គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម ថៃ ប៊ុន​រ៉ុង ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន ចំណាយ​ប្រមាណ​៦​ពាន់​លាន​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2018 ក+ ក-

​ភ្នំពេញ ៖ គម្រោង​សាងសង់​អាគារ​ភ្លោះ ថៃ​ប៊ុន​រ៉ុង កំពស់​ជាង​៥៦០​ម៉ែត្រ ដែលជា​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន ត្រូវបាន​បង្កើន​ទំហំ វិនិយោគ​ឡើងដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បីអោយ​គម្រោង​នេះ​អាច​ទាក់ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ​ចូលមក​ប្រទេស​កម្ពុជា​។​

​គម្រោង​សាងសង់​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ ប៊ុន​រ៉ុង កំពស់​១៣៣​ជាន់ រឺ​ស្មើនឹង​កម្ពស់​៥៦០​ម៉ែត្រ ត្រូវបាន បង្ហាញ​កាលពីពេល​កន្លងមក​ថា​នឹង​សាងសង់​លើ​ផ្ទៃដី​ជិត​៦​ហិកតា ស្ថិតនៅ​តំបន់​ឌ្រី​ម​លែ​ន​ដ៏ ក្នុង​សង្កាត់​ចតុមុខ ខ័​ណ្ឌ​ដូនពេញ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ មិនទាន់​ប្រកាស​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​នៅឡើយ ដោយ ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង និង ក្រុមហ៊ុន​ដៃគូ បាន​បើក​ដំណើរ​ការជីក​ជញ្ជាំង​ទប់​ដី​នៅ​ជុំវិញ​ការដ្ឋាន​សាងសង់​អាគារ​នេះ​ជាមុនសិន​។ បើទោះបី​គម្រោង​សាងសង់​អាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ​ប៊ុន​រ៉ុង មិនទាន់​កំណត់​ការចាប់ផ្តើម​សាងសង់ ច្បាស់លាស់​ក្តី ប៉ុន្តែ​គម្រោង​ដ៏​ធំ ដែល​ធ្លាប់​បង្ហាញថា នឹង​ចំណាយ ទុនវិនិយោគ​ចំនួន​៥​ពាន់​លាន់​ដុល្លារ​នេះ ត្រូវបាន​បង្ហាញថា​ចុងក្រោយ​ថ្មីៗ​នេះ​ថា​នឹង បង្កើន​ទុនវិនិយោគ ឡើងដល់​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ របស់ គេហទំព័រ Property Area Asia.com ។

​បើតាម​ការបញ្ជា​ក់រប​ស់​អ្នកគ្រប់គ្រង​និង​ជា​ស្ថាបត្យករ​ដែល​ចូលរួម​គូ​ប្លង់​ក្នុង​គំរោង​ដ៏​ធំ​មួយ​នេះ លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន បានអោយដឹងថា ការចំណាយ​សម្រាប់​ការសាងសង់​អាគារ​ទាំង​មូល មាន​ទឹកប្រាក់​ប្រមាណ​៣​ពាន់​លាន​ដុល្លារ និង​៣​ពាន់​លាន​ដុល្លារ​ទៀត​គឺ​សំរាប់​ការរៀបចំ​ធ្វើយ៉ាងណា​ឲ្យ​អាគារ​នេះ​ដំណើរការ​ដោយ​ជោគជ័យ​។​ការបង្កើន​ទុនវិនិយោគ​ក្នុង​គម្រោង​នេះ គឺ​ដោយសារ មានការ​រៀបចំ​ឌី​សាញ​ឡើងវិញ និង​ការសិក្សា​យ៉ាង​ម៉ត់ចត់ ដើម្បី​ធ្វើអោយ អាគារ​នេះ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន​។

​គួរ​បញ្ជាក់ថា អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​នេះ មិន​ត្រឹមតែ​មានតែ​អាគារ​ភ្លោះ​កំពស់​ជាង​៥៦០​ម៉ែត្រ​ប៉ុណ្ណោះ​ទេ គំរោង​នេះ​ក៏មាន​អាគារ​រណប​ចំនួន​៤​ទៀត​កំពស់​៤៥​ជាន់ ស្ថិតនៅ​ជុំវិញ​អាគារ​ភ្លោះ​នេះដែរ​។ គម្រោង​អាគារ​ពាណិជ្ជកម្ម​ខ្ពស់ជាង​នៅ​តំបន់​អាស៊ាន​ដែល​ស្ថិតក្នុង​ប្រទេស​កម្ពុជា​នេះ នឹង ផ្តល់​សេវាកម្ម​ចម្រុះ​លំដាប់​អន្តរជាតិ មានដូចជា ផ្សារ​ទំនើប អាគារ​ការិយាល័យ អា​ផាត​ម៉ិ​ន​កម្រិត​ផ្កាយ​៥ អូ​តែ​ល​កម្រិត​ផ្កាយ​៦ ខុន​ដូ​ប្រណីត សេវាកម្ម​ហាត់ប្រាណ ស្ទី​ម ម៉ាស្សា ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ កន្លែង​គយគន់​ទិដ្ឋភាព​ក្រុងភ្នំពេញ​ជាដើម​។

​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច មើលឃើញថា នៅពេល​គម្រោង​អាគារ​នេះ​សាងសង់​រួចរាល់​ហើយ វា​នឹង​ផ្លាស់ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ នឹង​មក​បោះទីតាំង​នៅលើ​អាគារ​នេះ ព្រោះ​បច្ចុប្បន្ន​មិនទាន់មាន​ក្រុមហ៊ុន​អន្តរជាតិ ច្រើន​ចូលមក​ដាក់​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​នៅឡើយ​ទេ ដោយសារ​បច្ចុប្បន្ន​រាជធានី​ភ្នំពេញ មិនទាន់មាន​ការិយាល័យ​លំដាប់​អន្តរជាតិ​នៅឡើយ​។

​តាម​ការសិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញថា បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ប្រមាណ​៩០​ក្រុមហ៊ុន បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា ក្នុងចំណោម​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​ទាំង​៥០០​នៅក្នុង​ពិភពលោក​៕