ស្លាប់​៣​នាក់ របួស​១៧​នាក់ ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្តក្រុង​នៅ​ស្រុក​ជីក្រែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 April, 2018

​សៀមរាប ៖ យ៉ាងហោចណាស់​មនុស្ស​ប្រុស​៣​នាក់ ក្នុងនោះ​ម្នាក់​ជា​អ្នកបើកបរ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​១៧​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​នៅក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្តក្រុង​ក្រុមហ៊ុន​ស៊ុន​អូ​ខុង​ដឹក​អ្នកដំណើរ​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី​១១ ខែមេសា នេះ នៅ​ចំណុច​ផ្លូវ​កោង​ស្ពាន​ថ្នល់​ដាច់ តាមផ្លូវ​ជាតិ​លេខ​6​ក្នុងភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​អធិការនគរបាល​ស្រុក​ជីក្រែង លោក​សុខ សុទ្ធា​វុ​ធ បាន​ឲ្យ​ដឹងថា​
​រថយន្តក្រុង​ដែល​ក្រឡាប់​នោះ​ជា​របស់​ក្រុមហ៊ុន​ស៊ុន​អ៊ូ​ខុង​ដឹក​អ្នកដំណើរ ។ លោក​បន្តថា រថយន្ត​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D5280 ធ្វើដំណើរ​ពី​ភ្នំពេញ មក​ខេត្តសៀមរាប​។ លុះ​មកដល់​កន្លែងកើតហេតុ​ដែលជា​ចំណុច​ផ្លូវ​កោង ហើយ​អ្នកបើកបរ​ទំនង​ងងុយដេក ក៏​ជ្រុល​ធ្លាក់​ផ្លូវ ក្រឡាប់​តែម្តង​។​

​លោក​អធិការ​ស្រុក​ជីក្រែង​បន្តថា រហូតដល់​ម៉ោង​៖ 00​នាទី​ព្រឹក​ដដែល​នេះ កម្លាំង​សមត្ថកិច្ច​កំពុងតែ​ខិតខំ​ស្ទូច​យក​រថយន្ត​នោះ​ចេញ​ដើម្បី​ស្វែងរក​ក្រែង​មាន​ជនរងគ្រោះ​ផ្សេងទៀត​នៅជាប់​ក្នុង​រថយន្ត​៕