ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ សម្រុក​វិល​មក​ស្រុកកំណើត​ឱកាស​បុណ្យចូលឆ្នាំថ្មី​ច្រើនជាង​រាល់​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 April, 2018 ក+ ក-

ប៉ោយប៉ែត ៖ ពលករ​ខ្មែរ​ជាច្រើន​កំពុងតែ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​របស់ខ្លួន​វិញ​តាម​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត​ដើម្បី​ទៅ​ជួបជុំ​បងប្អូន​នៅ​រដូវ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ខាងមុខនេះ​។ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៨​នេះ គេ​សង្កេតឃើញថា ចាប់ពី​គល់ស្ពាន​មិត្ត​កម្ពុជា ថៃ ឃើញ​មាន​ពលករ​ខ្មែរ​ជាច្រើន​នៅ​ទឹកដី​ថៃ ឈរ​ជា​ជួរ​ដើម្បី បំពេញបែបបទ​ឆ្លង​ចូល​ប្រទេស​កម្ពុជា​វិញ​មាន​ចំនួន​ច្រើនជាង​បណ្ដា​ឆ្នាំមុនៗ​ក្នុង​មួយថ្ងៃ​មិន​ក្រោម​១.០០០​នាក់​ទេ ស្របពេល​សេចក្តីប្រកាស​រួម​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ​ដែល​បាន​ឯកភាពគ្នា​មិនឱ្យ​មានការ​យកប្រាក់​ពី​ពលករ​ខ្មែរ និង​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល​ឱ្យដល់​ពលករ​ខ្មែរ​បាន​ចាកចេញ​មកលេង​ស្រុកកំណើត​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ឱ្យ​បានល្អ​ផងដែរ​។​ចាប់តាំងពី​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ មកនេះ មានការ​កកស្ទះ​ជាខ្លាំង ដោយសារតែរ​រថយន្ត​តាក់ស៊ី រទេះ​លក់​ផ្លែឈើ រទេះដឹក​ឥ​វ៉ាន់​ពលករ និង​រថយន្ត​ដែល​នៅតាម​បណ្ដា​ខេត្ត​មក​ចត​តាម​ចិញ្ចើមផ្លូវ​ដើម្បី​រងចាំ​ដឹក​សាច់​ញ្ញាត​ផងដែរ ទើប​មាន​ករ​កកស្ទះ ទោះ​មានការ​រៀបចំ​ពី​សំណាក់​អាជ្ញាធរ​ក្រុង និង​កម្លាំង​សមត្ថកិច្ច​ក៏ដោយ ។​

ម្យ៉ាងទៀត​បើ​ទោះ​មាន​សេចក្ដីប្រកាស់​រួមគ្នា​រវាង រាជរដ្ឋាភិបាល​កម្ពុជា​និង​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​ឯកភាពគ្នា​មិនឱ្យ​មានការ​យកប្រាក់​ពី​ពលករ​ខ្មែរ និង​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល​ឱ្យដល់​ពលករ​យ៉ាងណាក៏ដោយ​មាន​ពលករ​មួយចំនួន​តូច​នៅតែ​ចាញ់បោក​មេខ្យល់​អូរ​ទាញ​នាំ​ចូលមក​កម្ពុជា​វិញ​តាម​ច្រករបៀង​ដើម​១០០ ឋិត​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោ​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចំងាយ​ពី​ច្រក​តំបន់​បឹង​ត្រកួន​ប្រហែល​១០០​ម៉ែត្រ​ជា​ថ្នូរ​នឹង​ការយក​លុយ​ដដែល​។​

ដោយឡែក​កម្មករ​អូរ​ទេះ​ម្នាក់​នៅ​ច្រកទ្វារ​ប៉ោយប៉ែត​ឈ្មោះ យឿន សូ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹងថា ចូលឆ្នាំៗ​នេះ​មាន​ពលករ​ខ្មែរ វិល​ត្រឡប់មក​ស្រុក​យ៉ាងច្រើន​ធ្វើ​ឲ្យ​កម្មករ​អូស​រទេះ ស៊ីឈ្នួល​ដឹក​សម្ភារៈ​ផ្សេងៗ រកចំណូលបាន​ក្នុង​មួយថ្ងៃ រហូត​ជាង​១០០០​បាត ជឿថា​មុននឹង​ចប់​ចូលឆ្នាំ ក្រុមកម្មករ​អូស​រទេះ អាច​រកចំណូលបាន​ច្រើន​បង្គួរ​។​

កម្មករ​អូរ​រទេះ​បាន​លើកឡើងថា ពួកគាត់​បាន​រកប្រាក់​ចំណូល​បាន​ច្រើន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ព្រោះថា កា​រកចំណូលបាន​នេះ​ដោយសារតែ​ពួកគាត់​ដឹក​ឥ​វ៉ាន​របស់​ពលករ​ខ្មែរ​យើង​ដែល​វិល​ពី​ប្រទេស​ថៃ មក​តាម​ច្រកទ្វារ​អន្តជាតិ​ឆ្នាំនេះ មានការ​កើនឡើង​ជាង​រាល់​ឆ្នាំ​។​

ជុំវិញ​ការ​ពលករ​ខ្មែរ​ដែល​វិល​ត្រលប់​ពី​ប្រទេសជិតខាង​ក្នុង​រដូវ​ស​ង្ក្រា​ន​ចូលឆ្នាំ​ខាងមុខនេះ​លោក ស៊ឹម សំអាត ប្រធាន​ស្នាក់ការ​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត មិនអាច​សុំ​ការអធិប្បាយ​បានទេ ទូរ​សព្ទ័​របស់លោក​ចុច​ចូល​គ្មាន​អ្នកទទួល​៕