ​ហានិភ័យ​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង សហរដ្ឋអាមេរិក និង ចិន រដ្ឋមន្ត្រី​នៃ​តំបន់​អាស៊ាន មើលឃើញថា អាច​នឹង​ប៉ះពាល់​ដល់​ទំនុកចិត្ត​វិនិយោគ​ក្នុង​តំបន់​ផងដែរ ដែល​អាស៊ាន​ត្រូវ​ឃ្លាំមើល​ស្ថានភាព​នេះ​។ ប៉ុន្តែ​បញ្ហា​នេះ គ្មានអ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​នោះទេ​សម្រាប់​អាស៊ាន​។

​រដ្ឋមន្ត្រី​នៃ​តំបន់​អាស៊ាន មើលឃើញថា បើសិន​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​ខ្លាំង រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នោះ គឺ​ពុំមាន​នរណាម្នាក់​នឹង​ក្លាយជា​អ្នកឈ្នះ​នោះទេ​នៅក្នុង​ជម្លោះ​នោះ​។

​គួរ​បញ្ជាក់ថា កាលពីដើម​ខែមេសា​កន្ល​ង​មកនេះ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ហូតពន្ធ​បន្ថែម​តម្លៃ ១០០ ពាន់​លាន​ដុល្លារ​ទៀត​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ខណៈដែល​ការ​ហូតពន្ធ​លើ​ទំនិញ​របស់​ចិន​តម្លៃ ៥០​ពាន់​លាន​ដុល្លារ ត្រូវ​បានកំណត់​រួចទៅហើយ ថា​នឹងត្រូវ​ជាប់ពន្ធ​ពិន័យ​នោះ​។

​ចំណែក​ប្រទេស​ចិន ក៏បាន​ប្រកាស​ពី​ផែនការ​តបត​ផងដែរ ដោយ​នឹង​ដំឡើង​ពន្ធ​នាំចូល​ពី​សហរដ្ឋអាមេរិក​វិញ ដូចជា សណ្តែកសៀង យន្តហោះ និង​រថយន្ត​ជាដើម ហើយ​ប្រទេស​ចិន​ក៏បាន​ដាក់​ដំណើរការ​បណ្តឹង​មួយ​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​លើ​បញ្ហា​ពាណិជ្ជកម្ម​នេះ​ទៀតផង​៕​