សៀមរាប៖ក្រុមអ្នកតាមរកបេតិកភណ្ឌ និងរចនាសម្ព័ន្ធបុរាណអះអាងថា បច្ចុប្បន្នគេមិនចាំបាច់ចំណាយពេលវេលាស្រាវជ្រាវរាប់ឆ្នាំ ដើម្បីតាមរកទីតាំងបូរាណនានា ដែលកប់បាត់នៅក្រោមដី ឬក៏ក្នុងព្រៃទៀតទេ គឺគ្រាន់តែប្រើឧបករណ៍ថតរូបពីលើអាកាសម្យ៉ាងឈ្មោះ ឡាយដា (LiDAR) ដែលមានលក្ខណៈពិសេសអាចញែកព្រៃបាន ក៏អាចរកឃើញទីតាំងបូរាណជាច្រើនយ៉ាងឆាប់រហ័ស។ ឧបករណ៍ថតដែលមានបច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេយកមកសាកល្បងប្រើប្រាស់នៅតាមកន្លែងបូរាណមួយចំនួននៃ ប្រទេសកម្ពុជា តាំងតែពី ៣ឆ្នាំមុន។
អាជ្ញាធរអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសាលាបារាំងចុងបូព៌ា បានធ្វើបទបង្ហាញស្ដីពីការសិក្សាស្រាវជ្រាវថ្មីនៅក្នុងប្រទេស កម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៃឧបករណ៍ថតរូប ឡាយដា ហើយបានរកឃើញទីបុរាណ និងរចនាសម្ព័ន្ធដែលគេពុំធ្លាប់ដឹងជាច្រើននោះ។
បទបង្ហាញអំពីការស្រាវជ្រាវទំនើបដែលរកឃើញបុរាណឋានកប់នៅ ក្រោមដី និងក្នុងព្រៃជាច្រើនកន្លែងនោះ គឺបន្ទាប់ពីគេបានសាកល្បងប្រើប្រាស់ឧបករណ៍ថតរូប ដែលមានបច្ចេកវិទ្យាទំនើបពីលើអាកាស ឡាយដា ហើយឧបករណ៍នោះអាចញែកព្រៃចេញនឹងបង្ហាញឱ្យឃើញទីបូរាណមួយចំនួន ដែលកប់បាត់ទៀតផង។
នាយកសាលាបារាំងចុងបូព៌ាប្រចាំខេត្តសៀមរាប គឺលោក ដូមីនិក ស៊ូទីហ្វ
(Dominique Sou tif)។ លោកមានប្រសាសន៍បន្ទាប់ពីបញ្ចប់ការថ្លែងបើកបទបង្ហាញស្ដីពីការ សិក្សាស្រាវជ្រាវថ្មីនៅក្នុងប្រទេសកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៃឧបករណ៍ថតរូបឡាយដា កាលពីព្រឹកថ្ងៃច័ន្ទ ទី៦ ខែមេសា ថា ឧបករណ៍ថតរូបលើអាកាសឡាយដានេះ គឺជាបច្ចេកវិទ្យាដ៏ថ្មីបំផុតដែលអាចផ្ដល់ព័ត៌មានដ៏ច្រើនសម្រាប់ ការស្រាវជ្រាវរកទីបុរាណដទៃទៀតនៅជុំវិញប្រាសាទបុរាណនានា ជាពិសេសគឺវាផ្ដល់សារសំខាន់បំផុតចំពោះការសិក្សាទៅលើតំបន់អង្គរ។
លោក ដូមីនិក ស៊ូទីហ្វ៖ «យើងកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងនៅ តាមតំបន់ជាច្រើនស្ទើរតែពាសពេញប្រទេសកម្ពុជា បន្ទាប់ពីយើងបានចងក្រងឯកសារដែលទាក់ទងនឹងរចនាសម្ព័ន្ធសំណង់បុរាណ ជាច្រើន ដែលកប់បាត់នៅក្រោមដី ហើយមិនអាចមើលឃើញ។ ក៏ប៉ុន្តែតាមរយៈឧបករណ៍ថតរូបតាមបច្ចេកវិទ្យាទំនើបឡាយដា ដែលថតពីលើអាកាសហើយអាចញែកព្រៃចេញផងនោះ គឺអាចឱ្យយើងរកឃើញកន្លែងបុរាណជាច្រើន»។
អគ្គនាយករងអាជ្ញាធរអប្សរាទទួលបន្ទុកគ្រប់គ្រងគម្រោង ឡាយដា លោក ត័ន ប៊ុនស៊ុយ មានប្រសាសន៍ថា ជាច្រើនជំនាន់មកហើយការស្រាវជ្រាវរកកន្លែងបុរាណណាមួយ គឺក្រុមអ្នកជំនាញត្រូវប្រើពេលរាប់សិបឆ្នាំ ក៏ប៉ុន្តែនៅពេលដែលមានឧបករណ៍ថតរូប ឡាយដា នេះ គឺធ្វើឱ្យមានការងាយស្រួលក្នុងការស្រាវជ្រាវរកបេតិកភណ្ឌ និងទីបុរាណ បានយ៉ាងឆាប់រហ័សជាងមុន៖ «នៅអង្គរធំមាន សាស្ត្រាចារ្យបារាំង១ ធ្វើការ១០ឆ្នាំសិក្សាអំពីរចនាសម្ព័ន្ធនៃទីក្រុងអង្គរធំ ក៏ប៉ុន្តែ ឡាយដា ប្រើពេលតែ ១ថ្ងៃមើលឃើញទាំងអស់ គឺខុសគ្នាសម្បើម»។
ចាប់ពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១៥ សហគមន៍អឺរ៉ុបបានយកឧបករណ៍ថតរូបលើអាកាស ឡាយដានេះ មកសាកល្បងស្រាវជ្រាវនៅតាមកន្លែងបុរាណឋានជាច្រើនក្នុងប្រទេស កម្ពុជា ដោយគម្រោងនេះ ចំណាយអស់ទឹកប្រាក់ប្រមាណ ៧,៥សែនដុល្លារអាមេរិក។
ដោយសារគម្រោងសាកល្បងស្រាវជ្រាវរកបេតិកភណ្ឌ និងរចនាសម្ព័ន្ធបុរាណរយៈពេល ៣ឆ្នាំនៅកម្ពុជា បានទទួលលទ្ធល្អ សហគមន៍អឺរ៉ុបក៏បានបន្តគម្រោងស្រាវជ្រាវតាមបច្ចេកវិទ្យាថ្មីនេះ ចាប់ពីឆ្នាំ២០១៥ ទៅដល់ឆ្នាំ២០២០ ថែមទៀត ដោយត្រូវចំណាយទឹកប្រាក់ប្រមាណជា ៣,៥លានអឺរ៉ូ៕RFA
លោក ដូមីនិក ស៊ូទីហ្វ (Dominique Sou tif) នាយកសាលាបារាំងចុងបូព៌ាប្រចាំខេត្តសៀមរាប ឡើងថ្លែងនៅក្នុងពិធីធ្វើបទបង្ហាញស្ដីពីការសិក្សាស្រាវជ្រាវថ្មី តាមរកបេតិកភណ្ឌនៅកម្ពុជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប នាទីចាត់ការអាជ្ញាធរអប្សរា ខេត្តសៀមរាប នៅថ្ងៃទី៦ មេសា ឆ្នាំ២០១៥។