គ​.​ជ​.​ប កំណត់​ត្រឹម​២១​ថ្ងៃ ឲ្យ​បក្ស នយោបាយ​ឃោសនា​រក​សំឡេងឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ បាន​ឲ្យ​ដ​ដឹងថា ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។

គ​.​ជ​.​ប បាន​បញ្ជាក់ថា ដើម្បីឱ្យ​គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោត​អាច​ផ្សព្វ ផ្សាយ​នូវ​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ស្មើភាព នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន ចេញ​គោល ការ​ចំនួន​២ រួមមាន​៖ គោលការណ៍ សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ការរៀបចំ​កម្មវិធី​សំណួរចម្លើយ ឬ​ពិភាក្សា អំពី​គោលនយោបាយ​របស់​គណ​បក្សនយោបាយ​ក្នុងអំឡុង ពេល​ឃោសនាបោះឆ្នោត​គោលការណ៍ សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ក្នុង​ការលក់ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឱ្យ​គណបក្ស នយោបាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​។ ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​គោលការណ៍​ទាំងពីរ​ខាងលើ​បាន​ជោគជ័យ គ​.​ជ​.​ប នឹង​បង្កើត​គណៈកម្មការ​សម្រប សម្រួល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុង អំឡុងពេល​ឃោសនាបោះឆ្នោត​។​

គ​.​ជ​.​ប បាន​បន្តថា អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដែលមាន​បំណង​រៀបចំ​កម្មវិធី សំណួរចម្លើយ ឬ​ពិភាក្សា អំពី​គោលនយោបាយ​គណបក្ស ន​យោ បាយ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ដែលមាន​បំណង​លក់ ឬ​ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស នយោបាយ​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត អាច​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​សម្រប សម្រួល គ​.​ជ​.​ប មុននឹង​ចាប់ផ្តើម​ដំណើរការ ៕